បាល់ទាត់

ប្រធានក្លិប Bayern សន្យានាំក្រុមមកទស្សនកិច្ចនៅប្រទេសវៀតណាម ពេលខាងមុខ

លោក Karl-Heinz Rummenigge ប្រធានប្រតិបត្តិក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich បានបង្ហើបគម្រោងដឹកនាំសមាជិកកីឡាករឈុតធំប្រចាំក្លិបមកទស្សនកិច្ចក្នុងប្រទេសវៀតណាមក្នុងពេលខាងមុខនាមួយ។ 

វៀតណាម ត្រូវបានជ្រើសរើសជាគោលដៅក្នុងគម្រោងទស្សនកិច្ចរបស់ក្លិបយក្សតំបន់អឺរ៉ុបខាងលើមួយនេះ ស្របពេលដែលនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានសង្កេតឃើញសម្បូរទៅដោយអ្នកគាំទ្រ FC Bayern Munich ផងដែរ។ ក្រៅពីផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយអ្នកគាំទ្រ ជារឿយៗ កន្លងមករៀងរាល់មានកម្មវិធីធំៗ ប្រចាំឆ្នាំ ឬប្រចាំរដូវកាលជាដើម ក្លិបនេះតែងតែមានការអញ្ជើញតំណាងក្រុមហ៊ុនពាក់ព័ន្ធ និងអ្នកសារព័ត៌មានមួយចំនួនពីវៀតណាមទៅចូលរួមជាញឹកញាប់។

តាមការលើកឡើងរបស់លោក Karl-Heinz Rummenigge អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ និងបច្ចុប្បន្នមានវ័យ ៦៤ ឆ្នាំ ដោយកំពុងកាន់តំណែងជាប្រធានក្លិបបានលើកឡើងឲ្យដឹងថា៖

៉ ត្រឹមត្រូវណាស់! ពួកយើងមានដៃគូសហការគ្នា ៤ នៅក្នុងប្រទេសវៀតណាម។ ពួកគេគឺជាផ្នែកមួយនៃការរួមចំណែកមុខជំនួញក្លិបផងដែរ។ ពួកយើងគឺមានគម្រោងធ្វើដំណើរទស្សនៈកិច្ចនៅទីនោះ ឬមួយក៏អាចរៀបចំឲ្យមានការប្រកួតណាមួយកើតឡើងនៅទីនោះ។ ចំពោះខ្ញុំ មិនដែលបានធ្វើដំណើរទៅ វៀតណាម នោះទេ ប៉ុន្តែកន្លងមកខ្ញុំធ្លាប់លឺអំពីកន្លែងល្អៗ ជាច្រើនក្នុងប្រទេសមួយនេះ។ ខ្ញុំសន្យាថាពួកយើងនឹងធ្វើដំណើរទៅទីនោះ ក្នុងពេលខាងមុខ។  ៉ 

គួរឲ្យដឹងផងថាកន្លងមកក្លិបធំៗ នៅក្នុងតំបន់អឺរ៉ុបរួមមាន Manchester City និង Arsenal ជាដើម ធ្លាប់បានធ្វើដំណើរជាក្រុមទៅទស្សនៈកិច្ចក្នុងប្រទេសវៀតណាម ដូច្នេះសម្រាប់លទ្ធភាពរបស់ FC Bayern Munich ក៏មិនពិបាកនោះដែរ ក្នុងការផ្តល់ឱកាសឲ្យអ្នកគាំទ្រនៅវៀតណាមសប្បាយចិត្ត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628