បាល់ទាត់

លីគកំពូលជប៉ុនត្រឡប់មកវិញសប្តាហ៍មុន មានកីឡាករបំបែកកំណត់ត្រាមួយជាប្រវត្តិសាស្ត្រ

លីគកំពូលជប៉ុន (J1 League) រដូវកាល២០២០ បានវិលត្រឡប់មកវិញបន្ទាប់ពីសម្រាក់មួយរយៈពេលយូរមកហើយ ដោយសារជំងឺ COVID-19 ។ ទន្ទឹមនឹងការវិលត្រឡប់មកវិញនេះ ក៏មានកីឡាករបំបែកកំណត់ត្រាក្លាយខ្លួនជាកីឡាករបង្ហាញខ្លួនច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលល្បីប្រចាំតំបន់អាស៊ីមួយនេះផងដែរ។

អបអរសាទរ! កីឡាករ Yasuhito Endo ដែលមានវ័យ ៤០ ឆ្នាំ និងជាកីឡាកររបស់ក្លិប Gamba Osaka បានចារ្យឈ្មោះជាប្រវត្តិសាស្ត្រកីឡាករបង្ហាញខ្លួនក្នុងលីគកំពូលជប៉ុនច្រើនជាងគេបំផុតពោលគឺគិតទាំងការប្រកួតចុងក្រោយសរុប ៦៣២ លើក។

កំណត់ត្រាថ្មីនេះបានលុបពីលើកំណត់ត្រាចាស់របស់អតីតកីឡាករលេងក្នុងតំណែងអ្នកចាំទី Seigo Narazaki ដែលបានបង្ហាញខ្លួននៅលីគកំពូលជប៉ុនសរុប ៦៣១ លើក និងបានចូលនិវត្តន៍តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។

ក្រឡេកមកមើលកីឡាករ Yasuhito Endo ផ្ទាល់តែម្តង ដែលម្ចាស់កំណត់ត្រាថ្មីនេះ គឺលេងក្នុងតំណែងខ្សែបម្រើ។ កីឡាកររូបនេះបានរួមរស់ជាមួយក្លិប Gamba Osaka តាំងពីឆ្នាំ២០០១ រហូតមកទល់ពេលនេះ ដោយបង្ហាញខ្លួនក្នុងលីគសរុប ៥៩៤ លើក ប៉ុន្តែនាពេលកន្លងមកធ្លាប់លេងនៅក្លិប Kyoto Sanga FC (បច្ចុប្បន្នលីគលំដាប់ទី២ ជប៉ុន) បាន ៥៣ លើក និង Yokohama Flugels បាន ១៦ លើកផងដែរ។

កីឡាករកម្ពស់ ១.៧០ ម៉ែត្ររូបនេះក៏ធ្លាប់ជាអតីតសមាជិកជម្រើសជាតិជប៉ុន និងធ្លាប់រួមចំណែកលើកពានប្រចាំទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០០៤ និងឆ្នាំ២០១១ ព្រមទាំងការឈ្នះពានរង្វាន់ជាច្រើនទៀតជាមួយក្លិបក្នុងប្រទេសជប៉ុន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628