បាល់ទាត់

Magurie ថាមិនទាន់ពេញចិត្តត្រឹមការដណ្តើមបានកៅអី Top4 នោះទេ!

ក្រោយរួមចំណែកជួយឲ្យ Manchester United ទទួលបានចំណាត់ថ្នាក់លេខរៀងទី ៣ ក្នុងតារាងលីគទទួលបានកៅអី UEFA Champions League នារដូវកាលបន្ទាប់ ខ្សែការពារ Harry Maguire បង្ហាញការចាប់អារម្មណ៍ផ្ទាល់ខ្លួនមិនទាន់ពេញចិត្តកម្រិតលទ្ធផលត្រឹមនេះឡើយ។

តាមការលើកឡើងរបស់ខ្សែការពារប្រធានក្រុម ដែលទើបផ្ទេរមកពីក្លិប Leicester City គឺបានអំពីគោលដៅ និងចេតនាចង់ជួយក្លិបឲ្យគ្រងជើងឯកលីគកំពូលអង់គ្លេស (Premier League) និងជើងឯកទ្វីបអឺរ៉ុប (UEFA Champions League) នារដូវកាលបន្ទាប់។

ថ្លែងជាមួយកិច្ចសម្ភាសន៍ពីខាងផ្នែកផ្សព្វផ្សាយប្រចាំក្លិប (MUTV) Harry Maguire បានបញ្ចេញមតិឲ្យដឹងថា៖

៉ មូលហេតុដែលខ្ញុំចូលរួមជាមួយ Manchester United គឺដើម្បីលេងក្នុងក្របខណ្ឌ UEFA Champions League ។ កាលពីដើមរដូវកាល មនុស្សជាច្រើនបានវាយតម្លៃក្រុមពួកយើង ប៉ុន្តែពេលនេះពួកយើងបានបញ្ចប់ទៅដោយឈរចំណាត់ថ្នាក់លេខរៀងទី ៣ ក្នុងតារាងលីគ។ ប៉ុន្តែសម្រាប់ក្រុមទាំងមូល ខ្ញុំគិតថាត្រូវតែព្យាយាមបន្ថែមទៀត។ Manchester United មិនទាន់ពេញចិត្តត្រឹមតំណែងក្នុងកៅអី Top 4 នោះទេ ពួកយើងគឺមានគោលដៅយកពាន Premier League និង UEFA Champions League ហើយនេះជាមូលហេតុចម្បង ដែលធ្វើឲ្យខ្ញុំមកចូលរួមនៅទីនេះ។  ៉ 

Manchester United បានយកឈ្នះលើគូប្រជែងសំខាន់ Leicester City ក្នុងការប្រកួតបិទលីគកំពូល ទើបរុញច្រានឲ្យឈរលេខរៀងទី ៣ ក្នុងតារាងលីគក្រោមការដឹកនាំពេញរដូវកាលរបស់លោក Ole Gunnar Solsjkaer ។ បន្ថែមពីនេះ ក្លិបម្ចាស់កីឡដ្ឋាន Old Trafford ក៏នៅមានឱកាសដណ្តើមពាន UEFA Europa League ១ ទៀត ដែលពួកគេកំពុងនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628