បាល់ទាត់

ផ្លូវការ៖ Villarreal តែងតាំងលោក Unai Emery ជាគ្រូបង្វឹក

ផ្លូវការសម្រាប់លោក Unai Emery អតីតអ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ Arsenal ត្រូវបានតែងតាំងទទួលតំណែងថ្មីនៅក្លិប Villarreal CF នៅប្រទេសកំណើតអេស្ប៉ាញសាជាថ្មី សម្រាប់ប្រកួតប្រជែងក្នុងរដូវកាលថ្មី ២០២០/២០២១ តទៅ។ 

អាជីពចុងក្រោយរបស់បុរសជនជាតិអេស្ប៉ាញ វ័យ ៤៨ ឆ្នាំខាងលើជាមួយ Arsenal និងត្រូវបានក្លិបអង់គ្លេសនេះដកតំណែងកាលពីកំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។

ដ្បិតផ្តើមអាជីពដឹកនាំតាំងពីឆ្នាំ ២០០៤ ប៉ុន្តែលោក Unai Emery បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញគួរឲ្យចាប់អារម្មណ៍ ពេលដឹកនាំក្លិប Sevilla ចារ្យកំណត់ត្រាគ្រងជើងឯក UEFA Europa League ៣ សម័យកាលជាប់គ្នាពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ។ បន្តមកទៀតរូបគាត់បានចាកចេញទៅចូលរួមជាមួយក្លិបយក្សបារាំង Paris Saint-Germain បាន ២ ឆ្នាំ ក៏ឈានជើងមកដល់ទឹកដី Premier League ដោយដឹកនាំ Arsenal បានត្រឹមរងជើងឯក UEFA Europa League ក្រោមថ្វីជើងមិត្តរួមលីគ Chelsea កាលពីឆ្នាំមុន ហើយក៏ជាឆ្នាំដែលត្រូវដកតំណែងដូចគ្នា។

ក្រឡេកទៅមើលក្លិប Villarreal CF វិញ ក្នុងរដូវកាលនេះ ២០១៩/២០២០ បានបញ្ចប់ចំណាត់ថ្នាក់នៅលេខរៀងទី ៥ ក្នុងតារាងលីគកំពូលអេស្ប៉ាញ ដូច្នេះនឹងមានកៅអីលេងពានកម្រិតទ្វីប UEFA Europa League នារដូវកាលបន្ទាប់ ២០២០/២០២១ ក្រោមការដឹកនាំរបស់លោក Javier Calleja ប៉ុន្តែក្រោយចប់រដូវកាលភ្លាមលោកបានសម្រេចចិត្តចែកផ្លូវជាមួយក្លិប៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628