កីឡាជាតិ

គ្រូបណ្តោះអាសន្នបឹងកេតឆ្លើយតបរឿង CV11៖ ខ្ញុំផ្តោតលើកីឡាករជារួម មិនផ្តោតលើបុគ្គលម្នាក់ៗទេ!

៉ ខ្ញុំផ្តោតទៅលើកីឡាករជារួមក្នុងក្រុម ដោយមិនបានផ្តោតទៅលើកីឡាករម្នាក់ៗ នោះទេ។   ៉ នេះជាសម្រង់ពាក្យសម្តីរបស់លោក គីម ភក្តី គ្រូបង្វឹកបណ្តោះអាសន្ននៃក្លិបបឹងកេត ក្នុងសន្និសីទកាសែតមុនការប្រកួតតទល់នឹង សមាគមកងយុទ្ធពលខេមរភូមិន្ទ នាថ្ងៃស្អែកនេះ។

ក្នុងសប្តាហ៍នេះមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ពីអ្នកគាំទ្រ ចំពោះកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ដែលអវត្តមានក្នុងការប្រកួតចុងក្រោយ កាលពីប៉ះ គិរីវង់សុខសែនជ័យ នាសប្តាហ៍មុន ដោយបាត់មុខតារាឆ្នើមខាងលើសូម្បីតែក្នុងកៅអីបម្រុង និងកំពុងលេចលឺនូវពាក្យចចាមអារ៉ាមក្នុងបណ្តាញសង្គមថាអាចនឹងចាកចេញពីក្លិបក្នុងជើងទី ២ នៃក្របខណ្ឌលីគកំពូលកម្ពុជា… ជាដើម។

ពាក់ព័ន្ធនឹងមន្ទិលសង្ស័យខាងលើ អ្នកកាសែតរួមមានពីខាងស្ថាប័ន VEHA យើងផ្ទាល់ ក៏ដូចជាខាងស្ថាប័នទូរទស្សន៍ PNN ផងដែរបានលើកជាសំណួរសម្ភាសន៍តាម Online ក្នុងឱកាសសន្និសីទកាសែតមុនការប្រកួតលីគកំពូលកម្ពុជាស្អែកនេះ ដោយលោក គីម ភក្តី បានឆ្លើយតបវិញជាខ្លឹមសារដូចតទៅ៖

៉ នៅពេលខ្ញុំចូលមកដឹកនាំនៅក្លិបបឹងកេត ក្នុងនាមជាគ្រូបណ្តោះអាសន្ន ឬគ្រូស្តីទី គឺខ្ញុំបានផ្តោតទៅលើកីឡាករជារួម (ជាក្រុម) មានន័យថា ខ្ញុំមិនបានគិតទៅលើបុគ្គលជាកីឡាករម្នាក់ៗ នោះទេ។ ដូច្នេះក្នុងលក្ខខណ្ឌ ដែលកីឡាករគ្រប់រូបសហការគ្នាបានល្អ កីឡាករទាំងនោះនឹងមានវត្តមានលើទីលានប្រកួត។   ៉ 

ក្លិបបឹងកេត នឹងបើកទ្វារកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ដើម្បីរង់ចាំស្វាគមន៍ភ្ញៀវ សមាគមកងយុទ្ធពលខេមរភូមិន្ទ ឬ Tiffy Army FC ក្នុងជំនួបលីគកំពូលកម្ពុជា រដូវកាល ២០២០ ប្រចាំសប្តាហ៍ទី ៨ នាវេលាស្អែកនេះនៅម៉ោង ៣ៈ៣០ នាទីរសៀល ខណៈការប្រកួតនឹងផ្សាយផ្ទាល់តាមរយៈបុស្តិ៍ទូរទស្សន៍ BTV News ផងដែរ៕

 

*រូបភាពៈ Boeung Ket Football Club 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628