បាល់ទាត់

ស្ថានភាព​រៀប​ចំក្រុមរបស់​ជម្រើស​ជាតិ​នានា​ក្នុងពូល Aនៃ ​AFC U19 Championship 2020 ដល់​ណាដល់​ណី​ហើយ?

ពានរង្វាន់ AFC U19 Championship 2020 នឹង​មក​ដល់​ថ្ងៃ១៤​ ដល់​៣០ខែតុលា​ឆ្នាំ​២០២០​ ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា ​ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​​១៩​ឆ្នាំ​ស្ថិត​ក្នុង​ពូល A ជាមួយម្ចាស់​ផ្ទះ​អូសបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុម​ជម្រើស​ជាតិ​ U-19 អ៊ីរ៉ង់។ មក​ដល់​ពេល​នេះ​តើ​ក្រុម​ទាំងអស់​ក្នុង​ពូល A រៀប​ចំ​ខ្លួន​សម្រាប់​ពាន​រង្វាន់​នេះ​ដល់​កម្រិត​ណា​ហើយ?

ជម្រើស​ជាតិ​អ៊ីរ៉ង់ U19៖

គិត​មក​ដល់​ពេល​នេះ​! ក្រុម​ជម្រើស​ជាតិ​វ័យ​ក្រោម​១៩​ឆ្នាំ​អីរ៉ង់​ មិន​ទាន់​បាន​រៀប​ចំ​ខ្លួន​ហ្វឹកហាត់ត្រៀម​សម្រាប់​ពាន​រង្វាន់ AFC U-19 នៅ​ឡើយ​ទេ​ ក៏​ព្រោះ​តែ​បញ្ហា​មួយចំនួន​ក្នុង​ប្រទេស។ តាម​ពិត​ទៅ​!​ជម្រើស​ជាតិ​ក្នុង​តំបន់​មជ្ឈឹមបូពា៌មួយ​នេះ​ មិន​ទាន់​មាន​គ្រូបង្វឹកដឹកនាំ​នៅ​ឡើយ​ទេ បន្ទាប់​ពី​លោក Sirous Pourmousavi បាន​ចាក​ចេញ​ពី​ដំណែង​កាល​ពី​មិថុនា។

ពេល​នេះ​សហព័ន្ធកីឡាបាល់​ទាត់​អ៊ីរ៉ង់ ​កំពុង​ពិភាក្សា​ជ្រើសរើស​បេក្ខភាព​គ្រូ​បង្វឹក ដែល​សាកសម​សម្រាប់​ក្រុម ហើយ​ពួក​គេ​បាន​រក​ឃើញ​បេក្ខភាព២​រូប​គឺ​ លោក  Alireza Mansourian និង Hamid Estili ប៉ុន្តែ​អ្នក​ទាំងពីរ​បដិសេធ​មិន​មក​ជួប​សហព័ន្ធតាម​ការ​គ្រោង​ទុក​នោះ​ទេ។ គណៈកម្មាធិការបច្ចេកទេស និងអភិវឌ្ឍន៍របស់​សហព័ន្ធអ៊ីរ៉ង់​ក៏​ឆ្ពោះ​មក​រក​លោក  Sohrab Bakhtiarizadeh ។ ទោះបីជាសមាជិកគណៈកម្មាធិការបានយល់ព្រមតែងតាំង Bakhtiarizadeh ជា​គ្រូ​បង្វឹក​ក៏ដោយ ក៏មន្រ្តី FFIRI មួយចំនួនបានបដិសេធ។ ទីបំផុតលោក Bakhtiarizadeh បានក្លាយជាគ្រូបង្វឹកថ្មីនៃក្លិបបាល់​ទាត់អាជីព  Shahr Khodro ក្នុង​លីគ​កំពូល​អ៊ីរ៉ង់។

FFIRI ក៏​បានបង្វែររ៉ាដា​មក​លោក Pourmousavi ឲ្យ​មក​ដឹកនាំ​ក្រុមជម្រើស​ជាតិ​ U19 ម្ដង​ទៀត​ ប៉ុន្តែ​គ្រូ​បង្វឹក​រូបនេះ​បាន​ទទួល​ការងារ​ជា​គ្រូ​បង្គោល​ក្លិប Pars Jonoubi កាល​ពី​២​ថ្ងៃ​មុន​បាត់​ទៅ​ហើយ។

ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី U19៖

ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​វ័យ​ក្រោម​១៩​ឆ្នាំ​ជា​ក្រុម​ឡើងពី​អាស៊ាន​ទៅ​ក្នុង​នាម​ជា​ក្រុម​លេខ​មួយក្នុង​ពូល តែ​យ៉ាងណា​ក៏​ដោយ!​គិត​មក​ដល់​ពេល​នេះ​ពួក​គេ​មិន​ទាន់​បាន​រៀប​ចំ​ក្រុមហ្វឹកហាត់​នៅ​ឡើយ​ទេ ​ដោយ​សារ​សហព័ន្ធកីឡាបាល់​ទាត់​ឥណ្ឌូនេស៊ី​កំពុងអង្គុយរង់ចាំ​គ្រូបង្វឹក​លោក Shin Tae-Young ត្រឡប់​មក​ពី​ប្រទេស​កូរ៉េខាងត្បូង។

ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ មាន​គម្រោង​ប្រមូលផ្ដុំហ្វឹកហាត់​នៅ​ទីក្រុង​ហ្សាកាតា ​មុន​ពេល​ធ្វើ​ដំណើរទៅ​បោះ​ជុំរំហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ពួក​គេ​គ្រោង​នឹង​ធ្វើ​នៅ​ចុង​ខែមិថុនា ​និង​ដើម​ខែ​កក្កដា​នេះ ​ប៉ុន្តែ​បរាជ័យដោយ​សារ​ស្ថានភាព​ការ​ឆ្លង​វីរុសកូវីដ១៩​នៅ​ក្នុង​ប្រទស​នៅ​តែ​បន្តកើត​មាន​មិន​ថមថយ។ សមាជិកគណៈកម្មា ធិការប្រតិបត្តិនៃ PSSI លោក Exri Erawan បានមានប្រសាសន៍ថា៖“ ប្រសិនបើអាចធ្វើទៅបានក្រុមជម្រើស​ជាតិ​ U19 នឹង​ប្រមូលផ្ដុំហ្វឹកហាត់នៅហ្សាកាតាជាមុនសិន។ តែ​បច្ចុប្បន្ន! PSSI កំពុងរង់ចាំ​ការ​វិល​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េខាងត្បូងរបស់​លោក Shin Tae-Young ។ PSSI ចង់​ឲ្យ​គ្រូ​បង្វឹក​រូបនេះ ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​កីឡាករ​និង​ក្រុមការងារ​ជម្រើស​ជាតិ​ប៉ុន្តែ​មិន​អាច​ទៅ​រួច”។

ដោយសារមិនមានសកម្មភាពបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងដោយសារតែការរីករាលដាលនៃវីរុស Corona ផងនោះ Tae-yong បានសម្រេចចិត្តវិល​ត្រឡប់​ ទៅប្រទេសកំណើតរបស់ខ្លួនវិញគឺប្រទេសកូរ៉េខាងត្បូង។ គាត់បានវិលត្រឡប់ទៅផ្ទះវិញជាមួយគ្រូជំនួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីចំនួន ៤ នាក់ដែលមកពីប្រទេសនោះដែរ​ គឺលោក Kim Hae-woon, Ko Gyun-gyun, Woo Jae-kim, និង Jae-hong Lee។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! លោក Tea Young នៅ​តែបំពេញ​ភារកិច្ចរបស់​ខ្លួន​ពី​ប្រទេស​កូរ៉េខាងត្បូង។ អ្នក​បកបប្រែលោក Seongnam Ilhwa Chunma បាន​រៀប​ចំ​កោះ​ហៅ​កីឡាករ​ប្រមូលផ្ដុំ​កីឡាករ​ជម្រើស​ជាតិ U-19 តាំង​ពី​ខែឧសភាមក​ម្ល៉េះ តែ​មិន​បាន​ហ្វឹកហាត់​នោះ​ទេ។​ ពេល​នេះកីឡាករ​ជម្រើស​ជាតិ​វ័យ​ក្រោម១៩​ឆ្នាំ​ឥណ្ឌូនេស៊ី​បានមក​ធ្វើ​តេស្តិ៌​រក​រកមេរោគ កូវីដ-១៩​និង​ធ្វើ​តាម​ការណែនាំរបស់ក្រសួងសុខាភិបាលមុន​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់​ផ្លូវ​ការ។

ជម្រើស​ជាតិ​អូសបេគីស្ថាន៖

VEHA Media បាន​ចុះ​ផ្សាយ​អំពីការ​ត្រៀម​ខ្លួន​របស់​ជម្រើស​ជាតិ​អ៊ុយបេគីស្ថាន​កាល​ពី​មួយ​ខែ​មុន​មក​ម្លេះ​ ដែល​បងប្អូន​អាច​ចុច​មើល​ទីនេះ។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក្រុម ជម្រើស​ជាតិអូសបេគីស្ថាន​បាន​ត្រៀម​ខ្លួន​តាំង​ពី​ខែ​៥​មក​ម្ល៉េះ​ ហើយ​ថែម​ទាំង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយក្លិប​បាល់​ទាត់​ក្នុង​ស្រុកមួយចំនួន​ផង​ដែរ។ ក្រុមដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​វ័យ​៣៨​ឆ្នាំ Timor Kapadze បាន​ធ្វើការ​ប្រមូលផ្ដុំយូរ​មក​ហើយ។​ តែ​យ៉ាងក៏​ណាដោយ!​ ដោយ​សារ​ឆឹ្លង​វីរុសកូវីដ១៩​​ផែន​ការ​មួយចំនួន​របស់​លោក​ត្រូវ​បានជាប់​គាំង។

