បាល់ទាត់

ក្រៅពី Man City តើមានក្លិបណាខ្លះធ្លាប់ត្រូវពិន័យពី UEFA ពាក់ព័ន្ធគោលការណ៍ហិរញ្ញវត្ថុ?

កាលពីដើមសប្តាហ៍នេះកន្លងទៅក្លិបមេឃខៀវ Manchester City បានទទួលដំណឹងល្អមួយ ក្រោយពីជោគជ័យក្នុងបណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការកីឡាអន្តរជាតិ (CAS) បានរួចផុតពីការពិន័យមិនឲ្យចូលរួមប្រកួតប្រជែងពានរង្វាន់កម្រិតអន្តរជាតិ ប៉ុន្តែត្រូវជំនួសមកវិញនូវការពិន័យជាថវិកាចំនួន ១០ លានអឺរ៉ូ។

គោលការណ៍ចាយវាយហិរញ្ញវត្ថុ (FFP) ត្រូវបានផ្តួចផ្តើមជាគំនិតឡើងតាំងពីឆ្នាំ ២០០៩ ដោយមានការសិក្សាពីសមាជិកក្នុងបណ្តាទ្វីបអឺរ៉ុបទាំងមូល។ ប៉ុន្តែគោលការណ៍ខាងលើបានចូលជាធរមានទៅជាច្បាប់ ដើម្បីអនុវត្តន៍ជាផ្លូវការចាប់ពីរដូវកាល ២០១១/២០១២ មក។

បទប្បញ្ញត្តិនានាបានតាក់តែងឡើង ដោយរួមមានទាំងការដាក់ទណ្ឌកម្មចំពោះក្លិបទាំងឡាយណាដែលល្មើសគោលការណ៍ពាក់ព័ន្ធនឹងការចាយវាយលើការដោះដូរកីឡាករ លើចំនួនថវិកាលើសលប់តាមការកំណត់ពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបជារៀងរាល់ឆ្នាំ។ ចំពោះការពិន័យមានទៅតាមកម្រិតដូចជា ការព្រមាន ការពិន័យជាថវិកាមួយចំនួន ការដកហូតប្រាក់រង្វាន់ពេលចូលរួមប្រកួតពានរង្វាន់នានា ការហាមឃាត់ផ្ទេរកីឡាករ និងករណីធ្ងន់ធ្ងរបំផុតគឺមិនអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់កម្រិតទ្វីបអឺរ៉ុប (ដូចករណី Manchester City ខាងលើ) ។

ក្នុងពេលនេះក្រុមការងារ VEHA Media នឹងបង្ហាញជូនប្រិយមិត្តឲ្យស្គាល់ពីក្លិបដែលធ្លាប់ត្រូវដាក់ទណ្ឌកម្ម ឬស៊ើបអង្កេតនាពេលកន្លងមកក្រោមអនុភាពនៃច្បាប់ FFP ខាងលើៈ

+ Malaga CF (អេស្ប៉ាញ) : 

ជាក្លិបដំបូងគេនៅក្នុងទ្វីបអឺរ៉ុប សម្ពោធការដាក់ទណ្ឌកម្មពីច្បាប់ខាងលើនៅក្នុងឆ្នាំ ២០១២ ក្រោយពីក្លិបមួយនេះបានចំណាយថវិកាដ៏ច្រើនទិញចូលកីឡាករក្នុងតម្លៃខ្លួនខ្ពស់ៗ ដោយគ្រានោះរួមមានជាឧទាហរណ៍លើកីឡាករល្បីៗ ដូចជា អតីតជម្រើសជាតិប្រេស៊ីល Julio Baptista, ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Santi Cazorla, កីឡាករនៃក្លិប Real Madrid បច្ចុប្បន្ន Isco … ជាដើម។ គួររំលឹកផងថាក្នុងឆ្នាំ ២០១០ Malaga CF បានធ្លាក់ភាគហ៊ុនចូលក្រោមដៃសេដ្ឋីជនជាតិកាតា ហេតុដូច្នេះទើបបានបញ្ចេញថវិកាសន្ធឹកសន្ធាប់បែបនេះ។

