បាល់ទាត់

Saul Niguez៖ Real Madrid នឹងលើកពាន La Liga ដោយសមត្ថភាព មិនមែនមកពី VAR ទេ!

កីឡាករ Saul Niguez របស់ក្លិប Atletico Madrid បានចេញមុខអះអាងការពារគូប្រជែងក្នុងលីគពោលគឺក្លិប Real Madrid ដោយបានលើកឡើងថានឹងគ្រងតំណែងជើងឯកលីគកំពូលអេស្ប៉ាញ ដោយកើតឡើងពីសមត្ថភាពក្រុមពិតៗ មិនមែនដូចពាក្យចចាមអារ៉ាមរិះគន់ថាមានជំនួយពីប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR នោះទេ។

អតីតយុវជនដែលបណ្តុះបណ្តាលចេញពីថ្នាល់របស់ Real Madrid ប៉ុន្តែបានផ្ទេរមករីកចម្រើននៅថ្នាល់របស់ Atletico Madrid កីឡាករវ័យ ២៥ ឆ្នាំខាងលើបានលើកឡើងពីមតិផ្ទាល់ខ្លួនអះអាងដូចតទៅៈ

៉ ប្រសិនបើ Real Madrid ពិតជាឈ្នះជើងឯក La Liga ឆ្នាំនេះពិតមែន នោះគឺកើតចេញពីសមត្ថភាពក្រុមពួកគេ មិនមែនដូចពាក្យដែលគេលើកឡើងមកពីមាន VAR ជំនួយនោះទេ។ ជាក់ស្តែង! ក្រោយការបើកប្រកួតឡើងវិញ (ក្រោយ COVID-19) ក្រុម Real Madrid គឺពិតជាធ្វើបានល្អ ហើយពួកគេពិតជាសក្កិសមនឹងទទួលបានជើងឯក។   ៉ 

គួរឲ្យដឹងថាបច្ចុប្បន្នក្នុងតារាងលីគកំពូលអេស្ប៉ាញ (La Liga) រដូវកាល ២០១៩/២០២០ កំពុងកាន់តែកើនកម្តៅខណៈដោយមានការប្រជែងគ្នារវាងក្រុមកំពុងឈរកំពូលតារាង Real Madrid មាន ៨៣ ពិន្ទុ និងលេខរៀងទី ២ FC Barcelona មាន ៧៩ ពិន្ទុ។

ក្រឡេកមើល Atletico Madrid ដ្បិតអស់ឳកាសប្រជែងក្នុងពានកម្រិតប្រទេសអេស្ប៉ាញទាំងឡាយក្តី ប៉ុន្តែនៅមានឳកាសប្រជែងក្នុងពានកម្រិតទ្វីបអឺរ៉ុប UEFA Champions League ដោយបានឆ្លងដល់វគ្គ ៨ ក្រុមចុងក្រោយ ត្រូវតទល់នឹង RB Leipzig នាខែក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628