ប្រដាល់

ថ្នាលគុនខ្មែរអរុណរះ ៤ឆ្នាំគ្មានសកម្មភាព ខណៈអង្គការចំណាយជិត១០ម៉ឺនដុល្លារ

«មជ្ឈមណ្ឌល​ហ្វឹក​ហ្វឹន​កីឡា​ប្រដាល់​មនុស្ស​ជំនាន់​ថ្មី​នេះ នឹង​ជួយ​ដល់កុមារ​ដែល​ចង់​ចាប់​យក​អាជីពកីឡា​ប្រដាល់​ ព្រោះ​ជា​សាលា​បណ្តុះ​បណ្តាល​ថ្នាក់​ថ្នាល​ដូច​បាល់​ទាត់​អ៊ីចឹង​។​ ទីនោះ​នឹងមាន​គ្រូបង្វឹក​ល្អៗ អ្នក​អប់រំ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​កុមារ​ឲ្យ​ក្លាយជា​អ្នក​ប្រដាល់​អាជីព​។ ចំ​ពោះ​ថវិកា​សាង​សង់ និង​បំពាក់​សម្ភារ អាចចំណាយ​ខ្ទង់ ៨ ម៉ឺន​ដុល្លារ​ទើប​មាន​កម្រិត​ស្ដង់ដារ» នេះជាប្រសាសន៍ដើមទាំងស្រុងរបស់ឯកឧត្តម ​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ (បច្ចុប្បន្ន សហព័ន្ធប្រដាល់គុនខ្មែរ) ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលហ្វឹកហាត់កីឡាគុនខ្មែរ ដែលជាបន្ទុកចំណាយទាំងស្រុងរបស់អង្គការអរុណរះ ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៦ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

យ៉ាងណាក្តី តាំងពីនោះមក គឺពុំមានសកម្មភាពផ្សព្វផ្សាយបន្តពីការងារឬសមិទ្ធិផលនៃភាពជាដៃគូខាងលើនោះឡើយ។ បច្ចុប្បន្នគេនៅតែឃើញក្រុមថ្នាលគុនខ្មែរ មានតែការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោមួយប៉ុណ្ណោះ។ ចំណុចនេះ មានធ្វើឲ្យមជ្ឍដ្ឋានអ្នកគាំទ្រចង់ដឹងខ្លាំង ត្បិតនេះជាផែនការធំមួយសម្រាប់អភិវឌ្ឍធនធានជំនាន់ក្រោយសម្រាប់ត្រៀមស៊ីហ្គេម២០២០៣។

លោក មិល កាដូ អគ្គនាយក​រង​កីឡា និង​ជា​អគ្គ​លេខា​ធិការ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា( បច្ចុប្បន្ន សហព័ន្ធប្រដាល់គុនខ្មែរ) ធ្លាប់បានបញ្ជាក់ប្រាប់សារពត៌មានក្នុងស្រុកមួយថា៖ «គម្រោង​នៃ​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​សហ​ព័ន្ធ​ និង​អង្គការ​អរុណរះនេះ មាន​រយៈ​ពេល ១៥ ឆ្នាំ ហើយ​បើ​មាន​សកម្ម​ភាព​រីក​ចម្រើន​ល្អ​ យើង​នឹង​បន្ដ​សហ​ការ​ទៀត​»​។

គម្រោងខាងលើ ក៏មានការកើតសរសើរពីឯកឧត្តម ស៊ាន ​បូរ៉ាត់ ចំ​ពោះ​ការ​ប្រឹង​ប្រែង​ស្វែងរក​ដៃ​គូ និង​ថវិកាសម្រាប់​គម្រោង​​ដ៏​ល្អ​នេះ​ដោយ​មិន​ប្រើ​ប្រាស់​ថវិកា​រដ្ឋាភិបាល​។

សូមបញ្ជាក់ថា សាលកីឡាដូចដែលមានរៀបរាប់មកនេះ អង្គការអរុណរះទទួលបន្ទុកទីតាំង និងថ្លៃសាងសង់អាគារជាង៨ម៉ឺនដុល្លារ ខណៈសហព័ន្ធគុនខ្មែរសន្យាជួយសម្ភារៈបច្ចេកទេស និងគ្រូបង្វឹក។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628