បាល់ទាត់

រដ្ឋាភិបាលថៃ អនុញ្ញាតឲ្យគ្រូជម្រើសជាតិ Nishino ជាបេក្ខជនពិសេសអាចចូលប្រទេសបាន

គ្រូបង្គោលនៃក្រុមជម្រើសជាតិថៃ Akira Nishino ត្រូវបានទទួលសិទ្ធិអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាលថៃ ក្នុងការវិលត្រឡប់មកចូលក្នុងប្រទេសពួកគេវិញ ដ្បិតបច្ចុប្បន្នភាពកំពុងហាមឃាត់ការធ្វើដំណើរចេញចូលព្រោះដើម្បីទប់ស្កាត់ការរាលឆ្លងនៃជំងឺ COVID-19 ។

គួរឲ្យដឹងថាបច្ចុប្បន្នលោក Akira Nishino បុរសវ័យ ៦៥ ឆ្នាំរូបនេះកំពុងស្នាក់នៅជាមួយគ្រួសារក្នុងប្រទេសកំណើតជប៉ុន ក្នុងរយៈពេលប៉ុន្មានខែមកហើយ ដោយសារតែអត់មានភារកិច្ចដឹកនាំ ក៏ព្រោះតែគ្មានកាលវិភាគប្រកួតត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតសកល COVID-19 ។ យ៉ាងណាក៏ដោយ! ពេលនេះ សមាគមបាល់ទាត់ថៃ (FAT) បានជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីស្នើសុំសិទ្ធិឲ្យរូបគាត់វិលត្រឡប់មកវិញឆាប់ៗ ខាងមុខ ដើម្បីបន្តការងារ។

ប្រទេសថៃ សព្វថ្ងៃបានចេញវិធានការបិទជើងហោះហើរទាំងអស់ពីអន្តរជាតិចូលក្នុងប្រទេស ដើម្បីទប់ស្កាត់ការរាលឆ្លងនៃជំងឺខាងលើ។ ប៉ុន្តែមានគោលការណ៍អនុញ្ញាតពិសេសតែលើបុគ្គលសំខាន់ៗ សម្រាប់ប្រទេសជាតិពួកគេ ដោយក្នុងបញ្ជីឈ្មោះអនុញ្ញាតឲ្យវិលត្រឡប់មកមុនពេលអស់សពុលភាពវិធានការបិទច្រកហោះហើររួមមានប្រមាណជាង ៨០ នាក់ប៉ុណ្ណោះ ក្នុងនោះក៏រួមមានលោក Akira Nishino ផងដែរ។

តាមការបង្ហើបពីសមាគមបាល់ទាត់ថៃ (FAT) អតីតគ្រូបង្គោលជម្រើសជាតិជប៉ុន ក្នុងសម័យកាល FIFA World Cup ឆ្នាំ ២០១៨ ខាងលើគ្រោងនឹងធ្វើដំណើរមកដលើប្រទេសថៃវិញ កំឡុងដើមខែសីហា។ ទន្ទឺមនឹងនេះ ដ្បិតមានគោលការណ៍ពិសេសអនុញ្ញាតឲ្យចូលមកវិញក៏ដោយ ប៉ុន្តែពេលមកដល់លោកត្រូវចំណាយពេលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាមុនសិន មុនបន្តការងារ។

ក្នុងដំណើរជម្រុះទៅកាន់ FIFA World Cup ឆ្នាំ ២០២២ និង AFC Asian Cup ឆ្នាំ ២០២៣ ថៃ ស្ថិតនៅក្នុងពូល G ដោយតារាងបច្ចុប្បន្ន វៀតណាម មាន ១១ ពិន្ទុ , ម៉ាឡេស៊ី ៩ ពិន្ទុ , ថៃ ៨ ពិន្ទុ , អារ៉ាប់រួម ៦ ពិន្ទុ និងក្រុមធ្លាក់ស្វ័យប្រវត្តិ ឥណ្ឌូនេស៊ី នៅបាតតារាង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628