បាល់ទាត់

ម៉ាឡេស៊ី ទទួលសិទ្ធិរៀបចំប្រកួតបន្ត AFC Champions League ពូល G និង H

សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានចេញសេចក្តីប្រកាសជាផ្លូវការ ក្រោយមានការឯកភាពពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងធ្វើជាម្ចាស់ផ្ទះរួមរៀបចំការប្រកួតប្រចាំពូល G និង H ក្នុងពានរង្វាន់ AFC Champions League រដូវកាលនេះ។

តាមការប្រកាស ម៉ាឡេស៊ី នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបង្ហើយក្នុងពូល G និង H រួចបន្តដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ខាងកើតក្នុងពានរង្វាន់កម្រិតកំពូលលំដាប់ទ្វីបអាស៊ីមួយនេះ។

សម្រាប់ពូល G និងពូល H ដែលប្រកួតបាន ២ លើកកន្លងមកហើយ នឹងត្រូវប្រកួតបង្ហើយនៅក្នុងទឹកដីកណ្តាលម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៧ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ វគ្គ ១៦ ក្រុមចុងក្រោយនឹងរៀបចំនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឯវគ្គ ៨ ក្រុមចុងក្រោយនឹងរៀបចំនៅថ្ងៃទី ២៥ ខែវិច្ឆិកា និងចុងក្រោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងរៀបចំនៅថ្ងៃទី ២៨ ខែវិច្ឆិកា។

ក្នុងពូល G រួមមានក្លិបចូលរួមពីម៉ាឡេស៊ីស្រាប់ Johor Darul Ta’zim FC, ក្លិបចិន Guangzhou Evergrande, ក្លិបជប៉ុន Vissel Kobe និងក្លិបកូរ៉េខាងត្បូង Suwon Bluewings ។

ចំណែកនៅក្នុងពូល H រួមមានក្លិបចូលរួមពីចិន Shanghai SIPG, ក្លិបជប៉ុន Yokohama F.Marinos, ក្លិបកូរ៉េខាងត្បូង Jeonbuk Hyndai Motors និងក្លិបអូស្ត្រាលី Sydney FC ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628