+ AC Milan (អ៊ីតាលី) :

ក្លិបជើងឯកទ្វីបអឺរ៉ុប ៧ សម័យកាលមួយនេះ ក៏ធ្លាប់ត្រូវបានពិន័យក្រោមឥទ្ធិពលពីច្បាប់ខាងលើ ដោយត្រូវហាមឃាត់មិនឲ្យចូលរួមប្រកួតប្រជែងពាន UEFA Europa League ថែមទៀត នៅក្នុងឆ្នាំ ២០១៩ កន្លងទៅថ្មីៗ ដោយប្រឈមមុខនឹងការខាតបង់អស់ថវិកាជាង ៥០០ លានអឺរ៉ូ។ បញ្ហានេះបានធ្វើឲ្យមហាសេដ្ឋីចិនលោក  Li Yonghong ជាម្ចាស់ក្លិប បានសម្រេចលក់ភាគហ៊ុនស្ទើរទាំងស្រុងទៅឲ្យក្រុមហ៊ុនវិនិយោគអាមេរិកឈ្មោះ Elliott ចូលមកគ្រប់គ្រងដល់សព្វថ្ងៃ។

+ Olympique de Marseille (បារាំង) :

ក្លិបជើងឯករងលីគកំពូលបារាំងរដូវកាល ២០១៩/២០២០ ត្រូវបានពិន័យពីសមាគមបាល់ទាត់អឺរ៉ុប (UEFA) តាមច្បាប់ខាងលើ ប៉ុន្តែស្ថិតនៅក្នុងកម្រិតស្រាល ពោលគឺក្លិបនេះត្រូវកាត់ប្រាក់ ១៥ % មានន័យថារាល់ពេលចូលរួមប្រកួតប្រជែងក្នុងពានកម្រិតទ្វីបទាំងពីរ (UEFA Champions League និង UEFA Europa League) នឹងទទួលបានប្រាក់ពីការចូលរួមតាមវគ្គនីមួយៗ ត្រឹម ៨៥ % ប៉ុណ្ណោះ។ ការដាក់ពិន័យនេះបានកើតឡើងតាំងពីឆ្នាំ ២០១៦ ខណៈនៅមានឥទ្ធិពលរហូដល់បញ្ចប់នៅរដូវកាល ២០២២/២០២៣ ។

+ Paris Saint-Germain (បារាំង) :

ក្លិបមហាសេដ្ឋីជនជាតិកាតាខាងលើ បានត្រូវសមាគមបាល់ទាត់ (UEFA) ចាប់អារម្មណ៍ខ្លាំងនៅពេលពួកគេបានចាយលុយដ៏មហិមា ក្នុងការផ្ទេរយកកីឡាករ Neymar Jr ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ រួមទាំងនាំយក Kylian Mbappe ថែមទៀត ប៉ុន្តែពួកគេបានប្រើប្រាស់ផ្លូវខ្ចីជើងជាមុន។ យ៉ាងណាក្តី! ក្លិបរហ្សនាមអ្នកមានបារាំងនេះ ក៏ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធផ្លូវច្បាប់ FFP ផងដែរតាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ ២០១៩ ទើបសម្រេចបិទជាស្ថាពរ។

+ Dynamo Moscow (រុស្សី) :

ក្នុងឆ្នាំ ២០១៥ ក្លិបសមាជិកលីគកំពូលរុស្សីមួយនេះបានខកខានឱកាសបង្ហាញខ្លួនក្នុងពានរង្វាន់ទ្វីបអឺរ៉ុបកម្រិតទី ២ UEFA Europa League ក៏ព្រោះតែច្បាប់ FFP ។

+ Red Star Belgrade (សែប៊ី) : 

