បាល់ទាត់

កាលវិភាគ និងម៉ោងប្រកួតផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២

កាលពីម្សិលមិញនេះសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានឯកភាពចេញជាផ្លូវការនៅកាលវិភាគ ពេលវេលា និងម៉ោងប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ដែលមានម្ចាស់ផ្ទះគឺជាប្រទេសកាតា។

តាមសេចក្តីប្រកាសពី FIFA ការប្រកួតបើកឆាកនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានគូម្ចាស់ផ្ទះជម្រើសជាតិកាតា ខណៈនឹងលេងនៅវេលាម៉ោង ៣ៈ០០ នាទីរសៀល (ម៉ោងក្នុងប្រទេសកាតា) ។

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ សម្រាប់ ២ ប្រកួតដំបូងក្នុងវគ្គចែកពូលនីមួយៗ នឹងធ្វើការប្រកួតជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃមានការរៀបចំដល់ទៅ ៤ ប្រកួត ប៉ុន្តែនៅវេលាម៉ោងបន្តបន្ទាប់គ្នារួមមាន ប្រកួតទី១ ម៉ោង ៣ៈ០០ រសៀល, ប្រកួតទី ២ ម៉ោង ៤ៈ០០ រសៀល, ប្រកួតទី ៣ ម៉ោង ៧ៈ០០ យប់ និងប្រកួតទី ៤ ម៉ោង ១១ៈ០០យប់ ។

ចំណែក ២ ប្រកួតក្នុងពូលដែលនៅសល់គ្រប់ពូលនីមួយៗ នឹងរៀបចំជួនម៉ោងតែ ២ ប្រកួតក្នុងមួយថ្ងៃរួមមាន ប្រកួតទី ១ ម៉ោង ៦ៈ០០ យប់ និងប្រកួតទី ២ ម៉ោង ១១ៈ០០ យប់ ។

ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូលត្រឹមថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២២ និងបន្តការប្រកួតវគ្គ ១៦ ក្រុមភ្លាមៗ នៅថ្ងៃទី ០៣ ខែឆ្នាំដដែលតទៅ ដល់បញ្ចប់នៅថ្ងៃទី ០៦ ។ ប្រកួតវគ្គ ៨ ក្រុមចុងក្រោយរៀបចំនៅថ្ងៃទី ០៩ និងថ្ងៃទី ១០ ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀបចំនៅថ្ងៃទី ១៣ និងថ្ងៃទី ១៤ ។

ចុងក្រោយសម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខរៀងទី ៣ នឹងរៀបចំនៅថ្ងៃទី ១៧ ខែធ្នូ ចំណែកប្រកួតផ្តាច់ព្រ័ត្រនឹងរៀបចំនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ខណៈការប្រកួតទាំងពីរនេះនឹងរៀបចំនៅវេលាម៉ោង ៦ៈ០០ យប់ដូចគ្នា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628