បាល់ទាត់

អឺរ៉ង់ U19 តែងតាំងគ្រូបង្គោលថ្មី ត្រៀមខ្លួនប្រជែងពូល A នៃ AFC U19

ក្រុមជម្រើសជាតិអឺរ៉ង់ក្រោមអាយុ ១៩ ឆ្នាំបានតែងតាំងគ្រូបង្គោលថ្មីពោលគឺលោក Parviz Mazloumi ដែលធ្លាប់មានប្រវត្តិដឹកនាំក្រុមជម្រើសជាតិអឺរ៉ង់ឈុតធំ ជោគជ័យលើកពានរង្វាន់កម្រិតតំបន់កន្លងមក។ 

គួរឲ្យដឹងថាវត្តមានរបស់លោក Parviz Mazloumi បានឈានជើងចូលមកជំនួសតំណែងលោក Sirous Pourmousavi ដែលបានដកខ្លួនចេញពីតំណែងគ្រូបង្គោលជម្រើសជាតិអឺរ៉ង់ U19 កាលពីខែមុនកន្លងទៅ។

ចំពោះគ្រូបង្វឹកថ្មីមានសញ្ជាតិអឺរ៉ង់ផ្ទាល់ និងបច្ចុប្បន្នមានវ័យ ៦៥ ឆ្នាំ ដោយមានបទពិសោធន៍ក្នុងអាជីពជាគ្រូបង្វឹកដំបូងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ ស្នាដៃជោគជ័យខ្លាំងបំផុតរបស់បុរសរូបនេះកាលពីឆ្នាំ ២០០៧ ដោយបានជួយជម្រើសជាតិអឺរ៉ង់ឈុតធំ គ្រងតំណែងជើងឯកពានរង្វាន់កម្រិតតំបន់អាស៊ីខាងលិច (ពាននេះមានតម្លៃស្មើនឹង AFF Suzuki Cup នៅតំបន់អាស៊ីអាគ្នេយ៍) ។

គួរបញ្ជាក់ផងថា អឺរ៉ង់ U19 ស្ថិតនៅក្នុងពូល A នៃព្រឹត្តិការណ៍ AFC U19 Championship ឆ្នាំ ២០២០ រួមជាមួយម្ចាស់ផ្ទះអូបេ៊គីស្ថាន ឥណ្ឌូនេស៊ី និងកម្ពុជាយើង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628