បាល់ទាត់

អត្ថបទ Feature: Bale មិនត្រឹមតែខ្ជះខ្ជាយលុយរបស់ Real Madrid តែថែម​ទាំងទេពកោសល្យរបស់​ខ្លួនឯងផង​ដែរ

កីឡាករសញ្ជាតិ​វែល​បាន​ក្លាយ​ជា​មហាសេដ្ឋី​ម្នាក់​រួច​ហើយឬ ទើប​បាន​រូប​គេ​សុខ​ចិត្ត​អង្គុយ​កៅអី​បម្រុងស្ទើ​គ្រប់​ប្រកួត​ ដើម្បី​បញ្ជាក់​ដល់​ថ្នាក់​ដឹកនាំ​របស់​ក្លិប​ក៏​ដូចជា​គ្រូបង្វឹក​អំពីភាពអត់ធ្មត់​របស់​ខ្លួន​នៅ​កីឡដ្ឋាន Santiago Bernabeu?

ការ​អបអរសាទរ​នៃ​ការ​លើក​ពាន​របស់​ក្លិប Real Madrid កាល​ពីយប់​ថ្ងៃ​ព្រហស្បត្តិពិត​ជា​ពិបាក​ភ្នែក​មើលណាស់។  Real Madrid បាន​ប្រឹង​ប្រែងណាស់​ហើយ​ក្នុង​ការ​ទទួល​បាន​ជើង​ឯក​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​រដូវ​កាល​២០១៩/២០២០​ ហើយ​នេះ​ពិត​សាកសម​ដែល​ពួក​គេ ​គួតែទទួល​បានពាន​​ដោយ​ការ​ឈរ​លេខ​១​ក្នុង​តារាង​លីគ​ពី​លើ​ក្រុម​លេខ​២ ​Barcelona។

វា​អាច​ជាកាយវិកា​ឆ្គាំឆ្គងបន្តិច​ផង​ដែរសម្រាប់ Gareth Bale ដែល​មិន​បាន​ចែក​រំលែក​ក្ដី​អបអរ​ដល់​មិត្តរួម​ក្រុមទាំង​មូលបាន​ពេញ​លេញ​ពេល​ដែល​ពួក​គេ​ឈរ​ជុំ​វិញ​ពាន​បង្ហាញសប្បាយរីករាយ​ហើយខ្លួន​គាត់​ឈរ​ឆ្ងាយពី​គេបន្តិច​ទាំង​ភាព​ញញឹមតិច​ៗនៅ​ទីលានហ្វឹកហាត់ Valdebebas ។ ទាំង​តួនាទី ជំហរ និង​ការ​ញញឹម​ទាំង​បង្ខំ​ចិត្ត​បែបនេះ វា​ពិត​ជា​ពិបាក​និយាយណាស់។ គាត់​បាន​ដឹង​ថា​គាត់​មិន​មែន​ជា​ផ្នែកមួយ​នៃការ​ឈ្នះ​ពាន​លើក​ដំបូង​របស់ Real Madrid ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។

ត្រឡប់​ទៅ​ពេល​នោះ​! ការ​ចូល​រួម​ជួយក្រុមរបស់​គាត់​ហក់​ស្ដួចស្ដើង​ជាងគេ​ដោយ​សារ​របួស​ញ៉ាំញីពេក។​អីចឹង​ក៏​ដោយ!​គាត់​នៅ​តែ​រក​បាន​គ្រាប់​បាល់​៩​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន២៧​ប្រកួត។ គិត​មក​ដល់​ពេល​នេះវិញ​គឺ​ហាក់​ដូច​ជាបៀសន្លឹក​ធីប ឬ​កីឡាករលើស​តម្រូវ​ការ​ទៅ​វិញ។ ទោះបី​ជា​​ Marco Asensio និង Eden Hazard របួស​ក្ដី​ Bale បង្ហាញខ្លួន​បាន​ត្រឹម​៩​នាទី​ប៉ុនណោះ ក្នុងការ​បង្ហាញខ្លួន​២​ប្រកួត​ក្នុង​ឈុត​ដំបូង​ចាប់​ពី​ខែមីនា​ដល់​ខែ​កក្កដា។ ក្នុង​ចំណោម​១២​ប្រកួតចុង​ក្រោយ​របស់ Real Madrid ​រក​គេ​អង្គុយ​មើល​មិត្តរួម​ក្រុម​លេង១០​ប្រកួត​ទៅ​ហើយ។