“ផែនការរបស់យើងជាច្រើនបានបង្អាក់ការរីករាលដាលនៃវីរុសកូវីដ១៩។ ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នៅ​ក្រៅ​ប្រទេសត្រូវ​រំខាន ហើយ​យើង​ធ្វើ​បាន​តែ​ការ​ប្រកួត​ជាមួយក្រុម​ក្នុង​ស្រុកប៉ុនណោះ។ ប្រសិន​បើ​ស្ថានភាព​ធូស្រាល​យើង​នឹងធរៀប​ចំ​ផែនការ​ម្ដងទៀត​នៅ​ខែសីហា ឬ​កញ្ញា”។

ជម្រើស​ជាតិ​កម្ពុជា U19៖ 

ក្រុម​គោជំទង់កម្ពុជា​បាន​ធ្វើ​ការ​ប្រមូលផ្ដុំហ្វឹកហាត់ ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​សប្ដាហ៍​មុន ដោយ​ដឹកនាំ​ដោយ​លោក Koji Gyotoku។ កីឡាករ​៣៨​នាក់ក្នុង​បញ្ជី​បឋម​​បាន​ទៅ​ហ្វឹកហាត់​តែ​មិន​គ្រប់​គ្នា​នោះ​ទេ ខណៈ​មួយចំនួនជាប់ភារកិច្ចលេង​ និងហ្វឹកហាត់​ជាមួយ​ក្លិប​អាជីព​របស់​ពួក​គេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វ័យក្រោម​១៩​ឆ្នាំ​ហ្វឹកហាត់​បាន​តិច​ បើ​ធៀប​ជាមួយ​ម្ចាស់​ផ្ទះ​អ៊ុយបេគីស្ថាន។

និយាយ​ពេល​ហ្វឹកហាត់​ថ្ងៃ​ដំបូងលោក Gyotoku បាន​និយាយ​ថា​កីឡាករ​មួយចំនួន​រក្សា​បាន​ទម្រង់​លេង​ល្អ​ ដោយ​សារ​ពួក​គេ​លេង​ជាមួយក្លិ​ហើយ​កីឡាករមួយចំនួន​ទៀត​មិន​ទាន់​មាន​ភាពរឹងមាំ​គ្រប់​គ្រាន់​នោះ​ទេ ​ដោយសារ​ អាក់​ខាន​ចូល​ទីលាន​យូរ​ពេក ​ក៏​ព្រោះ​តែ​ស្ថានភាព​កូវីដ​១៩​ក្នុង​ប្រទេស។ ក្រុមជម្រើស​ជាតិ​វ័យ​ក្រោម​១៩​ឆ្នាំ​មិន​ទាន់​បាន​ប្រកួត​មិត្តភាពជាមួយក្រុម​នៅ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​នៅ​ឡើយ​ទេ ក៏​ព្រោះ​តែ​ពាន​រង្វាន់ AFF U-19 Championship 2020 ត្រូវ​លុប​ចោល​ហើយ​ការ​ហ្វឹកហាត់​ត្រៀម​ពាន​រង្វាន់​នេះ​ក៏​ត្រូវ​អាក់ខាន។

ក្នុង​ចំណោម​កីឡាករ​ទាំង​៣៨​នាក់​មាន​ទាំងកីឡាករ​ចាស់ ​និង​កីឡាករ​មុខ​ថ្មី ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​បាន​បង្ហាញ​ថា​កីឡាករ​ទាំង​នេះ ​អាច​នឹង​ផ្លាស់ប្ដូរ​រើសថ្មី​ទៀត​ពី​ព្រោះ​មាន​ពេល​៣​ដល់​ទៅ​៣​ខែដើម្បី​រៀប​ចំ ខណៈ​ការ​ប្រកួត​ក្នុង​លីគ​កំពុង​តែ​បន្តលេង។ កីឡាករ​មួយចំនួន​កំពុង​តែធ្លាក់​ទម្រង់​លេង​ ហើយមួយចំនួន​ទៀត​មិន​សូវ​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​លីគ។ តែ​យ៉ាង​ណា!​ កម្ពុជា​មាន​ពេល​វេលា​ច្រើនទៀត​សម្រាប់​រៀប​ចំ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628