បាល់ទាត់

បុរស ៤ រូបជោគជ័យខ្លាំងជាមួយ Real Madrid ទាំងនៅជាកីឡាករ និងជាគ្រូបង្វឹក

ក្លិបអធិរាជស Real Madrid ទើបតែប្រជែងបានតំណែងជើងឯកលីគកំពូលអេស្ប៉ាញសាជាថ្មីក្នុងរដូវកាលនេះ ក្រោយពីខកខាន ២ រដូវកាលជាប់គ្នា ដោយឡែកជ័យជម្នះនេះក៏ស្របនឹងដំណើរមកវិញសាជាថ្មីរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane ផងដែរ។

វាពិតជាមិនងាយស្រួលប៉ុន្មានឡើយសម្រាប់អាជីពជាគ្រូបង្វឹក​នៅក្លិបធំអេស្ប៉ាញមួយនេះ យ៉ាងណាក្តី! សម្រាប់លោក Zinedine Zdiane បានសម្រេចក្នុងភារកិច្ចប្រកបដោយជោគជ័យ និងត្រូវបានរាប់បញ្ចូលជាអ្នកចាត់ការរបស់ក្លិបដ៏ជោគជ័យម្នាក់ទាំងនៅជាកីឡាករ និងឡើងជាគ្រូបង្វឹក ក្នុងចំណោម ៤ នាក់ផ្សេងទៀត។

ខាងក្រោមក្រុមការងារ VEHA Media នឹងបង្ហាញបុគ្គលឆ្នើម ៤ រូបក្នុងប្រវត្តិសាស្ត្រក្លិប Real Madrid ដែលទទួលបានជោគជ័យទាំងនៅជាអាជីពកីឡាករ និងជាអ្នកចាត់ការទូទៅរបស់ក្លិបអេស្ប៉ាញមួយនេះ៖

១. Zinedine Zidane 

ក្រឡេកទៅអតីតកាលបន្តិចវិញបុរសជនជាតិបារាំង អតីតជាកីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធរូបនេះ ធ្លាប់បានចូលរួមជាមួយ Real Madrid ក្នុងរដូវកាល ២០០១/២០០២ រហូតដល់ពេលចូលនិវត្តន៍នៅក្នុងឆ្នាំ ២០០៦ នៅទឹកដី Bernabeu នេះតែម្តង។ ក្នុងអាជីពជាកីឡាករបានបង្ហាញខ្លួនឲ្យក្លិបនេះចំនួន ២២៥ លើក និងរកបាន ៤៩ គ្រាប់ ហើយរួមចំណែកឲ្យឈ្នះពានរង្វាន់ដូចជាលីគកំពូលអេស្ប៉ាញ ១ លើក , ពានខាប់អេស្ប៉ាញ ២ លើក , UEFA Champions League ១ លើក , UEFA Super Cup ១ លើក និងពានកម្រិតពិភពលោក Intercontinental Cup ១ លើកផងដែរ។

ក្រោយទទួលបានឱកាស​​​លើកដំបូងនាឆ្នាំ ២០១៦ ពិតជាបង្កភាពភ្ញាក់ផ្អើល ដ្បិតនៅមានបទពិសោធន៍ដឹកនាំក្មេងខ្ចីបន្តិចមែន ប៉ុន្តែក្នុងការដឹកនាំដល់ឆ្នាំ ២០១៨ សរុប ១៤៩ លើក ឈ្នះដល់ ១០៤ លើក ស្មើ ២៩ លើក និងចាញ់តែ ១៦ លើក បានជួយឲ្យឈ្នះពានលីគកំពូលអេស្ប៉ាញ ១ លើក , ពានខាប់អេស្ប៉ាញ ១ លើក ,  UEFA Champions League ៣លើក , UEFA Super Cup ២ លើក និងពានកម្រិតពិភពលោក FIFA Club World Cup ២ សម័យកាល។

 

២. Miguel Munoz

អតីតវីរៈបុរសរូបនេះធ្លាប់ជាកីឡាកររបស់ក្លិប Real Madrid កំឡុងក្រោយសម័យសង្គ្រាមលោកលើកទី ២ ហើយបន្តរហូតដល់ពេលចូលនិវត្តន៍នៅក្នុងឆ្នាំ ១៩៥៨ ដោយលេងក្នុងតំណែងខ្សែបម្រើបានជួយឲ្យក្លិបឈ្នះពានលីគកំពូលអេស្ប៉ាញ ៤ សម័យកាល , ពានខាប់អេស្ប៉ាញ ២ សម័យកាល និង European Cup (UEFA Champions League បច្ចុប្បន្ន) ៣ សម័យកាលទៀតផង។

