បាល់ទាត់

FFC ពិន័យខ្សែ​ប្រយុទ្ធ​ភ្នំពេញក្រោន៤​ប្រកួត​និងចេញ​លិខិតព្រមានគ្រូ​បង្វឹកវិសាខា

គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញលិខិតផ្លូវការពិន័យខ្សែ​ប្រយុទ្ធ Paulo Victor  នៃក្លិបភ្នំពេញក្រោន ព្យួរមិនឱ្យចូលរួមប្រកួតចំនួន៤ប្រកួត ក្នុងក្របខ័ណ្ឌ Metfone Cambodian League រដូវ​កាល​២០២០​នេះ ហើយលោក Curtis Culum Reraad គ្រូ​បង្គោលក្លិប​វិសាខា ត្រូវព្រមានមិនឱ្យបញ្ចេញ ទង្វើយកដបទឹកសុទ្ធបោកនឹងក្តារខៀនរៀប​ទិកនិក​កីឡាករ នៅតំបន់បច្ចេកទេសគ្រូ​បង្វឹក បន្តាប់​ពី​គ្រូ​បង្វឹក​រូបនេះ មិនពេញចិត្តនឹងការសម្រេចរបស់អាជ្ញាកណ្តាល។

សេចក្តីសម្រេចការដាក់ពិន័យនេះបានធ្វើឡើង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំពីគណៈកម្មការវិន័យកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ដោយលិខិតទី១សម្រេចព្យួរកីឡាករភ្នំពេញក្រោន៤ប្រកួត ពីបទជេរប្រមាថមន្ត្រីដឹកនាំការប្រកួត។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! សាមីខ្លួនកីឡាករ ដែលជាប់ពិន័យនេះអាចប្តឹងទៅគណៈកម្មការឧទ្ធរណ៍ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល៥ថ្ងៃចាប់​ពី​ពេល​ចេញ​លិខិត​នេះ។

ដោយឡែក! គ្រូបង្គោលវិសាខា Curtis Culum Reraad ក៏ត្រូវបានព្រមានមិនឱ្យមាន សកម្មភាពប្រាសចាកនឹងក្រមវិន័យ ដោយត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យជា​លើក​ទី​២​។ គណៈកម្មការវិន័យ​របស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបាន​ពិនិត្យ​ឃើញ​ថា ទង្វើគ្រូ​បង្គោលរបស់ក្លិប​វិសាខាខាងលើបាន​ប្រព្រឹត្តិមិន​ត្រឹម​ត្រូវផ្ទុយស្រឡះពី​ក្រមវិន័យសហព័​ន្ធកីឡាបាល់​ទាត់​កម្ពុជា​ត្រង់ប្រការ​១៣​ ប្រការ ៤៦ និង​បទបញ្ជា​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជាឆ្នាំ​២០២០។

ជំនួប​រវាង​ភ្នំពេញ​ក្រោន​និង​វិសាខា​ក្នុង​សប្ដាហ៍​ទី​៦​ពាន​រង្វាន់ Metfone Cambodian League បញ្ចប់​ទៅ​ដោយ​លទ្ធផល​២​ទល់​២​ ខណៈខ្សែ​ប្រយុទ្ធភ្នំពេញ​ក្រោន Paulo Victor ស៊ុត​បាន​មួយ​គ្រាប់​តែ​ត្រូវ​ប្ដូរ​ចេញ​ហើយ រូប​គេ​ទទួល​បាន​កាត​ក្រហម​នៅ​ក្រៅ​ទីលាន​តែ​ម្ដង បន្ទាប់​ពីបង្ហាញកាយវិការ​និង​សម្ដីមិន​សមរម្យចំពោះអាជ្ញាកណ្ដាល៕

អត្ថបទ៖ សំណាង មង្គល

រូបភាព៖ ភ្នំពេញក្រោន វិសាខា

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628