បាល់ទាត់

បាត់មុខអស់ ១៦ ឆ្នាំ Leeds United វិលត្រឡប់មកលីគកំពូលអង់គ្លេសសាជាថ្មី

អបអរសាទរដល់ក្លិប Leeds United ដែលទទួលបានឱកាសឡើងមកលីគកំពូលអង់គ្លេស (Premier League) សាជាថ្មី ក្រោយពីធ្លាក់ចេញអស់រយៈពេល ១៦ ឆ្នាំមកហើយ ក្រោយពីការប្រកួតរបស់គូប្រជែង West Bromwich Albion បានចាញ់ Huddersfield  កាលពីយប់មិញ។

ក្នុងការប្រកួតបើកឆាកគូសប្តាហ៍ទី ៤៥ រវាងការប្រកួតក្រុមឈរលេខរៀងទី ២ ក្នុងតារាងលីគលំដាប់ទី ២ អង់គ្លេស (English Championship) ក្លិប West Bromwich Albion បានចាញ់ Huddersfield ក្នុងលទ្ធផល ២ ទល់ ១ ។ តាមរយៈការបរាជ័យនេះ បានធ្វើឲ្យ Lees United វ៉ាដាច់ ៥ ពិន្ទុ និងរុញច្រានឲ្យពួកគេមានឱកាសឡើងមកលីគកំពូលអង់គ្លេសដោយស្វ័យប្រវត្តិ ដ្បិតនៅសល់ ២ ប្រកួតទៀតទើបបញ្ចប់លីគក្តី។

តាមរយៈពិន្ទុសព្វថ្ងៃ Leeds United ត្រូវការត្រឹម ១ ពិន្ទុថែមទៀតប៉ុណ្ណោះ មានន័យថា ប្រកួតបន្ទាប់ប៉ះ Derby County ត្រូវការតែស្មើរឡើង នោះមានន័យថាពួកគេនឹងក្លាយជាជើងឯកផ្លូវការប្រចាំលីគលំដាប់ទី ២ អង់គ្លេសរដូវកាល ២០១៩/២០២០ ផងដែរ។

រំលឹកឡើងមកវិញ Leeds United ត្រូវបានគេស្គាល់ថាជាអតីតក្លិបធំមួយក្នុងតំបន់អឺរ៉ុបផងដែរ ដោយមានប្រវត្តិធ្លាប់គ្រងជើងឯកលីគកំពូលអង់គ្លេស ៣ សម័យកាល និងធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានកម្រិតទ្វីបអឺរ៉ុប (UEFA Champions League បច្ចុប្បន្ន) បានត្រឹមជើងឯករងក្នុងឆ្នាំ ១៩៧៥ ទៀតផង។ ឆ្នាំចុងក្រោយដែលពួកគេបង្ហាញវត្តមានក្នុងលីគកំពូលអង់គ្លេសនៅក្នុងរដូវកាល ២០០៣/២០០៤ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628