កីឡាជាតិ

គុនល្បុក្កតោជាប្រភេទកីឡាសក្ដានុពលរបស់​កម្ពុជានៅ​ស៊ីហ្គេម​តែលំបាក​រឿងមួយចំនួនសម្រាប់​អ្នក​រៀប​ចំ

កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា​ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ និងលើកទិសដៅបន្ត ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជានេះ ប្រភេទកីឡាគុនល្បុក្កតោមានការងារច្រើនណាស់ ដែលត្រូវធ្វើបន្តទៀត ពីព្រោះគុនល្បុក្កតោគឺជាអត្តសញ្ញាណជាតិ ព្រលឹងជាតិទាំងមូល។


«ក្នុងការដាក់ប្រភេទកីឡាប្រពៃណីជាតិកម្ពុជា ក្នុងស៊ីហ្គេម ២០២៣នេះ មានការលំបាកបន្តិច ដើម្បីបញ្ចុះបញ្ជូលឲ្យប្រទេសមួយចំនួនហ្វឹកហាត់គុនល្បុក្កតោ ទើបយើងអាចរៀបចំការប្រកួតបាន។ យើងត្រូវទៅបង្រៀនគេអំពីច្បាប់ បទបញ្ជានៃការប្រកួត ដើម្បីឲ្យគេចេះពីបច្ចេកទេស ក្នុងការប្រកួតប្រជែងជាមួយយើង។ ចាប់ពីពេលនេះតទៅ យើងត្រូវត្រៀមរៀបចំបទបញ្ជាការប្រកួត ក្នុងកម្រិតអន្តរជាតិ ដោយពិនិត្យលើគោលការណ៍លើប្រភេទកីឡាប្រយុទ្ធមួយចំនួនរបស់អន្តរជាតិ ក៏ដូចជាគោលការណ៍នៃការប្រកួតស៊ីហ្គេម។»

ឯកឧត្តមអនុប្រធានបន្ថែមទៀតថា ដោយសារតែសហព័ន្ធទើបនឹងទទួលបានដំណឹងពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ស្តីអំពីការស្នើសុំការឧបត្ថម្ភលើការរៀបចំកិច្ចប្រជុំ ក្នុងកម្រិតអាស៊ីអាគ្នេយ៍ ដើម្បីរៀនសូត្រពីគ្នាផង ការប្រកួតប្រជែង និងផ្សព្វផ្សាយផងពីប្រភេទកីឡាគុនល្បុក្កតោរបស់កម្ពុជាយើងទៅកាន់ប្រទេសមួយចំនួននៅក្នុងអាស៊ីអាគ្នេយ៍ ដែលទទួលយកការហ្វឹកហាត់គុនល្បុក្កតោ ដូចជាប្រទេសវៀតណាម ហ្វីលីពីន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាជាដើម ដែលយល់ព្រមជួយដល់គុនល្បុក្កតោ ក្នុងការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។


នៅឆ្នាំ២០២២ កម្ពុជានឹងរៀបចំការប្រកួត Pre-SEA Games (មុនការប្រកួតផ្លូវការ) ដែលឲ្យតែប្រភេទកីឡាថ្មី ត្រូវរៀបចំការប្រកួត Pre-SEA Games នេះ ដែលជាគោលការណ៍របស់ស៊ីហ្គេម។ អ្វីដែលជាកង្វល់របស់យើងបច្ចុប្បន្ន គឺគុណភាពកីឡាករ កីឡាការិនីរបស់យើង ដែលយើងគឺជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន គឺយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ឆន្ទៈដ៏មុះមុត ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រួចគោលដៅក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

ប្រភព៖ CAMSOC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628