បាល់ទាត់

ផ្លូវការ៖ Pedro ប្រកាសការចាកចេញពី Chelsea នារដូវកាលបន្ទាប់

ខ្សែបម្រើស្លាបម្ចាស់អាវលេខ ១១ រ​បស់ក្លិបតោខៀវ Chelsea ពោលគឺ Pedro Rodriguez ឬប្រិយមិត្តស្គាល់ជាឈ្មោះខ្លី Pedro បានប្រកាសជាផ្លូវការអំពីដំណឹងនៃការចាកចេញរបស់រូបគាត់ពីទឹកដី Stamford Bridge នារដូវកាលបន្ទាប់ ២០២០/២០២១ ។

ក្នុងការប្រកួតយប់មិញ ដែលជាជំនួបបិទរដូវកាល ២០១៩/២០២០ នៃក្របខណ្ឌ Premier League ក៏ជាការបង្ហាញខ្លួនចុងក្រោយរបស់កីឡាកររូបនេះក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ប៉ុន្តែ Pedro នៅមានភារកិច្ចចុងក្រោយបង្អស់មួយទៀតគឺការជួយ Chelsea ត្រៀមខ្លួនប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ុន្មានថ្ងៃខាងមុខ។

បង្ហោះក្នុងបណ្តាញគណនីសង្គម Facebook ផ្លូវការរបស់កីឡាករវ័យ ៣២ ឆ្នាំខាងលើមានខ្លឹមសារដូចតទៅៈ

៉ ថ្ងៃនេះ (ម្សិលមិញ) គឺជាការប្រកួតចុងក្រោយរបស់ខ្ញុំនៅកីឡដ្ឋាន Stamford Bridge ។ អរគុណដល់អ្នកគាំទ្រគ្រប់រូប ដែលតែងតែគាំទ្រខ្ញុំកន្លងមកនេះ។ អរគុណដល់ក្លិប ដែលបានផ្តល់ឱកាសឲ្យខ្ញុំក្លាយជាសមាជិកពណ៌ខៀវ និងបានជួបមិត្តភក្តិនៅទីនេះ។ អ្នកគ្រប់គ្នា នឹងស្ថិតនៅក្នុងចិត្តរបស់ខ្ញុំជារៀងរហូត។  ៉ 

រំលឹកឡើងវិញកីឡាករអេស្ប៉ាញខាងលើ បានផ្ទេរពីក្លិប FC Barcelona មកទឹកដីទីក្រុងឡុងដ៍នេះ កាលពីរដូវកាល ២០១៥/២០១៦ ចំណាយពេល ៥ រដូវកាលមកនេះបង្ហាញខ្លួនសរុប ២០៥ ប្រកួត និងរកបាន ៤៣ គ្រាប់ផងដែរ ដោយធ្លាប់ឈ្នះពាន ៣ ជាមួយ Chelsea រួមមាន លីគកំពូលអង់គ្លេស ១ លើក , FA Cup ១ លើក និង UEFA Europa League នារដូវកាលមុន។

សម្រាប់ក្លិបថ្មី ដ្បិតពុំទាន់បានប្រកាសជាផ្លូវការ ប៉ុន្តែតាមរយៈដំណឹងផ្សព្វផ្សាយកន្លងមក Pedro មានលទ្ធភាពខ្ពស់នឹងចូលរួមជាមួយ AS Roma នៅក្របខណ្ឌលីគកំពូលអ៊ីតាលី៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628