បាល់ទាត់

កូនកាត់ ៣ នាក់ស្ថិតក្នុងបញ្ជីត្រៀមកោះហៅចូលជម្រើសជាតិថៃលើកដំបូងលេង Suzuki Cup ឆ្នាំនេះ

បញ្ហាជំងឺរាតត្បាតសកល COVID-19 បានរុញច្រានឲ្យកីឡាករសំខាន់ៗ មួយចំនួនអាចជាប់ភារកិច្ចជាមួយក្លិប ដូច្នេះហើយសមាគមបាល់ទាត់ថៃ (FAT) បានចេញគម្រោងផ្តល់ឳកាសឲ្យកីឡាករកូនកាត់ចំនួន ៣ រូបអាចនឹងបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិថៃឈុតធំ នាព្រឹត្តិការណ៍ AFF Suzuki Cup ចុងឆ្នាំនេះ។

បញ្ហាចម្បងរបស់ក្រុមជម្រើសជាតិថៃ ដោយកីឡាករសំខាន់ៗ ដូចជា Chanathip Songkrasin, Teerasil Dangda, Theerathon Bunmathan និង Kawin Thamsatchanan​… ជាដើម ដែលកំពុងប្រកបអាជីពនៅលីគកំពូលជប៉ុន អាចនឹងមិនមានឳកាសជួយក្រុមជម្រើសជាតិដំរីសឹកថៃឡើយ ក្នុងព្រឹត្តិការណ៍ពានកម្រិតតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ឆ្នាំនេះ ពីព្រោះតែលីគជប៉ុន អាចនឹងមិនអនុញ្ញាតឲ្យមក ដោយសារតែព្រឹត្តិការណ៍នេះមិនស្ថិតនៅក្នុងថ្ងៃសម្រាក់របស់ FIFA ។

ដោយក្តីបារម្មដូចខាងលើ សមាគមបាល់ទាត់ថៃ (FAT) បានបង្វែរទិសដៅត្រៀមទុកឲ្យដោយសម្តៅទៅដល់ការផ្តល់ឳកាសឲ្យកីឡាករកូនកាត់ចូលក្នុងជម្រើសជាតិ ក្នុងករណីកីឡាករខាងលើដូចរៀបរាប់ទាំងប៉ុន្មានពិតជាមិនអាចមកចូលរួមពិតមែន។

តាមប្រភពពី Vocketfc កីឡាករកូនកាត់ចំនួន ៣ រូបស្ថិតនៅក្នុងបញ្ជីត្រៀមកោះហៅនោះរួមមាន Alexander Sieghart (រូបទី ១ ) ដែលជាកូនកាត់មានឪពុកជាជនជាតិអាល្លឺម៉ង់ និងម្តាយជាជនជាតិថៃ។ ពីកុមារភាពកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធរូបនេះមានប្រវត្តិកើតចេញពីថ្នាល់បណ្តុះបណ្តាលរបស់ក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich និងទើបតែបានផ្លាស់មកលេងនៅលីគកំពូលថៃក្នុងឆ្នាំ ២០១៦ ដោយចូលរួមជាមួយ Buriram United ដល់ពាក់កណ្តាលឆ្នាំ ២០១៧ ក៏ផ្ទេរមកចូលរួម Bangkok United រហូតទល់សព្វថ្ងៃ។

កីឡាករទី២ គឺ Eric Kahl (រូបទី ២ ) ជាកូនកាត់ស៊ុយអែត-ថៃ បច្ចុប្បន្នទើបមានវ័យ ១៨ ឆ្នាំ និងលេងក្នុងតំណែងខ្សែការពារស្លាបឆ្វេង។ ដ្បិតនៅមានវ័យក្មេង តែសព្វថ្ងៃរូបគេជាសមាជិករបស់ក្លិប AIK ដែលស្ថិតនៅលីគកំពូលស៊ុយអែត។

ជាចុងក្រោយគឺកីឡាករ Thanawat Suengchitthawon (រូបទី ៣ ) ជាកីឡាករកូនកាត់បារាំង-ថៃ ដោយលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ និងមានវ័យ ២០ ឆ្នាំ។ កីឡាកររូបនេះកើតចេញពីថ្នាល់យុវជនរបស់ក្លិប AS Nancy នៃលីគលំដាប់ទី ២ បារាំង ខណៈត្រៀមរដូវកាលថ្មី ២០២០/២០២១ បានផ្ទេរមកលេងឲ្យឈុត U23 នៃក្លិប Leicester City នៅចក្រភពអង់គ្លេស៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628