បាល់ទាត់

មូលហេតុចម្បង ៤ យ៉ាងនាំ Real Madrid ជោគជ័យគ្រងជើងឯក La Liga ឆ្នាំនេះ

Real Madrid បានគ្រងដំណែងជើងឯកលីគកំពូលអេស្ប៉ាញ (La Liga) រដូវកាល ២០២០/២០២១ ក្រោយពីធ្វើបានល្អជាក្រុម បន្ទាប់ពីវិលត្រឡប់មកវិញនៃសកម្មភាពបាល់ទាត់ដែលឈប់មួយរយៈដោយសារជំងឺ COVID-19 ។ ទម្រង់ជាក្រុមល្អ ប្រព័ន្ធការពារដ៏មានប្រសិទ្ធភាព គ្រូកាយសម្បទាដ៏ជំនាញ និងសំណាង គឺជាហេតុផលចម្បង ៤ យ៉ាងនៅពីក្រោយភាគជោគជ័យរបស់ក្លិរហស្សនាមអធិរាជសខាងលើ។

១.ទម្រង់លេងជាក្រុមដ៏គួរឲ្យចាប់អារម្មណ៍ៈ Real Madrid បានបញ្ចប់ពាក្យចចាមអារ៉ាម ដែលកន្លងមកបានលើកឡើងថាក្រុមទាំងមូលតែងរំពឹងលើអតីតកីឡាករ Cristinao Ronaldo ដែលបានចាកចេញទៅ Juventus ហើយក្លិបកាលពីរដូវកាលមុនធ្វើពុំសូវបានល្អ។ ការសហការគ្នាក្នុងក្រុមបានកើនឡើងក្រោមការដឹកនាំរបស់លោក Zinedine Zidane ជាជាក់ស្តែងអ្នកចាំទី Thibaut Courtois បានរក្សាសំណាញ់ទីបានល្អជាងគេប្រចាំរដូវកាល ប្រធានក្រុម Sergio Ramos ក៏រកគ្រាប់បាល់បានច្រើនក្នុងនាមជាខ្សែការពារ ឯខ្សែប្រយុទ្ធ Karim Benzema ក៏ស្ទើរតែក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំរដូវកាល ដោយរកបានដល់ ២១ គ្រាប់ ចាញ់តែតារាឆ្នើម Lionel Messi ៤ គ្រាប់ប៉ុណ្ណោះ។

 

២.ប្រព័ន្ធការពារដ៏រឹងមុាំៈ ក្រឡេកមកមើលប្រព័ន្ធការពារជារួមវិញ ច្បាស់ណាស់ទៅហើយ! Real Madrid គឺជាក្រុមដែលរបូតគ្រាប់បាល់តិចជាងគេបង្អស់នៅពេញមួយរដូវកាលនៃក្របខណ្ឌ La Liga ២០១៩/២០២០ ពោលប្រកួត ៣៨ សប្តាហ៍ រ​បូតត្រឹម ២៥ គ្រាប់ប៉ុណ្ណោះ ខណៈតាមពីក្រោយ Atletico Madrid របូត ២៧ គ្រាប់ ចំណែកគូប្រជែងដ៏ស្វិតស្វាញ FC Barcelona របូតដល់ទៅ ៣៨ គ្រាប់។ ក្នុងការប្រកួតពេញមួយរដូវកាលនេះ Real Madrid បានរក្សាសំណាញ់ទីមិនឲ្យរបូត (Clean-Sheet) ដល់ទៅ ១៥ លើក ក្នុងនោះ ៥ លើកជាប់គ្នានៅកំឡុងបាល់ទាត់វិលត្រឡប់មកវិញក្រោយសម័យកាល COVID-19 ថែមទៀត។

 

៣.វត្តមានលោក Gregory Dupont : នៅពីក្រោយភាគជោគជ័យក្នុងឆ្នាំនេះ ក៏មិនភ្លេចដល់បុរសម្នាក់នេះ ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះលោក Zinedine Zidane ដែលបាននាំយករូបគាត់មកចូលរួមជាមួយ Real Madrid ។ លោក Gregory Dupont គឺជាបុរសជនជាតិបារាំង និងមានតួនាទីជាប្រធានផ្នែកកាយសម្បទាកីឡាករ។ កន្លងទៅថ្មីៗ ក្នុងឆ្នាំ ២០១៨ រូបគាត់ក៏ជាសមាជិកក្នុងក្រុមការងារគ្រូបង្វឹករួមចំណែកឲ្យជម្រើសជាតិបារាំងគ្រងជើងឯក FIFA World Cup នៅប្រទេសរុស្សីរួមផង។ អាចលើកឡើងថាជារឿងចៃដន្យផងដែរ វត្តមានរបស់អ្នកជំនាញកាយសម្បទារកីឡាកររូបនេះបានមកដល់ចំពេលដែលតម្រូវការជាចាំបាច់ ពីព្រោះកំឡុងសម័យកាលបាល់ទាត់សម្រាក់ដោយសារ COVID-19 ក្លិបនីមួយៗ មានការបារម្មចំពោះការចុះថមថយផ្នែកកាយសម្បទារកីឡាករ ប៉ុន្តែលោក Gregory Dupont បានបំពេញតួនាទីបានល្អ ដោយធ្វើការតាមដាន និងដាក់លំហាត់អនុវត្តន៍នៅគេហដ្ឋានដល់កីឡាករនីមួយៗ ជារៀងរាល់ថ្ងៃ ដោយថែមទាំងមានការ Video Call Online ដាស់តឿនកីឡាករជាប្រចាំទៀតផង។

 

៤.សំណាង? : ផ្ទុយពីមតិរិះគន់ដោយឥតភ័ស្តុតាងនានា យើងអាចសន្និដ្ឋានបានមកវិញថា Real Madrid ពិតជាសំណាងល្អផងដែរ ដោយអំណោយផលពីប្រព័ន្ធបច្ចេកវិទ្យាជំនួយការអាជ្ញាកណ្តាល (VAR) និងការកាត់សេចក្តីលើទីលានជារួម។ ជាក់ស្តែង! ក្នុងចំណោម ១០ ប្រកួតដំបូងក្រោយវិលត្រឡប់មកវិញនៃសកម្មភាពបាល់ទាត់ ពួកគេទទួលបានឱកាសរកគ្រាប់បាល់តាមរយៈការទាត់បាល់ពិន័យ ១១ ម៉ែត្ររហូតដល់ទៅ ៥ លើក។ នេះក៏ជាមូលហេតុគួបផ្សំមួយដែរ បានត្រួសត្រាយផ្លូវនាំមកភាពជោគជ័យដល់ការគ្រងជើងឯក La Liga រដូវកាល ២០១៩/២០២០ ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628