បាល់ទាត់

ឥណ្ឌូនេស៊ី នៅតែរក្សាជំហរធ្វើម្ចាស់ផ្ទះ FIFA World Cup 2034 ទោះបីអាស៊ានស្ទាក់ស្ទើរ

ដ្បិតទទួលបានសិទ្ធិជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup U21 នាឆ្នាំ ២០២១ ខាងមុខនេះក៏ដោយក្តី ឥណ្ឌូនេស៊ី ហាក់ដូចជាពុំទាន់ស្ងប់ចិត្តនៅឡើយ ពោលគឺនៅមានចំណង់ចង់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup សម្រាប់ឈុតធំក្នុងឆ្នាំ ២០៣៤ ដដែលថែមទៀត។

គួររំលឹកផងថា ក្នុងកិច្ចប្រជុំអាស៊ីអាគ្នេយ៍កាលពីខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនៅក្នុងប្រទេសថៃ ក្រសួងការបរទេស និងប្រមុខដឹកនាំប្រទេសសមាជិកទាំង ១០ នៅក្នុងតំបន់បានបំផុសគំនិតរួមគ្នាធ្វើជាសហម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោក FIFA World Cup ក្នុងឆ្នាំ ២០៣៤ ។ ប៉ុន្តែក្រោយមកភ្លាមៗ មានប្រទេសមួយចំនួនបានដកខ្លួនចេញពីគំនិតខាងលើនេះដោយក្នុងរួមមាន កម្ពុជា ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា និងប្រ៊ុយណេ ខណៈ ៥ ប្រទេសដែលនៅសល់រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ សិង្ហបុរី និងម៉ាឡេស៊ី កំពុងស្ថិតនៅការពិចារណានៅឡើយ។

ដ្បិតចំនួនពាក់កណ្តាលនៃសមាជិកផ្លូវការក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍នៅអាចមានសង្ឃឹមនឹងការដាក់ពាក្យរួមគ្នាក៏ដោយ ប៉ុន្តែប្រទេសទាំង ៥ កំពុងស្ថិតនៅក្នុងដំណាក់ការពិចារណានៅឡើយ ពោលដោយត្រូវសិក្សាអំពីលទ្ធភាពឲ្យបានច្បាស់លាស់ ខណៈបច្ចុប្បន្នប្រទេសនីមួយៗ កំពុងគិតគូចម្បងនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដោយសារជំងឺរាតត្បាត COVID-19 ទៀតសោត។

បែបនេះក៏ដោយ! បើតាមការចុះផ្សាយរបស់កាសែតឥណ្ឌូនេស៊ី Bolalob ធ្វើកិច្ចសម្ភាសន៍ជាមួយលោក Zainudin Amali  រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ចេញមតិឲ្យដឹងថាខាងប្រទេសឥណ្ឌូនេស៊ីពួកគេ នៅតែរក្សាជំហរដាក់ពាក្យប្រជែងយកសិទ្ធិធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០៣៤ ដដែល បើទោះបីជាសមាជិកក្នុងតំបន់ដទៃអាចស្ទាក់ស្ទើរ។ ការសម្រេចបែបនេះពីព្រោះកន្លងមកខាងក្រសួងយុវជន និងកីឡា ក៏ធ្លាប់បានជជែកពិភាក្សាជាមួយសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ជាច្រើនលើកមកហើយ ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌូនេស៊ីថែមទៀត។

បញ្ជាក់ផងថានាពេលកន្លងមក ឥណ្ឌូនេស៊ី ក៏ធ្លាប់ស្នើសុំចាប់ដៃគូជាមួយ អូស្ត្រាលី ក្នុងគោលបំណងធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០៣៤ នេះផងដែរ ប៉ុន្តែក្រោយមកក៏បានចែកផ្លូវគ្នាទៅវិញ ដោយក្រឡេកមកពឹងពាក់ជាមួយខាងមិត្តក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្តង។ ចំណែកឯ អូស្ត្រាលី ក៏អាចនឹងនៅរក្សាឈ្មោះចូលរួមដាក់ពាក្យដណ្តើមសិទ្ធិដដែល ប៉ុន្តែបង្វែរការចាប់ដៃគូជាមួយនឹង ណូវែលហ្ស៊េឡង់ វិញម្តង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628