បាល់ទាត់

ជម្រើសជាតិឥណ្ឌូនេស៊ី៖ កីឡាករ ៤ នាក់ត្រូវហាមចូលហ្វឹកហាត់ ព្រោះមកធ្វើតេស្ត COVID-19 អត់ទាន់

កីឡាករនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ីឈុតធំចំនួន ៤ នាក់ ត្រូវបានហាមមិនឲ្យចូលហ្វឹកហាត់ជាមួយសមាជិកដទៃទៀតក្នុងថ្ងៃហ្វឹកហាត់ដំបូង ព្រោះធ្វើដំណើរមកធ្វើតេស្តជំងឺ COVID-19 អត់ទាន់ពេលវេលា។

លោក Shin Tae-Yong គ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី បានធ្វើការកោះហៅឈ្មោះកីឡាករឈុតធំ ២៩ នាក់ និងឈុត U19 ចំនួន ៤៦ នាក់ មកជំរុំហ្វឹកហាត់ជុំគ្នាទាំងព្រមតែម្តង នៅក្នុងរដ្ឋធានី Jakarta ។ ខណៈក្រុមឈុត U19 បានហ្វឹកហាត់តាំងពីម្សិលមិញទៅហើយ ខណៈឈុតធំ ទើបតែប្រមូលផ្តុំគ្នាហ្វឹកហាត់ពីថ្ងៃនេះតទៅ។

យ៉ាងណាក្តី! ថ្ងៃហ្វឹកហាត់ដំបូងនៃឈុតធំ ត្រូវបានអវត្តមានកីឡាករចំនួន ៤ រូប ដែលពួកគេបានធ្វើដំណើរមកដល់ជំរុំហ្វឹកហាត់ខកពេលវេលានៃការធ្វើតេស្តជំងឺ COVID-19 ។ កីឡាករទាំង ៤ រូបត្រូវបានរាយការណ៍រួមមាន៖

១. ខ្សែប្រយុទ្ធ Illija Spasojevic របស់ក្លិប Bali United

២. ខ្សែប្រយុទ្ធ Osvldo Haay របស់ក្លិប Persija Jakarta

៣. ខ្សែបម្រើស្លាប Yakob Sayuri របស់ក្លិប PSM Makassar

៤. ខ្សែប្រយុទ្ធ Egy Maulana របស់ក្លិប Lechia Gdansk (លីគកំពូលប៉ូឡូញ) ។

គួរបញ្ជាក់ផងថា តាមការកំណត់របស់សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ការហ្វឹកហាត់នៃក្រុមជម្រើសជាតិទាំង ២ ឈុតត្រូវធ្វើការតេស្តស្វែងរក និងការពារជំងឺ COVID-19 ជាមុន។ ឯចំពោះកីឡាករទាំង ៤ រូបខាងលើ លោក Shin Tae-Yong គ្រូបង្គោលជម្រើសជាតិសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានអះអាងថានឹងពិភាក្សាជាមួយខាងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ដើម្បីធ្វើការពិន័យតាមពេលក្រោយ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628