បាល់ទាត់

Mesut Ozil នឹងមិនបង្ហាញខ្លួនជួយ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup យប់នេះឡើយ

តាមការសង្កេតកីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil នឹងមិនបង្ហាញខ្លួនជួយក្លិបកាំភ្លើងធំ Arsenal ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup តទល់នឹងក្លិបតោខៀវ Chelsea នាវេលាយប់នេះឡើយ។ 

តាមការបង្ហាញខ្លួនប៉ុន្មានថ្ងៃចុងក្រោយនេះកីឡាករវ័យ ៣១ ឆ្នាំខាងលើបានធ្វើដំណើរវិស្សមកាលរបស់ខ្លួននៅឯប្រទេសទួរគី ឯណោះ ស្របពេលដែលសមាគមបាល់ទាត់អង់គ្លេស (FA) ក៏បានកំណត់ច្បាប់ថ្មី សម្រាប់កីឡាករ ដែលអង្គុយបម្រុង និងមិនបានចូលលេងជម្រើសដំបូងតម្រូវឲ្យក្លិបនីមួយៗ នាំមកតាមត្រឹមតែ ១០ នាក់ចុះក្រោមប៉ុណ្ណោះ (ជាវិធានការមួយ សម្រាប់ទប់ស្កាត់ COVID-19 ) ។

អាស្រ័យតាមស្ថានភាពជាក់ស្តែង ព្រមទាំងការកំណត់ច្បាប់ថ្មីក្នុងសម័យកាល​ COVID-19 ថែមទៀត Mesut Ozil គឺស្ទើតែច្បាស់ការទៅហើយ ថានឹងមិនបង្ហាញខ្លួនជាមួយសមាជិករួមក្រុមក្នុងការប្រកួតនារាត្រីនេះ។

គួរឲ្យដឹងផងថា ក្នុងរដូវកាលនេះ Arsenal បានស្ថិតនៅក្រោមគ្រូបង្វឹកដល់ទៅ ៣ រូបរួមមាន លោក Unai Emery, Ljungberg និង Mikel Arteta ប៉ុន្តែសម្រាប់កីឡាករអាល្លឺម៉ង់ខាងលើ ហាក់ដូចជាមិនស្ថិតនៅក្នុងកែវភ្នែកពេញចិត្តសម្រាប់ពួកគេប៉ុន្មាននោះទេ។

បញ្ជាក់៖ Arsenal នឹងត្រូវជួប Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ដែលរៀបចំឡើងនៅកីឡដ្ឋានជាតិអង់គ្លេស Wembley នាវេលាម៉ោង ១១ៈ៣០ នាទីយប់ (ម៉ោងនៅកម្ពុជា) ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628