បាល់ទាត់

អតីតគ្រូបង្វឹកអ្នកចាំទីនៅ Man Utd ទម្លាយមូលហេតុចាកចេញព្រោះអន់ចិត្តនឹង De Gea

អតីតគ្រូបង្វឹកអ្នកចាំទីនៅក្លិបបិសាចក្រហម Manchester United លោក Emilio Alvarez បានទម្លាយមូលហេតុ ដែលរូបគាត់បានសម្រេចចិត្តដើរចេញពីតួនាទីតាំងពីកំឡុងខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅ ព្រោះអាក់អន់ចិត្តនឹងកូនសិស្សសំណព្វ អ្នកចាំទី David De Gea 

រំលឹកឡើងមកវិញ លោក Emilio Alvarez ធ្លាប់ជាគ្រូអ្នកចាំទី និងធ្លាប់បង្ហាត់លើកីឡាករ David De Gea តាំងពីនៅក្លិប Atletico Madrid ជាមួយគ្នា មុនបន្តមកជួបគ្នាសាជាថ្មីនៅទឹកដី Old Trafford ចាប់ពីឆ្នាំ ២០១៦ រហូតដល់ខែកញ្ញា ឆ្នាំមុនកន្លងទៅបុរសវ័យ ៤៨ ឆ្នាំរូបនេះសម្រេចចិត្តមិនបន្តកិច្ចសន្យាហើយចាកចេញ។

កន្លងផុតទៅជិតមួយឆ្នាំទៅហើយ ទើបបុរសមានសញ្ជាតិអេស្ប៉ាញខាងលើបានទម្លាយអំពីមូលហេតុជាក់លាក់ ដែលរូបលោកបានសម្រេចចិត្តដើរចេញពីក្លិប Manchester United ដោយបានរៀបរាប់ដូចតទៅ៖

៉ ខ្ញុំចាកចេញពី Manchester United មិនមែនដោយសារតែបញ្ហាក្លិបនោះទេ តែខ្ញុំមានអារម្មណ៍ថាត្រូវបានគេក្បត់ពី David De Gea ។ នៅពេលក្លិបផ្តល់កិច្ចសន្យាថ្មីដល់រូបគេ គ្រានោះក្លិបក៏ធ្លាប់បានសួរនាំ និងពិភាក្សាចង់ផ្តល់ឲ្យខ្ញុំដូចគ្នា។ តែខ្ញុំបានប្រាប់ទៅខាងតំណាងក្លិបវិញថា ខ្ញុំចាកចេញពេលនេះព្រោះមិនចង់បង្ហាត់ David De Gea តទៅទៀត។

ចំពោះ David De Gea ខ្ញុំស្រលាញ់ចូលចិត្តគេ ខ្ញុំគឹជាអ្នករួមចំណែកនាំរូបគេពី Atletico Madrid ហើយខ្ញុំតែងតែបង្ហាត់គេគ្រប់បែបយ៉ាង។ ប៉ុន្តែនៅពេលដែលរូបគេបានសម្រេចចិត្តចុះកិច្ចសន្យាក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតមួយក្នុងពិភពលោកជាមួយក្លិប បែរជាមិនបានឲ្យខ្ញុំដឹងគ្រប់យ៉ាង។ សូម្បីតែខ្ញុំបានទៅសួររឿងទាំងនេះពីរូបគេផ្ទាល់ De Gea បានបដិសេធមិនឆ្លើយប្រាប់ខ្ញុំទាំងអស់ ដោយសម្អាងថាជាគោលការណ៍សម្ងាត់របស់ក្លិប។   ៉ 

គួរបញ្ជាក់ផងថា ក្រោយការចាកចេញរបស់លោក Emilio Alvarez ភ្លាមៗ អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solsjkaer  បានទាក់ទងនាំយកលោក Richard Hartis  ដែលអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាតាំងពីនៅក្លិប Molde FK នៅលីគកំពូលន័រវេស ប៉ុន្តែគ្រានោះកំពុងកាន់តំណែងជាគ្រូអ្នកចាំទីនៅជម្រើសជាតិអង់គ្លេសឈុត U20 ឲ្យមកកាន់តំណែងជាគ្រូអ្នកចាំទីឈុតធំនៅ Manchester United ទល់សព្វថ្ងៃ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628