បាល់ទាត់

Conte៖ ប្រវត្តិសាស្ត្រគឺកត់ត្រាតែអ្នកឈ្នះពាន ដូច្នេះលេខ ២ ចុះក្រោមគឺគ្មានន័យចំពោះខ្ញុំ!

អ្នកចាត់ការទូទៅរបស់ក្លិប Inter Milan លោក Antonio Conte បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកពាក់ព័ន្ធនឹងការដឹកនាំ និងបញ្ចប់រដូវកាលដោយមិនអាចប្រជែងយកដំណែងជើងឯកលីគកំពូលអ៊ីតាលីបានក្នុងរដូវកាលដំបូងរបស់ខ្លួន។

បច្ចុប្បន្នសម្រាប់តារាងលីគកំពូលអ៊ីតាលី (Serie A) Inter Milan កំពុងឈរលេខរៀងទី ៣ ដោយចាញ់ក្លិបកំពូលតារាង Juventus ដល់ទៅ ៧ ពិន្ទុ និងក្លិបលេខរៀងទី ២ Atalanta ១ពិន្ទុ ខណៈនៅសល់ការប្រកួត ៣ លើកទៀត។

តាមការសង្កេតក្នុងតារាងលីគពេលនេះក្លិបសេះបង្កង់ Juventus ហាក់ដូចជាមានប្រៀបខ្លាំងក្នុងការគ្រងជើងឯក ស្របពេលដែលកំពុងលើសពិន្ទុ ហើយចំណេញទាំងការប្រកួតដោយនៅសល់ ៤ លើកលើសគេថែមទៀត។ ដូច្នេះហើយចំពោះ Inter Milan នឹងត្រូវប្រឹងប្រែងប្រជែងយកកៅអីជើងឯករង… ជាដើម។

ពាក់ព័ន្ធនឹងពាក្យទាំងនេះបុរសអ្នកចាត់ការទូទៅវ័យ ៥០ ឆ្នាំខាងលើបានលើកជាមតិដូចតទៅ៖

៉ ប្រវត្តិសាស្ត្រ គឺគេសរសេរ និងរំលឹកតែចំពោះអ្នកដែលឈ្នះពានទេ ឯក្រៅពីហ្នឹងគឺប្រហែលគេគ្រាន់តែអានអំពីរឿងរ៉ាវប៉ុណ្ណោះ។ វាជារឿងសំខាន់សម្រាប់កីឡាករគ្រប់គ្នាគួរសម្លឹងទៅមុខ និងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ប៉ុន្តែបើពួកគេគិតទៅលើរឿងចំណាត់ថ្នាក់លេខ ២ (ជើងឯករង) ខ្ញុំអាចនិយាយថា ពួកយើងគឺជាអ្នកចាញ់ គឺជាអ្នកចាញ់ដំបូងគេបន្ទាប់ពីអ្នកឈ្នះពាន។  ៉ 

គួររំលឹកផងថាសម្រាប់លោក Antonio Conte នេះគឺជារដូវកាលដំបូងនៅជាមួយ Inter Milan ក្រោយពីចាកចេញពី Chelsea កាលពីដឹកនាំលើកចុងក្រោយតាំងពីឆ្នាំ ២០១៨ ។ ដ្បិតពិបាកក្នុងការប្រជែងយកជើងឯកពី Juventus ក្នុងលីគកំពូលអ៊ីតាលី ប៉ុន្តែនៅសល់ឱកាសប្រជែងក្នុងពានកម្រិតទ្វីប UEFA Europa League ដោយកំពុងស្ថិតនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីធ្លាក់ពី UEFA Champions League ទៅ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628