បាល់ទាត់

ចិន កំពុងសិក្សាលទ្ធភាពបញ្ចូល Oscar ចូលក្រុមជម្រើសជាតិ

អតីតតារាឆ្នើមប្រចាំក្លិបតោខៀវ Chelsea និងជាអតីតសមាជិកនៃក្រុមជម្រើសជាតិប្រេស៊ីល Oscar កំពុងស្ថិតក្នុងដំណាក់ការរៀបចំ និងបង្ហាញនូវលទ្ធភាពក្នុងការចូលលេងឲ្យក្រុមជម្រើសជាតិចិននាពេលខាងមុខ ដ្បិតរូបគេបានមកចូលរួមលេងនៅលីគកំពូលចិន ៤ ឆ្នាំមកហើយ។

មួយរយៈកន្លងមកនេះ ប្រិយមិត្តបានដឹងមកហើយពោលដោយចិនបានបញ្ចូលកីឡាករសញ្ជាតិបរទេសជាច្រើនក្នុងក្រុមជម្រើសជាតិ ដោយមានលើសពី ១០ នាក់ទៅហើយ ខណៈក្នុងនោះភាគច្រើនគឺជាជនជាតិដើមប្រេស៊ីលតែម្តង។

យ៉ាងណាចំពោះ Oscar ដែលបានមកលេងនៅទឹកដីចិនអស់រយៈពេល ៤ ឆ្នាំ ព្រមទាំងខកខានការកោះហៅពីក្រុមជម្រើសជាតិប្រេស៊ីលតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ បើអាស្រ័យទៅតាមគោលការណ៍ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កីឡាករនីមួយៗ អាចស្នើប្តូរសញ្ជាតិក្រោយអវត្តមានពីក្រុមជម្រើសជាតិខ្លួនចាស់រយៈពេលលើសពី ៥ ឆ្នាំ និងតម្រូវឲ្យលេងនៅប្រទេសគ្រោងស្នើនោះរយៈពេលយ៉ាងតិច ៥ ឆ្នាំដូចគ្នា។

យោងតាមលក្ខខណ្ឌទាំងនេះ កីឡាករវ័យ ២៨ ឆ្នាំខាងលើ អាចត្រូវចំណាយពេល ១ ទៅ ២ រដូវកាលទៀតដើម្បីស្នើសុំគោលការណ៍ចូលសញ្ជាតិ និងលេងឲ្យក្រុមជម្រើសជាតិចិនខាងមុខ ព្រមទាំងមានការជួយជ្រោមជ្រែងពីសមាគមបាល់ទាត់ចិន (CFA) ទៀតផង។

កន្លងមកតាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អតីតកីឡាករជួយ Chelsea គ្រងជើងឯក Premier League ២ សម័យកាលខាងលើក៏ធ្លាប់បញ្ចេញមតិផ្ទាល់ខ្លួនថា៖

៉ វាពិតជាពិបាកក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលសាជាថ្មីសម្រាប់ខ្ញុំពេលនេះ។ ប៉ុន្តែនៅទីនេះ ខ្ញុំជឿថាមានអ្នកគាំទ្របានឃើញពីសមត្ថភាពរបស់ខ្ញុំ។ ប្រសិនបើពួកគេ (ជម្រើសជាតិចិន) ពិតជាត្រូវការខ្សែបម្រើដ៏ល្អមួយរូប ខ្ញុំអាចជួយពួកគេបាន។ ខ្ញុំគិតថាកីឡាករបច្ចុប្បន្ន ប្រសិនបើពួកគេផ្លាស់ប្តូរសញ្ញាតិមកលេងឲ្យជម្រើសជាតិចិន ពួកគេកាន់តែធ្វើបានល្អ។  ៉ 

គួររំលឹកផងថា Oscar បានចាកចេញពីទឹកដី Stamford Bridge នៅពាក់កណ្តាលរដូវកាល ២០១៦/២០១៧ មកចូលរួមជាមួយក្លិបលីគកំពូលចិន Shanghai SIPG មកទល់ពេលនេះបានបង្ហាញខ្លួនជាង ១២០ ប្រកួត ក៏ធ្លាប់រួមចំណែកលើកពានលីគកំពូលចិនឆ្នាំ ២០១៨​ និងឆ្នាំមុន ២០១៩ បានលើកពានខាប់រួមផង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628