កីឡាជាតិ

CNCC ប្រជុំជាមួយក្រុមទូរទស្សន៍ជាតិ សិក្សាលទ្ធភាពផ្សាយផ្ទាល់ការប្រកួត MCL និង HSC ឆ្នាំក្រោយ

ក្នុងរសៀលនេះផ្ទាល់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ឬហៅកាត់ CNCC បានធ្វើការបើកអង្គប្រជុំសិក្សាជាមួយបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងប្រទេសកម្ពុជាមួយចំនួន ក្នុងគោលបំណងពិភាក្សាលើការផ្សាយផ្ទាល់នៃប្រកួតក្របខណ្ឌកំពូលទាំងពីរក្នុងប្រទេសយើងរួមមាន លីគកំពូលកម្ពុជា (Metfone Cambodian League) និងពានរង្វាន់សម្តេច ហ៊ុន សែន សម្រាប់រដូវកាលបន្ទាប់ ២០២១ ។

យោងទៅតាមការចេញផ្សាយពីក្នុងគេហទំព័រ CNCC ផ្ទាល់ ក្នុងអង្គប្រជុំក្នុងថ្ងៃនេះមានការចូលរួមដោយតំណាងស្ថានីយ៍ទូរទស្សន៍ដូចជា BTV, បុស្តិ៍លេខ ៥ , អប្សរា , ហង្សមាស , Town , PNN , ទូរទស្សន៍ខ្សែកាបកម្ពុជា (PPCTV), និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកម្ពុជា CBS ។

តាមប្រភពដដែលខាងលើ ក្នុងកិច្ចប្រជុំខាង CNCC បានផ្តល់បង្ហាញអំពីកម្មវិធីប្រកួតដល់បណ្តាតំណាងស្ថានីយ៍ដែលចូលរួម ដើម្បីសិក្សាអំពីលទ្ធភាពសហការផ្សាយផ្ទាល់នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០២១ និងពានសម្តេច ហ៊ុន សែន រដូវកាល ២០២១ ។ ឯចំពោះលទ្ធផលយ៉ាងណា នឹងធ្វើការឯកភាពសម្រេចនាពេលក្រោយទៀត។

គួរឲ្យដឹងផងថា ក្នុងរដូវកាលនេះ ២០២០ ពានរង្វាន់កំពូលងទាំងទ្វេក្នុងប្រទេសកម្ពុជា ត្រូវបានចូលសហការផ្សាយផ្ទាល់ពី ២ ស្ថាប័នផ្សេងគ្នារួមមាន បុស្តិ៍ទូរទស្សន៍ BTV និងគេហទំព័រ Facebook នៃក្រុមការងារ កម្ពុជាថ្មី ដេលី ។ ក្រៅពីនេះក៏មានការផ្សាយផ្ទាល់ដោយក្រុមការងារ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ផ្ទាល់តែម្តង៕

 

*ប្រភព និងរូបភាពៈ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC !

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628