បាល់ទាត់

Wu Lei បង្ហើបត្រង់ៗថាមានក្លិបអង់គ្លេស និងអាល្លឺម៉ង់ទាក់ទង តែរូបគេសម្រេចបន្តនៅអេស្ប៉ាញ

កីឡាករខ្សែបម្រើស្លាបជនជាតិចិន Wu Lei បានបង្ហើបឲ្យដឹងអំពីការសម្រេចចិត្តបន្តស្នាក់នៅទឹកដីអេស្ប៉ាញជាមួយក្លិប Espanyol ដ្បិតក្លិបខ្លួនធ្លាក់ចេញពីលីគកំពូល និងមានការទាក់ទងចង់បានរូបគេពីសំណាក់ក្លិបនៅលីគកំពូលអង់គ្លេស និងអាល្លឺម៉ង់ក៏ដោយក្តី។

កីឡាករម្ចាស់អាវលេខ ៧ វ័យ ២៨ ឆ្នាំខាងលើ បានផ្ទេរមកពីក្លិប Shanghai SIPG តាំងពីពាក់កណ្តាលរដូវកាល ២០១៨/២០១៩ និងបានចំណាយពេល ១ រដូវកាលកន្លះមកទល់ពេលនេះ ត្រូវបានគេសរសើរគ្រប់មាត់ថាជាតួឯកសំខាន់ប្រចាំក្រុមជាមួយ Espanyol នៅក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ (La Liga) ។ ប៉ុន្តែគួរឲ្យសោកស្តាយសម្រាប់រដូវកាលបន្ទាប់ក្លិបនឹងធ្លាក់ទៅលេងនៅក្របខណ្ឌលីគលំដាប់ទី ២ អេស្ប៉ាញ ។

មួយរយៈកន្លងមកក្រោយពីទទួលដំណឹង Espanyol ធ្លាក់ទៅកាន់លីគលំដាប់ទី ២ បានលេចនូវបណ្តុំព័ត៌មានមួយចំនួនផ្សព្វផ្សាយពាក្យចចាមអារ៉ាមរបស់ក្លិបមួយចំនួនចង់បាន Wu Lei ទៅចូលរួម។

ដើម្បីបញ្ចប់មន្ទិលសង្ស័យកីឡាករជម្រើសជាតិចិនរូបនេះបានចេញមុខបកស្រាយផ្ទាល់ឲ្យដឹងថា៖

៉ វាជាការពិត! គឺពិតជាមានក្លិបពីលីគកំពូលអង់គ្លេស និងលីគកំពូលអាល្លឺម៉ង់ទាក់ទង់មកកាន់ក្លិប ក៏ដូចជារូបខ្ញុំផ្ទាល់ដើម្បីចង់នាំខ្ញុំទៅចូលរួមជាមួយពួកគេ។ ប៉ុន្តែខ្ញុំពិតជាសុំទោសពួកគេ ព្រោះនៅទីនេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំដឹងពីកន្លែង ដែលខ្ញុំគួរស្នាក់នៅ។ ខ្ញុំនៅជាមួយ Espanyol ព្រោះមានមូលហេតុជាច្រើនជំរុញឲ្យខ្ញុំមកដល់ទីនេះ និងបន្តស្នាក់នៅទីនេះ។ គ្រួសាររបស់ខ្ញុំក៏ពួកគេចូលចិត្តបរិយាកាសនៅអេស្ប៉ាញ ហើយបុគ្គលិក ព្រមទាំងមិត្តភក្តិកីឡាករទាំងអស់ពួកគេតែងតែសប្បាយចិត្តជាមួយខ្ញុំ។  ៉ 

គួរឲ្យដឹងផងថា ចាប់តាំងពីចូលរួមជាមួយ Espanyol កីឡាករធ្លាប់ជួយជម្រើសជាតិចិនឈ្នះជើងឯកប្រចាំតំបន់អាស៊ីខាងកើតឆ្នាំ ២០១០ ខាងលើបានបង្ហាញខ្លួនសរុប ៦៥ លើក និងរកបាន ១១ គ្រាប់រួមផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628