បាល់ទាត់

អឺរ៉ង់ ណាត់មិត្តភាពទល់ អូប៊េគីស្ថាន មុនជួប ហុងកុង និងកម្ពុជា ជើងទី២ វគ្គជម្រុះវើលខាប់

សមាគមបាល់ទាត់អូប៊េគីស្ថាន និងសហព័ន្ធបាល់ទាត់អឺរ៉ង់ បានឯកភាពគ្នាប្រកាសជាផ្លូវការក្នុងការរៀបចំប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិឈុតធំរបស់ពួកគេទាំងទ្វេ ដែលជាការត្រៀមខ្លួនមុនវគ្គជម្រុះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 វិលត្រឡប់មកវិញសាជាថ្មី។

យោងតាមសេចក្តីប្រកាសពីស្ថាប័នទាំងពីរខាងលើ ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិទាំងទ្វេ នឹងរៀបចំឡើងនៅកីឡដ្ឋាន Bunyodkor ក្នុងប្រទេសអូប៊េគីស្ថាន ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ ការប្រកួតមិត្តភាពនេះក្នុងគោលបំណងសាកល្បងទម្រង់លេងកីឡាកររៀងៗ ខ្លួនដើម្បីត្រៀមខ្លួនប្រកួតបន្តក្នុងវគ្គជម្រុះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ តាមពូលជុំទី២ ទ្វីបអាស៊ី។

ចំពោះជម្រើសជាតិអឺរ៉ង់ គឺជាការត្រៀមខ្លួនមុនវិលត្រឡប់មកបើកកីឡដ្ឋានខ្លួនស្វាគមន៍ ជម្រើសជាតិកោះហុងកុង នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ដោយធ្លាប់ឈ្នះជើងទី១ ក្នុងលទ្ធផល ២ទល់០ មុនបន្តដំណើរមកជួបកម្ពុជា នាថ្ងៃទី១៣​ ខែឆ្នាំដដែល ខណៈជើងទី១ ធ្លាប់ឈ្នះដល់ទៅ ១៤ទល់០ ។

រីឯជម្រើសជាតិអូបេ៊គីស្ថាន ក្នុងជំនួបមិត្តភាពខាងលើនេះជាជំនួបមិត្តទី២ ខណៈនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ (មុនការប្រកួតខាងលើ ៣ ថ្ងៃ) ក៏រៀបចំប្រកួតមិត្តភាពទល់នឹងជម្រើសជាតិក្នុងតំបន់ជាមួយគ្នា តាជីគីស្ថាន រួមផង។ ខណៈកាលវិភាគនៃការប្រកួតផ្លូវការក្នុងខែតុលា អូប៊េគីស្ថាន មានតែមួយប្រកួតតទល់នឹង យេម៉ែន នៅថ្ងៃទី១៣ ដោយជើងទី១ ធ្លាប់ឈ្នះដល់ទៅ ៥ទល់០ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628