បាល់ទាត់

ផ្លូវការៈ RB Leipzig នាំយកខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង មកស្នងតំណែង Timo Werner

បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Timo Werner ទៅកាន់ក្លិបតោខៀវ Chelsea ពេលនេះក្លិប RB Leipzig បានប្រកាសជាផ្លូវការនាំយកខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Hwang Hee-Chan មកជំនួសតំណែងតំបន់ជួរមុខរបស់ក្លិបសម្រាប់ការប្រកួតប្រជែងនារដូវកាលបន្ទាប់។

 

កីឡាករសញ្ជាតិកូរ៉េខាងត្បូងវ័យ ២៤ ឆ្នាំខាងលើ នឹងពាក់អាវលេខ ១១ ដែលជាលេខចាស់របស់ Timo Werner តែម្តងពេលចូលរួមជាមួយ RB Leipzig នារដូវកាលក្រោយ ២០២០/២០២១ ។

កីឡាករ Hwang Hee-Chan ជាកីឡាករទី១៧ បើគិតមកទល់ពេលនេះ ដែលកើតឡើងការផ្ទេររវាងក្លិបទាំងពីរពោលគឺ RB Leipzig និងក្លិប Reb Bull Salzburg (សមាជិកក្របខណ្ឌលីគកំពូលអូទ្រីស) ខណៈក្លិបទាំងទ្វេ ត្រូវចាត់ទុកជាក្លិបបងប្អូនបង្កើត ព្រោះមានម្ចាស់តែមួយ។

 

ក្រឡេកមើលប្រវត្តិសង្ខេបរបស់តារាឆ្នើមនៃក្រុមជម្រើសជាតិតំបន់អាស៊ីខាងលើ ជាអតីតយុវជននៃក្លិប Pohang Steelers របស់លីគកំពូលកូរ៉េខាងត្បូង ប៉ុន្តែបានផ្ទេរមកចូលរួមនឹងក្លិប Red Bull Salzburg តាំងពីឆ្នាំ២០១៥ និងតម្លើងមកឈុតធំ ប៉ុន្តែក៏បញ្ចូនដាក់ឲ្យខ្ចីជើងទៅកាន់ក្លិបលីគទី២ អូទ្រីស និងក្លិបលីគទី២ អាល្លឺម៉ង់ សរុប ៣ រដូវកាលផងដែរ។

ក្នុងរដូវកាលចុងក្រោយ Hwang Hee-Chan បានបង្ហាញខ្លួនលើទីលានសរុប ៤០ ប្រកួត និងរកបាន ១៦ គ្រាប់ផងដែរ។ រូបគេក៏រួមចំណែកឲ្យ Red Bull Salzburg ឈ្នះពានលីគកំពូលអូទ្រីស ៤ រដូវកាលចុងក្រោយជាប់គ្នា។

តំណាងប្រទេសវិញ កីឡាករកម្ពស់ ១.៧៧ ម៉ែត្រខាងលើធ្លាប់លេងឲ្យជម្រើសជាតិកូរ៉េខាងត្បូងពីឈុតតូច ដល់ឈុតធំ និងជាពិសេសធ្លាប់ជួយឈុត U23 ឈ្នះពាន Asian Games ឆ្នាំ២០១៨ ថ្មីៗ កន្លងទៅថែមទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628