បាល់ទាត់

ក្រុម Ultras នៃលីគកំពូលម៉ាឡេស៊ីមួយ ប្រមូលថវិកាគ្នាជួយក្លិបគេចវិបត្តិសេដ្ឋកិច្ច COVID-19

ក្រុមអ្នកគាំទ្រសកម្ម និងស្មោះស្ម័គ្រ ឬប្រិយមិត្តរមែងតែងហៅថាក្រុម Ultras ប្រចាំក្លិប Kedah FA សមាជិកក្នុងលីគកំពូលម៉ាឡេស៊ី បានបង្កើតកម្មវិធីរៃអង្គាសថវិកាគ្នាដើម្បីជួយទ្រទ្រង់ក្លិបឲ្យគេចចេញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កមកពីវិបត្តិជំងឺសាកល COVID-19 ។

ពីម្សិលមិញនេះ ប្រធានក្រុមអ្នកគំាំទ្រ Ultras ប្រចាំក្លិប Kedah FA បាននាំយកថវិកាដំបូងចំនួន ១ ពាន់រីងហ្គ្រីត ឬស្មើរប្រមាណជិត ២៤០ ដុល្លារទៅបរិច្ចាគដល់ក្លិបដែលពួកគេគាំទ្រផ្ទាល់ដល់ទីស្នាក់ការក្លិប។

បើតាមការលើកឡើងរបស់ក្រុមអ្នកគាំទ្រ Ultras បានឲ្យដឹងថាចំនួនទឹកប្រាក់ខាងលើ គ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ពោលដោយសន្យាថានឹងបន្តរៃអង្គាស និងបន្តជួយស្វែងរកថវិកាដើម្បីជួយផ្គត់ផ្គង់ក្លិប ដ្បិតជាចំណែកតូចមួយ ប៉ុន្តែក្នុងចេតនាជួយឲ្យក្លិបគេចចេញពីវិបត្តិសេដ្ឋកិច្ច ដែលអាចបណ្តាលមកពីជំងឺ COVID-19 ។

គួរឲ្យដឹងថាក្លិបស្ថិតនៅភាគខាងជើងជិតព្រំប្រទល់ម៉ាឡេស៊ី-ថៃ ខាងលើ កាលពីរដូវកាលមុនបានឈរនៅចំណាត់ថ្នាក់លេខរៀងទី ៤ ក្នុងតារាងលីគកំពូលម៉ាឡេស៊ី និងក្នុងរដូវកាលនេះឆ្លងកាត ៤ ប្រកួត ឈ្នះ ១ លើក ស្មើ ១ លើក និងចាញ់ ២ លើក។ ចំណែកឯលីគកំពូលម៉ាឡេស៊ី បានបន្តសម្រាកដោយអាចនឹងវិលត្រឡប់មកវិញនៅប៉ុន្មានខែខាងមុខទៀតឯណោះ។

ក្នុងប្រទេសម៉ាឡេស៊ី មកទល់ថ្ងៃទី ៣១ ដំណាច់ខែកក្កដា ឆ្នាំ ២០២០ មានចំនួនអ្នកផ្ទុកជំងឺ COVID-19 សរុបជិត ៩ ពាន់នាក់ និងមានតួរលេខបាត់បង់ជីវិត ១២៥ នាក់ផងដែរ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628