បាល់ទាត់

Ceres Negros កំពុងស្វែងរកម្ចាស់ថ្មី ខណៈម្ចាស់ក្លិបចាស់ប្រកាសដកខ្លួនចេញព្រោះក្ស័យធន

ក្លិបម្ចាស់ជើងឯកលីគកំពូលហ្វីលីពីន ៣ សម័យកាលចុងក្រោយជាប់គ្នា Ceres Negros FC បានប្រកាសជាផ្លូវការអំពីដំណឹងដ៏សោកសៅមួយ ដោយពាក់ព័ន្ធនឹងការដកខ្លួនចេញដោយប្រធានក្លិប ព្រោះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

យោងតាមសេចក្តីប្រកាសជាផ្លូវការពីម្សិលមិញនេះ ម្ចាស់ក្លិប Ceres Negros FC លោក Leo Rey Yanson បានឈានជើងចាកចេញពីតំណែង និងបញ្ឈប់សកម្មភាពពាក់ព័ន្ធជាមួយក្លិបតទៅទៀតចាប់ពីពេលនេះតទៅ ព្រោះមូលហេតុធ្លាក់ខ្លួនក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនអាចទ្រទ្រងក្លិបតទៅមុខទៀត។ គួរឲ្យដឹងថារូបលោកគឺជាស្ថាបនិកក្លិបមួយនេះ ពោលចាប់តាំងពីបង្កើតឡើងរយៈពេល ៨ ឆ្នាំមកហើយទៀតពេលនេះ។

ចាប់តាំងពីបង្កើតនៅឆ្នាំ២០១២ រហូតមកដល់រដូវកាល២០២០ ក្លិបមានមូលដ្ឋាននៅលើកោះភាគខាងត្បូងប្រទេសហ្វីលីពីនខាងលើ បានកសាងកេរ្តិ៍ឈ្មោះមិនត្រឹមកម្រិតជាតិដោយឈ្នះពានជាច្រើនដូចជាលីគកំពូល ៣ សម័យកាល ពានខាប់ ២ សម័យកាល ពានលីគខាប់ ១ សម័យកាល ពានបើករដូវកាល និងពានរង្វាន់មួយចំនួនទៀត។ បន្ថែមពីនេះ Ceres Negros ក៏មានមុខមាត់ក្នុងឆាកអន្តរជាតិគួរឲ្យកត់សម្គាល់តាមរយៈការបង្ហាញខ្លួនក្របខណ្ឌ AFC Cup ប៉ុន្មានឆ្នាំជាប់គ្នានេះផង។

យ៉ាងណាក្តី! ជាសំណាងល្អមួយ ដែលបច្ចុប្បន្នក្លិបអាចនៅដំណើរការបានជាបណ្តោះអាសន្នដោយកំពុងមានការចរចារទាក់ទងនឹងបណ្តាអ្នកមាន និងក្រុមហ៊ុនមួយចំនួនដោយអាចនឹងដាក់ទុនវិនិយោគជាម្ចាស់ក្លិបថ្មីក្នុងពេលឆាប់ៗ ខាងមុខ។ ប៉ុន្តែតាមការបង្ហើបពីអ្នកចាត់ការទូទៅ ក្លិបនេះអាចនឹងផ្លាស់ប្តូរឈ្មោះនាពេលខាងមុខអាស្រ័យទៅនឹងការចរចារជាមួយម្ចាស់ក្លិបថ្មី៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628