បាល់ទាត់

ព្រឹត្តិការណ៍ AFC U19 អាចមានបញ្ហា ខណៈម្ចាស់ផ្ទះអូប៊េគីស្ថាន ប្រកាសបិទប្រទេសព្រោះ COVID-19

ព្រឹត្តិការណ៍ពានរង្វាន់យុវជនក្រោមវ័យ ១៩ ឆ្នាំកម្រិតទ្វីបអាស៊ី (AFC U19 Championship) នឹងមានវាសនាយ៉ាងណាក្នុងឆ្នាំ ២០២០ នេះ ស្របពេលដែលប្រទេសម្ចាស់ផ្ទះអូប៊េគីស្ថាន កំពុងស្ថិតនៅក្នុងដំណាក់ធ្ងន់ធ្ងរនៃការរាលដាលជំងឺ COVID-19 ?

កាលពីប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលប្រទេសអូប៊េគីស្ថាន បានប្រកាសបិទប្រទេសសាជាថ្មីម្តងទៀត ដើម្បីចូលរួមទប់ស្កាត់ការរាលឆ្លងពីជំងឺសកល COVID-19 ដែលបន្តកើនឆ្លងដល់មនុស្សក្នុងប្រទេសក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ តាមរបាយការណ៍ចុងក្រោយបំផុតពីអង្គការសុខភាពពិភពលោកក្នុងថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ផ្ទាល់ ប្រទេសស្ថិតនៅតំបន់អាស៊ីកណ្តាលខាងលើ មានអ្នកផ្ទុកជំងឺឆ្លងនេះសរុប ១៣ ៨៧២ នាក់ ក្នុងនោះជាសះស្បើយប្រមាណ ៨ ០០០ នាក់ និងមានតួរលេខបាត់បង់ជីវិត ៦៣ នាក់ផងដែរ។

បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងប្រទេសអូប៊េគីស្ថាន អ្នកនាំពាក្យពីរដ្ឋាភិបាលបានបញ្ជាក់ផងថា ជាបណ្តោះអាសន្នរដ្ឋាភិបាលបានកំណត់កាលវិភាគបិទការធ្វើដំណើរក្នុងប្រទេសរហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ប៉ុន្តែក្នុងករណីវិជ្ជមាននៃអ្នកឆ្លងជំងឺ COVID-19 បន្តកើនឡើង រដ្ឋាភិបាលនឹងបន្តបិទប្រទេសទៅមុខថែមទៀត។

យោងតាមការលើកឡើងខាងលើនេះ បង្កើតជាការព្រួយបារម្ភចំពោះលទ្ធភាពនៃការរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC U19 Championship ឆ្នាំ ២០២០ ។

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ដោយមានការចូលរួមពីក្រុមជម្រើសជាតិយុវជន U19 ចំនួន ១៦ ក្រុមរួមទាំងម្ចាស់ផ្ទះ (ដូចមានក្នុងរូបខាងលើ) ។ ខណៈក្នុងនោះក៏មាន កម្ពុជា U19 យើងចូលរួម ដោយធ្វើការចាប់ឆ្នោតស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះអូប៊េគីស្ថាន អឺរ៉ង់ និងឥណ្ឌូនេស៊ី ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628