បាល់ទាត់

គ្រូត្បូងឃ្មុំ៖ ចាញ់ខ្ញុំទទួលខុសត្រូវ ប៉ុន្តែត្បូងឃ្មុំត្រូវតែការពារជើងឯកពានសម្តេចថ្នាក់ខេត្តបាន

« រឿងបាល់ទាត់អ្វីក៏អាចកើតឡើងបាន ហើយខ្ញុំគោរពដល់ដៃគូជានិច្ច។ ពួកគេជាក្រុមដ៏ល្អមួយ ដែលមានការឧបត្ថម្ភ និងហ្វឹកហាត់ជាយុវជនថ្នាលក្លិបវិសាខា។ សម្រាប់ការប្រកួតល្ងាចនេះ ជាការរៀបចំ និងទទួលខុសត្រូវពីខ្ញុំដែលជាគ្រូបង្វឹក។ ប៉ុន្តែពួកយើងត្រូវតែឈ្នះ ព្រោះមានអ្នកគាំទ្រច្រើន ពិសេសដើម្បីថ្នាក់ដឹកនាំខេត្តផ្ទាល់ ដែលបានជម្រុញលើកទឹកចិត្តយ៉ាងច្រើន» នេះជាសម្តីលោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមជម្រើសខេត្តត្បូងឃ្មុំ។

ក្រុមជើងឯកឆ្នាំចាស់ នឹងប៉ះជាមួយក្រុមខេត្តព្រៃវែង ដែលប្រជុំទៅដោយយុវជនរបស់ក្លិបអាជីពវិសាខានៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី២៩ ខែកក្កដានេះ វេលាម៉ោង១៨:០០ នៅពហុកីឡដ្ឋានជាតិ។

លោក ផន រស្មីពេជ្រ រំលេចថា ដៃគូរបស់ខ្លួនជាក្រុមមួយមានកម្រិតខ្លាំងលើសលប់។ ពួកគេមានការគ្រប់គ្រង លើកទឹកចិត្ត ដិតដល់ពីក្លិបបាល់ទាត់វិសាខា។ ប៉ុន្តែយ៉ាងណាលោកថា ៩០នាទីល្ងាចនេះនឹងល្អមើល ត្បិតក្រុមខ្លួនក៏បានត្រៀមខ្លួនទ្វេដងដើម្បីយកពានត្រឡប់ទៅផ្ទះវិញ។ គ្រូវ័យក្មេងពន្យល់ថា ក្រុមមកពីស្រុកកំណើតនាងទាវ ក្នុងស្នាដៃអក្សសិល្ប៌របស់ភិក្ខុសោម ផ្តោតលើការគ្រប់គ្រងផ្លូវអារម្មណ៍បានល្អ និងរៀបចំប្លង់លេងថ្មីមួយដែលបានពីបទពិសោធន៍ស្មើគ្នា២ដងនៅក្នុងពូលជាមួយព្រៃវែង។

អតីតគ្រូជំនួយក្លិបវេស្ទើនដដែលបន្តថា លោកមានមោទកភាពចំពោះកីឡាករ ដែលភាគច្រើនសុទ្ធតែជាខ្មែរឥស្លាមដែលប្រកបរបរកសិកម្ម ធ្វើចំការ ដាំកៅស៊ូ និងដំឡូង ប៉ុន្តែពួកគេមានឆន្ទៈប្រកួតឲ្យខេត្តយ៉ាងមុះមត់។ ក្រៅពីនេះ ក៏មានការយកចិត្តទុកដាក់ពីឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត ដែលតែងតែជម្រុញ លើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រតាំងពីដើមមក។ លោកថា នេះជាកម្លាំងចិត្តយ៉ាងផុលផុសសម្រាប់កីឡាករមកចូលរួមប្រកួត។

លោកថ្លែងទាំងរំភើបបន្តថា គ្រាន់តែថ្នាក់ដឹកនាំ សប្បុរសជន អង្គាសថវិការជួយក្រុមបានប្រមាណ២០លានរៀលទៅហើយសម្រាប់ទប់ទល់ការចំណាយ។ ដោយឡែក សមាគមន៍ខ្មែរឥស្លាមជួយគោដល់ទៅ១០ក្បាល សម្រាប់ជប់លៀងក្រោយការប្រកួតផ្តាច់ព្រ័ត្រនេះ។

ជំនួបដណ្តើមតំណែងក្រុមល្អជាងគេថ្នាក់ខេត្តខាងលើ នឹងធ្វើឡើងនាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដោយពុំអនុញ្ញាតិឲ្យមានទស្សនិកជនឡើយ។ ការប្រកួតនឹងមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628