ក្រោយពីចូលនិវត្តន៍ លោក Miguel Munoz ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិបនៅក្នុងឆ្នាំ ១៩៥៩ ដោយដឹកនាំបានរយៈពេល ២ ខែក៏ចាកចេញ។ ប៉ុន្តែ ១​ ឆ្នាំក្រោយមករូបលោកបានត្រូវតែងតាំងសាជាថ្មី ដោយកាន់តំណែងនេះអស់រយៈពេល ១៤ ឆ្នាំពោលរហូតដល់ឆ្នាំ ១៩៧៤ ក៏ក្លាយជាអ្នកចាត់ការទូទៅយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្លិប Real Madrid ហើយជួយឲ្យឈ្នះពានលីគកំពូលអេស្ប៉ាញ ៩ លើក , ពានខាប់អេស្ប៉ាញ ២ លើក , European Cup ២ សម័យកាល , Intercontinental Cup ១ សម័យកាល។

លោក Miguel Munoz បានលាកចាកលោកនៅក្នុងឆ្នាំ ១៩៩០ ក្នុងអាយុ ៦៨ ឆ្នាំ ដោយសារជំងឺដាច់សសៃឈាមក្នុងបំពង់រំលាយអាហារ។

 

៣. Luis Molowny

រូបគាត់ក៏ជាអតីតកីឡាករលេងក្នុងតំណែងខ្សែបម្រើដូចគ្នា និងធ្លាប់បានជួយឲ្យ Real Madrid លើកពានលីគកំពូលអេស្ប៉ាញ ៣ លើក , ពានខាប់អេស្ប៉ាញ ១ លើក , European Cup ២ សម័យកាល រួមទាំងពានកម្រិតជាតិ អន្តរជាតិផ្សេងៗ មួយចំនួនទៀត (បច្ចប្បន្នត្រូវបានលុបចោលពានទាំងនោះ) ។

ក្រោយពីចូលនិវត្តន៍លោក Luis Molowny ត្រូវបានតែងតែជាអ្នកចាត់ការទូទៅក្លិបជំនួសតំណែងលោក Miguel Munoz  ដោយក្នុងអាជីពរបស់គាត់ធ្លាប់បានដឹកនាំ Real Madrid ចំនួន ៤ លើកឯណោះ។ សរុបសមិទ្ធផលក្នុងនាមជាថ្នាក់ដឹកនាំជួយឲ្យឈ្នះពានដូចជា លីគកំពូលអេស្ប៉ាញ ៣ លើក , ពានខាប់អេស្ប៉ាញ ២ លើក , UEFA Cup (UEFA Europa League បច្ចុប្បន្ន) ២ សម័យកាល។

បន្ទាប់ពីកាន់តំណែងចុងក្រោយជាមួយ Real Madrid ក្នុងឆ្នាំ ១៩៨៦ លោក Luis Molowny បានយកពេលវេលាសម្រាក់ជាមួយគ្រូសារ ពោលគឺមិនបានពាក់ព័ន្ធនឹងវិស័យបាល់ទាត់ទៀតទេ។ រូបលោកបានទទួលអនិច្ចកម្មនៅឆ្នាំ ២០១០ កន្លងទៅក្នុងអាយុ ៨៤ ឆ្នាំ។

 

៤. Vicente del Bosque

លោក Vicente del Bosque កាលនៅជាកីឡាករលេងក្នុងតំណែងខ្សែបម្រើការពារ ដោយធ្លាប់លេងឲ្យ Real Madrid តាំងពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៨៤ ដោយក្នុងចន្លោះនោះបានជួយឲ្យក្លិបឈ្នះពានលីគកំពូលអេស្ប៉ាញ ៥ សម័យកាល និងពានខាប់អេស្ប៉ាញ ៤ សម័យកាល។

រូបគាត់ធ្លាប់តែងតាំងជាអ្នកចាត់ការទូទៅបណ្តោះអាសន្នឲ្យ Real Madrid ចំនួន ២ លើក និងចុងក្រោយទទួលតំណែងពេញសិទ្ធិពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៣ ខណៈសរុបពានរង្វាន់ ដែលគាត់ធ្លាប់ដឹកនាំបានពានឲ្យក្លិបរួមមាន លីគកំពូលអេស្ប៉ាញ ២ លើក ,ពានខាប់អេស្ប៉ាញ ១ លើក , UEFA Champions League ២ សម័យកាល , UEFA Super Cup ១ សម័យកាល និង Intercontinental Cup ១ សម័យកាល ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628