បាល់ទាត់

ម្ចាស់ក្លិប Leicester សង្ឃឹមយកឈ្នះលើ Man Utd អបអរថ្ងៃកំណើតខ្លួន និងបានកៅអី UCL

ម្ចាស់ក្លិប Leicester City លោក Aiyawatt Srivaddhanaprabha បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយមានជំនឿចិត្តខ្ពស់ថាសមាជិកក្រុមនឹងធ្វើឲ្យបានល្អជាទីបំផុតមួយពេលប៉ះក្លិបបិសាចក្រហម Manchester United ក្នុងការប្រកួតថ្ងៃចុងក្រោយនៃក្របខណ្ឌលីគកំពូលអង់គ្លេស រដូវកាល ២០១៩/២០២០ នេះ។

 

ដូចប្រិយមិត្តបានជ្រាបមកហើយ ស្ថានភាពក្នុងតារាងលីគកំពូលអង់គ្លេស (Premier League) ពេលនេះកំពុងស្ថិតនៅដំណាក់កាលតានតឹងមួយ រវាងក្លិបដែលត្រូវដណ្តើមកៅអីកំពូលតារាងទាំង ៤ ដើម្បីយកកៅអីលេងពានកម្រិតទ្វីប UEFA Champions League នារដូវកាលបន្ទាប់ ២០២០/២០២១ ។

សម្រាប់កៅអីជើងឯក និងជើងឯករង ជាស្ថាពរធ្លាក់ទៅក្នុងដៃរបស់ Liverpool និង Manchester City ប៉ុន្តែកៅអីពីលេខរៀងទី ៣ ដល់ទី ៦ ដែលជាចំណាត់ថ្នាក់ប្រទាញគ្នាខ្លាំងដើម្បីយកកៅអីលេងពានកម្រិតទ្វីបអឺរ៉ុបនារដូវកាលបន្ទាប់​ កំពុងតែកើនឡើងកម្តៅ។

សម្រាប់ Manchester United មានប្រៀបជាងគេដោយកំពុងឈរលេខរៀងទី ៣ ប៉ណ្តោះអាសន្ន ប៉ុន្តែត្រូវតតាំងជាមួយ Leicester City ដែលស្ថិតនៅលេខរៀងទី ៥ ខណៈខុសគ្នាតែ ១ ពិន្ទុ ចំណែកលេខរៀងទី ៤ ប៉ណ្តោះគឺ Chelsea មានពិន្ទុស្មើនឹង Manchester United នោះត្រូវប៉ះគ្នាជាមួយ Wolves ដែលឈរលេខរៀងទី ៦ ដោយឡែកពួកគេក៏ត្រូវការជ័យជម្នះផងដែរ ដើម្បីកុំឲ្យ Tottenham Hotspur នៅលេខរៀងទី ៧ ឆ្លៀតឱកាសដណ្តើមកៅអី UEFA Europa League ។

ពាក់ព័ន្ធនឹងកត្តាប្រជែងខាងលើ លោក Aiyawatt Srivaddhanaprabha ប្រធានក្លិប Leicester City ដែលជាបុរសមានទឹកប្រាក់ជិត ៥ ពាន់លានដុល្លាររូបនេះបានលើកឡើងថា៖

៉ គ្មានរឿងអ្វីដែលងាយស្រួលសម្រាប់គ្រប់គ្នាឡើយ បន្ទាប់ពីពេលវេលាលំបាកជាមួយជំងឺ COVID-19 កន្លងមក។ ពេលនេះពួកយើងគឺបានឱកាសត្រឡប់ទៅលេងពានកម្រិតទ្វីបម្តងទៀត ប៉ុន្តែបើពួកយើងអាចបញ្ចប់ក្នុងតំណែង Top 4 នោះពួកកយើងកាន់តែប្រសើរ។ ប្រសិនបើមាននរណាសួរខ្ញុំថាជឿជាក់ក្នុងការប្រកួតទល់ Manchester United ខ្ញុំប្រាកដជាឆ្លើយថា ជឿជាក់ ហើយកីឡាករគ្រប់របស់ក្នុងក្លិបខ្ញុំក៏មានជំនឿចិត្តខ្ពស់ដូចគ្នា។ ខ្ញុំសង្ឃឹមថាការប្រកួតនឹងជាថ្ងៃដ៏ល្អសម្រាប់ពួកយើង ក្លិបទាំងមូល កីឡាករ និងខ្ញុំផងដែរ ព្រោះជាថ្ងៃកំណើតរបស់ខ្ញុំ។   ៉ 

គួរឲ្យដឹងថាមហាសេដ្ឋីជនជាតិថៃរូបនេះបានកើតនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៨៥ ដូច្នេះសម្រាប់ការប្រកួតរវាង Leicester City តទល់នឹង Manchester United ថ្ងៃបញ្ចប់លីគនៅវេលាម៉ោង ១០ៈ០០ យប់ (ម៉ោងនៅកម្ពុជា) ក៏ត្រូវជាថ្ងៃកំណើតឈានចូលអាយុ ៣៦ ឆ្នាំរបស់ម្ចាស់ក្លិបផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628