បាល់ទាត់

ហ្វីលីពីន ត្រៀមស្នើទៅ FIFA នាំយកកីឡាករក្លិប RB Leipzig ម្នាក់មកចូលរួមក្រុមជម្រើសជាតិ

ក្នុងពេលឆាប់ៗ ខាងមុខហ្វីលីពីននឹងទទួឡឱកាសនាំយកកីឡាករជម្រើសកូនកាត់មួយរូបទៀតមករួមក្រុមជម្រើសជាតិជាតិពួកគេ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លិប RB Leipzig នៅក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង់។

Oliver Bias គឺជាកីឡាករកូនកាត់មានឪពុកជាជនជាតិអាល្លឺម៉ង់ និងម្តាយជាជនជាតិហ្វីលីពីន។ បច្ចុប្បន្នភាពមានវ័យ ១៩ ឆ្នាំ ហើយលេងបាល់ក្នុងតំណែងជាខ្សែបម្រើស្លាប។ ពេលនេះរូបគេកំពុងប្រកបអាជីពឲ្យក្លិបល្បីអាល្លឺម៉ង់ RB Leipzig ឈុត U19 ព្រមទាំងមានឈ្មោះតម្លើងមកឈុតធំក្នុងរដូវកាល ២០១៩/២០២០ នេះដូចគ្នា ប៉ុន្តែពុំទាន់មានឱកាសបង្ហាញសមត្ថភាពនៅឡើយនោះទេ។

ដោយបានកើត និងធំធាត់នៅប្រទេសអាល្លឺម៉ង់ កីឡាករខាងលើបានចូលហ្វឹកហាត់ក្នុងថ្នាល់យុវជនរបស់ក្លិប RB Leipzig តាំងពីឆ្នាំ ២០១៥ ព្រមទាំងមានឱកាសបង្ហាញខ្លួនជាមួយជម្រើសជាតិអាល្លឺម៉ង់ឈុតតូចរួមមាន U15, U16 និង U17 ពីចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ផងដែរ។

ក្រោយមានអាយុគ្រប់គ្រាន់ និងក្លាយជាកីឡាករអាជីព Oliver Bias ពុំទទួលបានការចាប់អារម្មណ៍ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ទៀត ដូច្នេះហើយសព្វថ្ងៃ បើតាមការចុះផ្សាយពីកាសែតនៅប្រទេសហ្វីលីពីនជាច្រើនបានឲ្យដឹងថា កីឡាករកម្ពស់ ១.៦៤ ម៉ែត្ររូបនេះបានបង្វែរទិសដៅចង់មានឱកាសលេងឲ្យក្រុមជម្រើសជាតិខាងម្តាយ ពោលគឺ ហ្វីលីពីន វិញម្តង។ ខណៈពេលឥលូវ ដំណើរការស្នើសុំបានកំពុងប្រព្រឹត្តដោយមានការជួយជ្រោមជ្រែងពីសហព័ន្ធបាល់ទាត់ហ្វីលីពីនជារួមផង។

យោងទៅតាមច្បាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កីឡាករចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅគឺមានសិទ្ធិពិសេសផ្ទាល់ខ្លួនក្នុងការជ្រើសរើសជម្រើសជាតិលេងនាពេលអនាគត តែត្រូវអាស្រ័យទៅតាមលក្ខខណ្ឌសមស្របដូចជាមានការជាប់សាច់ឈាមក្នុងប្រទេសមួយទៀតជាដើម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628