បាល់ទាត់

រវល់អបអរលើកពានលីគជាមួយ Liverpool ផ្ទះរបស់ Fabinho ត្រូវបានចោរចូល

តាមសេចក្តីរាយការណ៍ផ្លូវការពីខាងមន្ត្រីអាជ្ញាធរមូលដ្ឋានបានបង្ហាញឲ្យដឹងថា ក្នុងពេលវេលារវល់ការអបអរនៃការឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសរបស់ក្លិប Liverpool នៅគេហដ្ឋានរបស់កីឡាករ Fabinho មានករណីចោរចូលលួចទ្រព្យសម្បត្តិបានសម្រេច។

តាមការលើកចេញផ្សាយគេហដ្ឋានរបស់កីឡាករខ្សែបម្រើការពារម្ចាស់អាវលេខ ៥ របស់ក្លិបហង្សក្រហម Liverpool ខាងលើត្រូវបានចោរចូលគាស់ និងលួចយកទ្រព្យសម្បត្តិមានតម្លៃជាច្រើន ខណៈពេលនោះពុំមាននរណាម្នាក់ស្នាក់នៅឡើយ។ តាមការសន្និដ្ឋានរបស់អាជ្ញាធរស៊ើបអង្កេត ក្រុមចោរបានលួចចូលពីចន្លោះម៉ោង ៣ ទៅម៉ោង ៤ៈ៣០ នាទីទៀបភ្លឺ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ (ពេលវេលានៅអង់គ្លេស) ។

បើតាមរបាយការណ៍របស់ Fabinho និងប្រពន្ធធ្វើពាក្យបណ្តឹងទៅប៉ូលីសមូលដ្ឋាន បានឲ្យដឹងថាទ្រព្យសម្បត្តិមានតម្លៃសំខាន់ៗ ត្រូវបានបាត់បង់រួមមាន គ្រឿងអលង្ការជាច្រើន ព្រមទាំងរថយន្តសេរ៊ីទំនើប Audi RS6 ទៀតផង។

មកទល់ពេលនេះក្រុមមន្ត្រីអាជ្ញាធរនឹងបន្តការស៊ើបអង្កេត និងប្រមូលភ័ស្តុតាងនានាក្នុងគេហដ្ឋានរបស់កីឡាករខាងលើ ដើម្បីស្វែងរកតម្រុយជនល្មើស៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628