បាល់ទាត់

កីឡាករឥណ្ឌូនេស៊ីម្នាក់ នឹងលេចវត្តមាននៅ Premier League នារដូវកាលបន្ទាប់

១៦ ឆ្នាំកន្លងផុត Leeds United បានវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេស (Premier League) សាជាថ្មី ពោលនារដូវកាលបន្ទាប់ ២០២០/២០២១ ក្នុងនោះផងដែរ ក៏បាននាំយកសមាជិកជាកីឡាករមានខ្សែស្រឡាយដូនតានៃជនជាតិឥណ្ឌូនេស៊ីម្នាក់រួមផង។

Leeds United អាចនឹងទាក់ទាញការចាប់អារម្មណ៍របស់អ្នកគាំទ្រឥណ្ឌូនេស៊ីមួយកម្រិតថែមទៀត ដោយខ្សែការពារវ័យក្មេង Pascal Struijk ដែលមានជាប់សាច់ឈាមជាជនជាតិនៃតំបន់អាស៊ីអាគ្នេយ៍យើង។

កីឡាកររូបនេះលេងក្នុងតំណែងខ្សែការពារកណ្តាល និងសព្វថ្ងៃមានវ័យទើប ២០​ ឆ្នាំប៉ុណ្ណោះ។ បើតាមការធ្លាប់លើកឡើងដោយផ្ទាល់ពីកីឡាករកម្ពស់ ១.៩០ ម៉ែត្ររូបនេះបានឲ្យដឹងថា ជីដូនជីតា របស់គេគឺជាជនជាតិឥណ្ឌូនេស៊ីសុទ្ធសាធ ដែលបានធ្វើដំណើរទៅប្រទេសហូឡង់ តាំងពីសម័យអនានិគមលើឥណ្ឌូនេស៊ី។ ដូច្នេះមានន័យថា ឪពុក របស់គេក៏ជាជនជាតិឥណ្ឌូនេស៊ីផងដែរ ទោះបីកីឡាកររូបនេះផ្ទាល់បានចាប់កំណើត និងធំធាត់នៅក្នុងប្រទេសហូឡង់ក្តី។

ពីកុមារភាព Pascal Struijk បានទទួលការបណ្តុះបណ្តាលចេញពីថ្នាល់យុវជនក្លិបល្បីនៅហូឡង់ AFC Ajax ក្រោយមកក្នុងឆ្នាំ ២០១៨ ក៏បានផ្ទេរមកចូលរួមថ្នាល់យុវជនរបស់ក្លិប Leeds United ។ ១ ឆ្នាំក្រោយមកពោលក្នុងរដូវកាល ២០១៩/២០២០ នេះផ្ទាល់ ក៏មានឱកាសតម្លើងមកក្នុងឈុតធំ ខណៈមួយរដូវកាលមកនេះបានបង្ហាញខ្លួនចំនួន ៤ លើក។

កាលនៅពីក្មេងក៏ធ្លាប់ត្រូវបានកោះហៅ និងបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហូឡង់ឈុត U17 ចំនួន ២ លើកផងដែរ ប៉ុន្តែក្រោយមកពុំដែលទទួលបានការចាប់អារម្មណ៍កោះហៅទៀតឡើយ ដូច្នេះសម្រាប់ពេលអនាគតរូបគេអាចស្នើតាមរយៈ FIFA ចូលរួមជាមួយជម្រើសជាតិឥណ្ឌូនេស៊ីក៏បាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628