គាត់មានអារម្មណ៍ធុញទ្រាន់ខ្លាំងណាស់​ហើយគាត់ចាប់ផ្តើមលេងសើចខ្លួនឯងដោយធ្វើពុតជាដេកលក់ក្នុងកំឡុងពេលឈ្នះ Alaves  ២-០ កាលពីសប្តាហ៍មុន មុនពេលមូរក្រដាសធ្វើកែវយឹតមួយគូអំឡុងពេល Real Madrid ទទួលជ័យជម្នះនៅរាត្រីថ្ងៃច័ន្ទជាមួយ Granada ។ សូម្បីតែ Dimitar Berbatov ដែលជាតួអង្គដ៍សំខាន់ម្នាក់ដែលត្រូវបានគ្រូបង្វឹកមើលរំលងសម្រាប់ការប្រកួតធំ ៗ មួយចំនួនអំឡុងពេលគាត់នៅឯក្រុម Manchester United មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ Bale ។

ខ្សែ​ប្រយុទ្ធទើបចូលនិវត្តន៍​រូបនេះ​បាន​និយាយ​ក្នុង​កាសែត Betfair  កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា៖” វា​ពិត​ជា​គ្មាន​វិជ្ជាជីវៈ​ហើយ​ជា​ការ​គិនគោរពក្លិប​ Real Madrid។ ពិត​ណាស់​! ខ្ញុំដឹងពី​ការ​ឈឺចាប់របស់​គាត់។ ខ្ញុំក៏​ធ្លាប់​អង្គុយមើល​គេ​លេង​ដូច​គាត់​ហើយ​នរណាក៏​មិន​អាច​ផ្ដល់​ចម្លើយដល់​គាត់​ថាមក​ពី​មូលហេតុអ្វី​ដែរ។​ដូច្នេះហើយ​អ្នក​បង្ហាញអារម្មណ៍​ខឹងនឹង​រឿង​ទាំងនោះ។ ប៉ុន្តែ​ខ្ញុំ​មិន​គាំទ្រ​ទង្វើរដែល​គាត់ធ្វើ​នោះ​ទេ។​ប្រសិន​បើ​ខ្ញុំជា​អ្នក​គាំទ្រ Real Madrid ហើយ​ឃើញ​កីឡាករ​មិន​គោរពក្រុម​ដូច្នេះ វា​គ្រប់​គ្រប់​គ្រាន់​ហើយ​វា​លើស​ពេក​ហើយ”។

” វា​ជា​ការ​បង្ហាញពី​ថាមពលរបស់​អ្នក។​អ្នក​គួរតែ​និយាយ​ថា​ចូរ​ដាក់​ឲ្យ​ខ្ញុំលេង ខ្ញុំនឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អ្នក។​ពេល​នេះ​វា​មិន​មែន​ពេល​វេលា​ត្រេមត្រូវ​របស់​ខ្ញុំ​ទេ។​ដំណោះស្រាយរបស់​Bale ពេលនេះ​មាន​តែ​ចាក​ចេញ​ពី Real Madrid”។

Real Madrid អាច​នឹងពេញ​ចិត្តឲ្យ​ Bale ចាក​ចេញ​ដោយ​ហ៊ាន​បង់​ថ្លៃលើ​កុងត្រា​២​ឆ្នាំ​ដែល​នៅ​សល់។​​ប្រាក់​ឈ្នួល​ភ្ជាប់​ជាមួយកុងត្រា​របស់​ Bale គឺ​១៧.២លានដុល្លារ​ក្នុង​មួយឆ្នាំ។ តែយ៉ាងណាក៏​ដោយ! ការ​ចាក​ចេញ​ពី Real Madrid របស់​កីឡាករសញ្ជាតិ​វេល​រូបនេះហាក់​មិន​ទាន់​អាច​សន្និដ្ឋាន​បាន ព្រោះក្លិប​ក្នុង​ពិភពលោក​នេះ​មិន​ទាន់​មាន​នរណា​ប្រកាស​ពី​ការ​ចង់​បាន​ Bale ដោយសារ​តម្លៃប្រាក់​ឈ្នួល​។

