បាល់ទាត់

Leeds United ទិញផ្តាច់អ្នកចាំទីរូបនេះ ក្រោយខ្ចីជើង ១ ឆ្នាំរួមចំណែកឲ្យក្លិបឡើងមកលីគកំពូល

ក្លិបចំណូលថ្មីនៃក្របខណ្ឌលីគកំពូលអង់គ្លេសនារដូវកាលបន្ទាប់ Leeds United បានប្រកាសផ្ទេរយកអ្នកចាំទី Illan Meslier ពីក្លិបបារាំង FC Lorient ផ្តាច់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនពីពេលនេះតទៅ បន្ទាប់ពីខ្ចីជើងបានពេញ ១ រដូវកាលមកហើយ។

Illan Meslier ជាអ្នកចាទីវ័យ ២០ ឆ្នាំ ​និងមានសញ្ជាតិបារាំង បានចុះកិច្ចសន្យាជាផ្លូវការរយៈពេល ៣ រដូវកាលជាមួយក្លិប Leeds United ។ ដ្បិតនៅវ័យក្មេងតែអ្នកចាំទីរូបនេះមានកម្ពស់ដល់ទៅ ១.៩៧ ម៉ែត្រ ខណៈក្នុងរដូវកាលនេះបានបង្ហាញខ្លួនក្នុងនាមជាកីឡាករខ្ចីជើង ដោយបានលេងសរុប ១១ ប្រកួតក្នុងទីលាន ព្រមទាំងអាចរក្សាសង្គ្រោះបាល់មិនឲ្យចូលទី (Clean-Sheets) ដល់ទៅ ៧ លើក។

គួរឲ្យដឹងថាសម្រាប់ក្លិប Leeds United នៅមានអ្នកចាំទីអតីតរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ពោលគឺ Kiko Casilla មួយរូបទៀត ដែលបានរ៉ាប់រងដំណែងដៃទី ១ ប៉ុន្តែកំឡុងពេលត្រូវសមាគមបាល់ទាត់អង់គ្លេស (FA) ធ្វើការពិន័យ ៨ ប្រកួតកន្លងមក ដំណែងជម្រើសដំបូងបានធ្លាក់ទៅលើ Illan Meslier ហើយក៏បង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628