បាល់ទាត់

Lee Tae Hoon ថាពេលនេះដឹកនាំ HAGL មិនខ្វល់អំពីចំណាត់ថ្នាក់ក្នុងតារាងលីគទៀតឡើយ

គ្រូបង្គោលនៃក្លិប Hoang Anh Gia Lai សមាជិកលីគកំពូលវៀតណាម លោក Lee Tae Hoon បានលើកឡើងអំពីគោលដៅថ្មីរបស់ក្លិប ពោលគឺមិនខ្វល់អំពីចំណាត់ថ្នាក់ក្នុងតារាងលីគទៀតឡើយ ប៉ុន្តែព្យាយាមយ៉ាងណាឲ្យបានឡើងជុំបន្ទាប់ក្នុងវគ្គដណ្តើមជើងឯក។

បុរសសញ្ជាតិកូរ៉េខាងត្បូង និងធ្លាប់មានប្រវត្តិជាគ្រូជម្រើសជាតិកម្ពុជាខាងលើ បានលើកឡើងក្នុងសន្និសីទកាសែតក្រោយការប្រកួតលីគកំពូលវៀតណាមសប្តាហ៍ទី ៩ នេះ បន្ទាប់ពីដឹកនាំស្មើរក្នុងលទ្ធផល ១ ទល់១ នឹងក្លិប Becamex Binh Duong បានឲ្យដឹងថាៈ

៉ ពេលនេះ ពួកយើង (ក្លិប HAGL) មិនបានខ្វល់អំពីចំណាត់ថ្នាក់ទៀតនោះទេ ប៉ុន្តែពួកយើងបានដាក់គោលដៅយ៉ាងណាដណ្តើមពិន្ទុតាមតែអាចធ្វើទៅបានគ្រប់ការ​ប្រកួតនីមួយៗ ដើម្បីឈរក្នុងតារាងចំណាត់ថ្នាក់លេខរៀងទី ៨ ឡើង ដើម្បីមានឳកាសដណ្តើមជើងឯក។  ៉ 

ការលើកឡើងដូចខាងលើបែបនេះ ប្រហែលជាបុរសវ័យ ៥៩ ឆ្នាំខាងលើសម្តៅទៅដល់រូបមន្តថ្មីក្នុងការប្រកួតលីគកំពូលវៀតណាមរដូវកាល ២០២០ នេះដោយបានកែប្រែប្លែកខុសពីបណ្តាឆ្នាំមុនៗ ព្រោះដោយសារជំងឺរាតត្បាត COVID-19 ។ ក្នុងរដូវកាលនេះផ្ទាល់ ក្រោយបញ្ចប់ការប្រកួតជើងទី ១ ក្លិបដែលឈរពីចំណាត់ថ្នាក់កំពូលតារាង ដល់ចំណាត់ថ្នាក់លេខរៀងទី ៨ នឹងត្រូវមានឳកាសលេងជើងទី ២ ប៉ះគ្នាដើម្បីពិន្ទុគ្រងជើងឯកលីគ។ ចំណែកក្លិបឈរលេខរៀងពីទី ៩ ដល់បាតតារាង នឹងត្រូវប៉ះគ្នាក្នុងជើងទី ២ ដើម្បីសន្សំពិន្ទុគេចចេញពីការកាត់ចោលទៅលីគលំដាប់ទី ២ វៀតណាម។

ក្រឡេកមើលក្លិប Hoang Anh Gia Lai បច្ចុប្បន្នក្រោយឆ្លងកាត់ ៩ សប្តាហ៍ បានកំពុងឈរលេខរៀងទី ៦ ក្នុងតារាងលីគបណ្តោះអាសន្ន ដោយប្រកួតឈ្នះ ៣ លើក ស្មើរ ៤ លើក និងចាញ់ ២ លើក ប៉ុន្តែមានពិន្ទុសរុប ១៣ លើសពីតំបន់លេងសន្សំពិន្ទុគេចចេញពីការកាត់ចោលតែ ២ ពិន្ទុប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628