នៅឆ្នាំ ២០១៤ ក្លិបមួយនេះក៏បាត់បង់កៅអី UEFA Champions League រដូវកាល ២០១៤/២០១៥ ដោយសារការស៊ើបរកឃើញមានល្មើសគោលការណ៍ហិរញ្ញវត្ថុអាស្រ័យច្បាប់ពីខាងលើ ដ្បិតមានការតវ៉ាទៅកាន់តុលាការកីឡាអន្តរជាតិ (CAS) នៅតែមិនអាចរួចផុតពីការដាក់ទណ្ឌកម្ម។

+ Galatasary SK (ទួរគី) :

ក្នុងឆ្នាំ ២០១៦ ក្លិបនេះបានត្រូវសមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ធ្វើការពីន័យជាប្រាក់ ២០ មុឺនអឺរ៉ូ  ព្រមទាំងបិទសិទ្ធិមិនឲ្យចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់កម្រិតទ្វីបសម្រាប់ ២ រដូវកាលបន្ទាប់ថែមទៀត។

+ Zenit Saint Petersburg (រុស្សី) :

ក្លិបលីគកំពូលរុស្សីខាងលើ ត្រូវបានសមាគមបាល់ទាត់ (UEFA) បើកការស៊ើបអង្កេត ក្រោយពីលេចធ្លាយដំណឹងថាក្លិបនេះបានទទួលថវិកាបម្រុងពីខាងអ្នកនយោបាយក្នុងប្រទេស ដោយនាគ្រានោះត្រូវបានគេសង្ស័យពាក់ព័ន្ធដល់ទៅប្រធានាធិបតីរុស្សីលោក Putin ថែមទៀត។ តែអ្វីៗ មិនបានសម្រេចឡើយក្រោយពីមានការជួយអន្តរាគមន៍ប្តឹងផ្តល់វាយបកទៅកាន់តុលាការកីឡាអន្តរជាតិ (CAS) ។

+ Astana FC (កាហ្ស៊ាស្ថាន) :

ក្នុងខែឧសភា ឆ្នាំ ២០១៦ ក្លិប Astana FC ត្រូវបានពិន័យជាប្រាក់ ២ លានអឺរ៉ូ ប៉ុន្តែត្រូវកាត់បញ្ចីឈ្មោះចូលរួមវគ្គជម្រុះ UEFA Champions League ឲ្យមានសមាជិកកីឡាករត្រឹម ២២ នាក់ប៉ុណ្ណោះ។

+ Trabzonspor (ទួរគី) :

ក្នុងឆ្នាំ ២០១៦ ក្លិបជោគជ័យនៅលីគកំពូលទួរគីមួយនេះ ត្រូវបានពិន័យជាប្រាក់ ២ លានអឺរ៉ូ និងកាត់សមាជិកកីឡាករចូលរួមប្រកួតប្រជែងពានរង្វាន់កម្រិតទ្វីបមកត្រឹម ២២ នាក់ (ករណីស្រដៀងគ្នានឹងក្លិប Astana FC) ។ តែក្នុងឆ្នាំ ២០២០ នេះជាលើកទី ២ ដែលក្លិបត្រូវរងទណ្ឌកម្មរួមឈ្មោះជាមួយក្លិប Manchester City ដោយបច្ចុប្បន្នក្លិប Trabzonspor ត្រូវបានហាមឃាត់មិនឲ្យបង្ហាញខ្លួនក្នុងពានរង្វាន់កម្រិតទ្វីបអឺរ៉ុប នារដូវកាលក្រោយផងដែរ។

 

*បញ្ជាក់ៈ ក្រៅពីក្លិបខាងលើ នៅមានក្លិបជាច្រើនទៀតក្នុងទ្វីបអឺរ៉ុបនាពេលកន្លងមកត្រូវបានស៊ើបអង្កេតពី UEFA ប៉ុន្តែភាគច្រើនគឺមិនត្រូវបានពិន័យនោះឡើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628