បាល់ទាត់

Norwich City ធ្លាក់ចេញពី Premier League ជាផ្លូវការ ក្រោយប្រកួតយប់មិញនេះ

ក្លិប Norwich City នឹងត្រូវបាត់ចេញពី​វត្តមានក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសនារដូវកាលបន្ទាប់ ២០២០/២០២១ ក្រោយការភ្លាត់ចាញ់ក្លិប West Ham United ក្នុងលទ្ធផល ០ទល់៤ កាលពីយប់មិញ។

ក្នុងការប្រកួតប្រចាំសប្តាហ៍ទី៣៥ នៃក្របខណ្ឌ Premier League កាលពីយប់មិញ ម្ចាស់ផ្ទះ Norwich City បានបរាជ័យក្រោមថ្វីជើងភ្ញៀវ West Ham United ដោយវគ្គទី១ ០ទល់២ និងបន្តរបូត ២ គ្រាប់ទៀតក្នុងវគ្គទី២ បន្ថែម។ ការបរាជ័យលើកនេះមានន័យថា Norwich City អស់ពិន្ទុនឹងអាចប្រជែងឲ្យផុតពីការកាត់ចេញ និងរក្សាខ្លួននៅលីគកំពូលអង់គ្លេសនារដូវកាលបន្ទាប់។

ឆ្លងកាត់ការប្រកួត ៣៥ សប្តាហ៍កន្លងមក Norwich City រកបានតែ ២១ ពិន្ទុប៉ុណ្ណោះ ដោយក្នុងនោះឈ្នះ ៥​ លើក ស្មើរ ៦ លើក និងចាញ់ ២៤ លើក រួមទាំងជំពាក់គ្រាប់បាល់រហូតដល់ ៤១ គ្រាប់។ ដូច្នេះទោះបីនៅសល់ ៣ ប្រកួតក្នុងដៃទៀតក៏ដោយ ក្លិបមួយនេះក៏មិនមានលទ្ធភាពរក្សាខ្លួនស្នាក់នៅ Premier League ទៀតនោះដែរ។

គួររំលឹកឡើងវិញបន្តិចថា Norwich City ទើបតែឡើងមកលីគកំពូលអង់គ្លេសសាជាថ្មីក្នុងរដូវកាលនេះតែម្តង ខណៈកាលពីរដូវកាលមុនជាក្លិបជើងឯកនៃក្របខណ្ឌលីគលំដាប់ទី២ អង់គ្លេស (English Championships) ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628