​សូម្បី​តែ​ភ្នាក់ងារ​របស់​គាត់​លោក Jonathan Barnett ក៏​បាន​និយាយ​ជា​សាធារណដែរ​ថា​ Bale មិន​ចំណាប់​អារម្មណ៍តិច​តួច​ប៉ុនណោះ​ក្នុងការ​ត្រឡប់​ទៅ​លេង​នៅ​ Premier League វិញក្នុង​ពេល​នេះ។ គាត់​នឹង​ចូល​រយម​តែ​ជាមួយក្លិប​ណាដែលយ៉ាង​ហោច​​ណាស់​អាច​ផ្ដល់ប្រាក់​ឈ្នួលប្រហាក់ប្រហែល​ក្លិប​បច្ចុប្បន្ន។ ​អីចឹង​ហើយ​បាន​ជា​រូប​គេ​ចង់​ទៅ​លេង​នៅ​ក្លិបណាមួយក្នុង​លីគ​កំពូល​ចិន​កាល​ពី​រដូវ​កាល​មុន។

កិច្ចព្រមព្រៀង​នោះ​ពេល​នេះ​បានបរាជ័យ ហើយ​ពេល​នេះ​ទំនាក់ទំនង​របស់​គាត់​ជាមួយ Real Madrid ក៏​ដូច​គ្នាដែរ។ Bale មិន​មាន​ទំនាក់ទំនងល្អ​ដ៏​រឹង​មាំ​ជាមួយលោក Zidane ចាប់​តាំង​ពី​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​មក​ដឹកនាំ​កាល​ពី​ដំបូងមក​ម្ល៉េះ។ Zidane បាននិយាយថាលោកមិនមានអ្វីផ្ទាល់ខ្លួនល្អក់កករជាមួយ Bale នោះ​ទេ ហើយគាត់ក៏មិនបានបង្ហាញអំពីឆន្ទៈរបស់គាត់ក្នុងការធ្វើឱ្យ Bale ចាក​ចេញនៅដើមរដូវកាលនេះដែរ។លោក Barnett មានអារម្មណ៍ឈឺចាប់ហើយបង្ហាញថាគ្រូបង្វឹកបារាំងរូបនេះមិនដែលនិយាយអាក្រក់អំពីខ្សែបម្រើស្លាបនោះទេ តែមិន​ដាក់​ឲ្យ​កីឡាករ​លេង​ពេញ​លេញ។ ក្នុង​ចិត្ត​គាត់​កំពុង​គិត​អី?។

អ្នក​ទាំងពីរមិនមានភាពស្អប់ខ្ពើមគ្នាអី​នោះទ។អ្នក​ទាំងពីរ​គ្រាន់​តែ​មាន​ទំនាក់​ទំនង​គ្នាបានល្អប៉ុនណោះ។ ផ្ទុយទៅវិញលោក Florentino Perez តែងតែមានការពេញចិត្តចំពោះ Bale ដែលគាត់បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ពេល​ទិញ​ពី Spurs កាលពីឆ្នាំ ២០១៣ ។ប៉ុន្តែប្រធាន Real រូបនេះ​បាន​ដឹង​ថាពេលដែល​លោកបាន​យក​ Zidane មក​ដឹកឡើងវិញ លោកបានដឹងថាដល់ចុងបញ្ចប់នៃផ្លូវដើរសម្រាប់ Bale នៅ Real Madrid ហើយ ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ប្រសិនបើមានក្លឹបចិនណាមួយក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសចិនមានឆន្ទៈក្នុងការបង់ថ្លៃផ្ទេរនិង​ប្រាក់​ឈ្នួលកីឡាកររូបនេះ។ប៉ុន្តែការ​ពិភាក្សា​បានបរាជ័យ​ក៏ព្រោះ​តែ Asensio របួសធ្ងន់ធ្ងរ។ ស្រប​ពេល Hazard មិនមានភាពរឹងមាំគ្រប់គ្រាន់​ក្នុង​ពេល​នោះ លោក Perez បាន​គិត​ថា​គាត់​មិន​គួរ​លក់​កីឡាករ​រូបនេះចេញ​ ពេល​ដែល​កីឡាករ​ក្នុង​តំបន់​ប្រយុទ្ធរបស់ក្លិបកំពុង​មាន​បញ្ហា។

