បាល់ទាត់

Santi Cazorla នឹងចូលរួមក្លិបលីគកំពូលកាតា Al Sadd ក្រោមការដឹកនាំរបស់ Xavi

កីឡាករឆ្នើមសញ្ជាតិអេស្ប៉ាញ Santi Cazorla នឹងធ្វើដំណើរទៅចូលរួមជាមួយក្លិបលីគកំពូលកាតា Al Sadd SC ក្រោយពីប្រកាសចាកចេញពីក្លិប Villarreal CF ក្រោយបញ្ចប់រដូវកាល ២០១៩/២០២០ តទៅ។

កីឡាករវ័យ ៣៥ ឆ្នាំខាងលើបានបង្ហាញខ្លួនជាលើកចុងក្រោយក្នុងក្របខណ្ឌ La Liga កាលពីប៉ះជាមួយ Eibar បន្ទាប់ពីធ្វើដំណើរមកចូលរួមរយៈពេល ២ រដូវកាលមកហើយ។

ក្រោយការចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរ Santi Cazorla ប្រាកដជាធ្វើដំណើរទៅចូលរួមក្នុងនាមជាកីឡាកររបស់ក្លិបលីគកំពូលកាតា Al Sadd SC សមាជិកលីគកំពូលកាតា និងស្ថិតនៅក្រោមការដឹកនាំរបស់អតីតមិត្តរួមជម្រើសជាតិ និងជាវីរៈបុរសក្លិប FC Barcelona ពោលគឺ Xavi ។ ប៉ុន្តែចំពោះរយៈពេលនៃការចុះកិច្ចសន្យាត្រូវរង់ចាំការប្រកាសជាផ្លូវការពីក្លិបផ្ទាល់។

ក្រឡេកមើលអតីតកាលបន្តិច Santi Cazorla បានសាងកេរ្តិ៍ឈ្មោះខ្លាំងក្នុងការចូលរួមជាមួយក្លិបលីគកំពូលអង់គ្លេស Arsenal តាំងពីឆ្នាំ ២០១២ និងបានចំណាយពេលនៅទីនោះ ៦ រដូវកាល ដោយបង្ហាញខ្លួនសរុប ១៨០ ប្រកួត។ ក្រៅពីនេះរូបគាត់ធ្លាប់លេងឲ្យក្លិប Malaga និង Heuvla ២ រដូវកាលផងដែរ ខណៈសល់ពេលវេលាប់ុន្មានបានចំណាយជាមួយក្លិបបណ្តុះបណ្តាលតាំងពីកុមារភាពរបស់គាត់គឺ Villarreal CF នេះឯង។

ក្នុងជម្រើសជាតិអេស្ប៉ាញវិញ បុរសកម្ពស់ ១.៦៨ ម៉ែត្រខាងលើធ្លាប់រួមចំណែកជួយឲ្យគ្រងជើងឯក UEFA Euro ២ សម័យកាលជាប់គ្នា ២០០៨ និង ២០១២ ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628