បាល់ទាត់

Monaco ដកតំណែងអ្នកចាត់ការទូទៅ Robert Moreno ក្រោយតែងតាំងទើបបាន ៧ ខែ

អតីតគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញស្តីទី និងទើបតែងតែត្រូវបានផ្តល់តំណែងជាអ្នកចាត់ការទូទៅនៅក្លិបលីគកំពូលបារាំង AS Monaco បានទើបរយៈពេល ៧ ខែ ក៏ត្រូវបានក្លិបសម្រេចដកតំណែងវិញពោលគឺលោក Robert Moreno ។ 

ក្លិប AS Monaco បានចេញសេចក្តីប្រកាសជាផ្លូវការក្នុងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ នេះផ្ទាល់សម្រេចដកតំណែងលោក Robert Moreno ដែលចូលមកដឹកនាំក្រុមក្នុងនាមជាអ្នកចាត់ការទូទៅកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ។ ខណៈពេលនេះ លីគកំពូលបារាំងសម្រាប់រដូវកាលថ្មី ២០២០/២០២១ ក៏មិនទាន់វិលត្រឡប់មកវិញ ដូច្នេះហើយក្លិបដែលបញ្ចប់នៅចំណាត់ថ្នាក់លេខរៀងទី ៩ ក្នុងតារាងលីគរដូវកាលនេះខាងលើ ក៏ពុំទាន់បានប្រកាសបេក្ខភាពអ្នកចាត់ការទូទៅថ្មីនៅឡើយ។

ចំពោះលោក Robert Moreno ដែលមានវ័យ ៤២ ឆ្នាំបានចាប់ផ្តើមអាជីពក្នុងនាមជាគ្រូបង្វឹក ជំនួយការគ្រូបង្វឹក និអ្នកចាត់ការទូទៅតាំងពីកំឡុងឆ្នាំ ២០០២ មកម្ល៉េះ ប៉ុន្តែជារឿយៗ គឺបានត្រឹមដឹកនាំឈុតយុវជន និងជាជំនួយការអ្នកចាត់ការទូទៅ ឬជំនួយការគ្រូបង្វឹកប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០១៩ បុរសជនជាតិអេស្ប៉ាញរូបនេះទទួលបានឱកាសឡើងធ្វើជាគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញជំនួសលោក Luis Enrique ដែលគ្រានោះសុំដកខ្លួនមួយរយៈ ទុកពេលវេលាកំដរកូនស្រីដែលជិតបាត់បង់ជីវិត (ពេលនេះបានចែកឋានទៅហើយ) ។ ការងារគ្រូធំលើកដំបូងក្នុងអាជីព Robert Moreno ធ្វើបានល្អដោយជួយជម្រើសជាតិអេស្ប៉ាញ ឈ្នះ ៧ លើក និងស្មើរ ២ លើក និងពុំស្គាល់ពាក្យចាញ់ មុនដកខ្លួនក្រោយពីលោក Luis Enrique វិលត្រឡប់មកវិញ។ តែស្ថិតនៅដឹកនាំក្លិប AS Monaco ហាក់ដូចជាពុំកាក់កបឡើយដោយដឹកនាំសរុប ១៣ លើក ឈ្នះ ៥ លើក ស្មើរ ៣ លើក និងចាញ់ ៥ លើក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628