បាល់ទាត់

ហុង ផេង ប្តេជ្ញាធ្វើរឿង​មួយ​ឲ្យ​បាន​សម្រេច​ក្រោយមានឱកាសបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុម

“ ខ្ញុំពិតជាសប្បាយចិត្តចំពោះការវិលចូលទីលានវិញ និងរីករាយជាមួយនឹងតំណែងជាប្រធានក្រុម ដែលលោកគ្រូ គីម ភក្តី ផ្តល់ជូន ហើយលទ្ធផលឈ្នះសូលទីឡូ ៣-០នេះ គឺមានរឿងល្អច្រើនដែលយើងបានធ្វើ និងចំណុចខ្លះទៀតត្រូវកែលម្អ ” នេះ​គឺ​ជា​សម្ដី​របស់​ខ្សែ​ការពា​ហុង ផេង​ក្នុង​នាម​ជា​ប្រធានក្រុម​របស់​ក្លិប​បឹង​កេត​។

អតីតខ្សេ​ការពារ​ភ្នំពេញ​ក្រោន​រូបនេះ​គឺ​ជា​កីឡាករ​ចាស់​វស្សាជាង​គេ​ក្នុង​ក្លិប​បាល់​ទាត់​បឹង​កេត​បច្ចុប្បន្ន​ហើយ​រូប​គេ​បាន​បង្ហាញ​សារ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​ក្រុម​សូលទីឡូអង្គរ​៣​ទល់០​នៅ​កីឡដ្ឋាន ខេមបូឌៀអ៊ែវ៉េ។ ​ក្នុង​វេបសាយ​របស់​ក្លិប កីឡាករ​វ័យ៣១​ឆ្នាំ​បាន​ថ្លែង​បន្ត​ថា៖

“ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អបន្តទៀត ព្រោះអីយើងទើបតែធ្វើការជាមួយលោកគ្រូ បាន ២-៣សប្តាហ៍ អញ្ចឹងធ្វើឱ្យយើងមានចំណុចខ្វះខាតតិចតួច ” ។

និយាយ​អំពី​ការ​ប្រកួត​ដែល​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន ផេង បន្ថែមថា៖“ពិតណាស់ វាជារឿងដ៏ក្រៀមក្រំមួយ ប៉ុន្តែនៅលើទីលានកីឡាករទាំងអស់ យល់អំពីកាលៈទេសៈ ដោយយើងខំប្រឹងអស់ពីលទ្ធភាព ព្រោះទោះពួកគាត់មិនបានមកមើលផ្ទាល់ ក៏ពួកគាត់នៅតែទស្សនាតាមទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែរ ” ។

នៅថ្ងៃអាទិត្យ ទី ១១ ខែ កក្កដា ឆ្នាំ ២០២០នេះ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតក្រៅទឹកដីទល់នឹងក្លិបគិរីវង់សុខសែនជ័យ វេលាម៉ោង ៣:៣០នាទីរសៀល ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV Cambodia ៕

ប្រភព៖ បឹងកេត

អត្ថបទ៖ សំណាង មង្គល

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628