បាល់ទាត់

៧នាទី Fellaini រកបាន Hat-trick ជួយក្លិបឈ្នះសប្តាហ៍ដំបូងលីគកំពូលចិន (មាន Highlight)

អតីតកីឡាកររបស់បិសាចក្រហម Manchester United គឺ Marouane Fellaini បានរក ៣ គ្រាប់ម្នាក់ឯង (Hat-trick) ជួយក្លិប Shandong Luneng វាយបកយកជ័យជម្នះក្នុងការប្រកួតបើកឆាកសប្តាហ៍ទី ១ នៃក្របខណ្ឌលីគកំពូលចិន រដូវកាល ២០២០ ។

ក្រោយពន្យារពេលជាងកន្លះឆ្នាំ ដោយសារជំងឺរាតត្បាតសកល COVID-19 លីគកំពូលចិន (Chinese Super League) បានសម្រេចបើកដំណើរការឡើងវិញ ដោយការប្រកួតសប្តាហ៍ដំបូងបានបញ្ចប់រួចរាល់កាលពីម្សិលមិញ។

ចំពោះក្លិប Shandong Luneng បានបញ្ចប់ដោយលទ្ធផល ៣ ទល់ ២ ជាមួយក្លិប Dalian Pro FC ដែលស្ថិតនៅក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Rafael Benitez 

 

នៅក្នុងការប្រកួតទាំងមូល ដើមឡើយក្លិបម្ចាស់ផ្ទះបានបើកការនាំមុខតាំងពីក្នុងវគ្គទី ១ ដោយអតីតកីឡាករធ្លាប់លេងនៅក្របខណ្ឌ Premier League ដែលនោះគឺ Solomon Rondon ប៉ុន្តែឈានចូលវគ្គទី ២ ជិតបញ្ចប់ការប្រកួតទៅហើយ Marouane Fellaini បានចំណាយពេលត្រឹម ៧ នាទី រួមមាននាទី ៧៩ , ៨៣ និង ៨៦ វាយបកជួយឲ្យក្លិបភ្ញៀវទទួលជ័យជម្នះ ៣ ពិន្ទុពេញសប្តាហ៍ដំបូង បើទោះបីម្ចាស់ផ្ទះព្យាយាមរកបាន ១ គ្រាប់ទៀតនៅនាទី ៩០+ ទៅហើយក្តី។

រំលឹកមកវិញបុរសជនជាតិប៊ែលហ្ស៊ិកខាងលើ បានផ្ទេរចេញពី Manchester United នៅដើមឆ្នាំ ២០១៩ ដោយបានមកចូលរួមជាមួយក្លិប Shandong Luneng នៅលីគកំពូលចិននេះ ខណៈក្នុងរដូវកាលដំបូងបានបង្ហាញខ្លួន ៣៤ ប្រកួត និងរកបាន ១៣ គ្រាប់ផងដែរ៕

ខាងក្រោមជាវីឌីអូហាយឡាយនៃការប្រកួត៖

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628