អីចឹង​ក៏​ដោយ!​ស្ថានភាពរបស់ Bale ហាក់​ផ្ទុយពី​ការ​គិត​របស់​ប្រធាន​ក្លិប។​គាត់​ត្រូវ​បាន​កាសែត​អេស្ប៉ាញ​រិះគន់អំពី​ការ​មិន​សូវពូកែនិយាយភាសាអេស្ប៉ាញ ការ​ស្រឡាញ់ពេញ​ចិត្ត​ការ​វាយ​កូនហ្គោល ដែល​គ្រាន់​តែ​ជារឿង​តូច​តាច​មួយ។ ទោះយ៉ាងណា Bale បានទទួលការកោតសរសើរចំពោះជំនាញនិងការបង្ហាញរទម្រង់របស់ខ្លួន អំឡុងពេលបើកយុទ្ធនាការដំបូងក្នុង La Liga រដូវ​កាល២០១៩/២០ ។

មក​ដល់ដំណាក់​កាលទីផ្សារដោះដូរកីឡាកររដូវ​រងារឆ្នាំនេះ ស្ថានភាពរបស់​គាត់កាន់តែយ៉ាប់យ៉ឺន។ ភ្នាក់ងាររបស់ Bale នៅតែសង្ឃឹមថាគាត់នឹងផ្លាស់ប្តូរក្លិប​ទៅ​លេង​នៅ​កន្លែងណាមួយមានទីតាំងឆ្ងាយពី Bernabeu ប៉ុន្តែក្លឹបនៅ​តែរក្សា​គាត់​ដដែល។ ក្នុង​ពេល​មួយដែលជម្រើស​ជាតិវែលបានធ្វើ​អបអរសាទរឡើង​ទៅ​លេង​ជមចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍ Euro 2020 កាល​ពីខែវិច្ឆិកា ក្នុង​ទង់​ជាតិ​វែល​សរសេរ​ថា “Wales. Golf. Madrid. ដែល​មាន​ន័យថា គិតជម្រើសជាតិ​វែលមុន​គេ បន្ទាប់​មកលេងវាយ​កូន​ហ្គោល​ហើយ​ចុង​ក្រោយ​ដាក់​ថា​លេងឲ្យ​ Madrid ចុង​ក្រោយ​គេ។

គាត់​នឹង​មិត្តរួម​ជម្រើស​ជាតិវែល​និង​ប្រជាជន​ក្នុង​ប្រទេ​គិត​ថា​នេះ​ជា​រឿង​គួរឲ្យចង់​សើចប៉ុនណោះ ប៉ុន្តែ​អ្នក​នៅ Real Madrid មិន​គិត​បែប​នេះ​ទេ។​ពេល​នោះ​ Bale នៅ​តែ​មានទំនាក់​ទំនងល្អ​ជាមួយ Zidane ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​និយាយ​ជា​សាធារណថាក្លិប​មាន​សាមគ្គីភាពល្អណាស់។ ពេល​នោះ​ Bale លេង​ក្នុង​ជម្រើស​ដំបូង​៦​ប្រកួតចាប់​ពី​លើក​ទង់​ជាតិ​ជម្រើស​ជាតិ​វែលមក។

វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលកាល​ពី​ប៉ុន្មានថ្ងៃ​មុន​គាត់​ហាក់​មិន​ចង់អបអរសាទរការ​ឈ្នះ​ពាន​ La Liga លើក​ទី​៣៤​របស់ Real Madrid។ មានការអះអាងថា Bale លែងចង់លេងបាល់ទាត់ទៀតហើយ។​អ្វី​ដេល​គាត់​នៅ​គឺ​ដើម្បី​តែ​លុយ​ប្រាក់ឈ្នួល​ដ៏​ខ្ពស់​ផុត​លេខ​មួយ​នវេះប៉ុនណោះ។

ទោះយ៉ាងណាក៏ដោយ! គាត់នៅតែយកចិត្តទុកដាក់ចំពោះវែលដដែល មិន​មែន​ត្រឹម​តែ Real Madrid នោះ​ទេ។ ប្រសិនបើគ្មានក្លឹបណាយល់ព្រមធ្វើតាមការទាមទារប្រាក់ឈ្នួលរបស់គាត់ទេនោះ គាត់ពិតជារីករាយក្នុងការស្នាក់នៅ Bernabeu រយៈពេលពីរឆ្នាំទៀត។ ឥរិយាបថនេះគឺថាប្រសិនបើ Real មិនចង់ដាក់ឲ្យគាត់លេងនោះជាបញ្ហារបស់ក្លិប។

ពិតណាស់​!​នេះ​មិន​មែន​ជាស្ថានភាពដ៏​សោកសៅរបស់​គាត់​នោះ​ទេ​ខណៈ​ដែល​គាត់​បាន​ក្លាយ​ជា​មហាសេដ្ឋីដោយ​សារ​ការ​ឈ្នះ​ពាន Champions League ជា​ច្រើន​ដងរួច​ទៅ​ហើយ។ លោក Barnett បាននិយាយ​កាល​ពី​មួយខែ​មុន​ថា៖ គាត់​មាន​ជីវិត​របស់​នៅ​យ៉ាង​ស៊ីវិល័យ​ទោះ​បី​ជា​គាត់​មិន​បាន​លេង​ឲ្យ​ Real Madrid ឬ​ក៏​បន្ត​ដំណើរ​ជាមួយ​ក្លិប​នេះ​ត​ទៅ​ទៀត”។

“​ចុង​ក្រោយ​គាត់​អាច​សម្រាកសោយសុក​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​គាត់ជាមួយប្រពន្ធនិង​កូនៗរួម​តាំង​ចៅ​ផង​ដែរ។ គាត់​បាន​ឈ្នះ​ពាន​គ្រប់​យ៉ាង​ជាមួយក្លិប​ហើយ​តែ​ឈ្នះពាន World Cup “។

“ការ​ត្រឡប់​ទៅ​លេងនៅ​ Premier League គឺ​ជា​រឿង​ដ៏​ធំ​មួយប៉ុន្តែ​ខ្ញុំ​គិត​ថា​គាត់មិន​ចង់​ផ្ទេរ​ទៅ​លេង​នៅ​ពេល​នេះ​ទេ ខណៈ​ដែល​គាត់​សប្បាយចិត្ត​ជាមួយ Real Madrid ។ វា​ជា​ជីវិតរបស់​គាត់”។

សម្រាប់​ Bale នៅ​សល់ពេល​វេលា​៣​ឬ​៤​ឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​អាជីព​ជា​កីឡាករបាល់​ទាត់​។ តែ​បើ​គាត់​នៅអង្គុយមើល​គេ​លេង​ចាំ​តែ​យក​ប្រាក់​ឈ្នួល​នោះ យើង​អឆាច​និយាយ​បាន​ថា​គាត់​បន្ត​ខ្ជះខ្ជាយទេពកោសល្យរបស់​គាត់ ហើយ​បន្តខ្ជះខ្ជាយលុយ​របស់​ Real Madrid ។​តើ​មាន​នរណា​ដឹង​ថា​ Bale គិត​យ៉ាងណា? មានតែ​កីឡាករ​ខ្លួន​ឯង​ប៉ុនណោះ​ដែលដឹង​អំពី​ស្ថានភាព​ទទួល​បាន​លុយ​ទាំងបាច់ៗ​ពី​មួយ​អាទិត្យ​ទៅ​មួយអាទិត្យ៕

 

អត្ថបទ៖ សំណាង​ មង្គល

ប្រភព៖ Goal.com

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628