បាល់ទាត់

Bayern ជាក្រុមចុងក្រោយចាប់អារម្មណ៍ខ្ចីជើង Kubo ប្រជែងនឹង ៣ ក្រុមផ្សេងទៀត

ក្លិបជើងឯកលីគកំពូលអាល្លឺម៉ង់ FC Bayern Munich បានក្លាយជាក្លិបចុងក្រោយគេ ត្រូវរាយការណ៍មានការទាក់ទងទៅក្លិបអេស្ប៉ាញ Real Madrid លើការចាប់អារម្មណ៍ខ្ចីជើងកីឡាករជប៉ុនវ័យក្មេង Takefusa Kubo ប្រជែងនឹងក្លិបចំនួន ៣ ផ្សេងទៀត។

យុវជនវ័យ ១៩ ឆ្នាំ នឹងកំពុងតែពេញវ័យកសាងកេរ្តិ៍ឈ្មោះ Takefusa Kubo ត្រូវបានក្លិបជើងឯកលីគកំពូលអេស្ប៉ាញ Real Madrid បានត្រៀមដាក់ឲ្យខ្ចីជើងមួយរដូវកាលទៀត ដើម្បីចាប់ឱកាសបង្ហាញសមត្ថភាពឲ្យកាន់តែខ្លាំងបន្ថែមមុនមកប្រជែងកៅអីនៅក្នុងក្រុម។

អតីតយុវជនថ្នាល់របស់ក្លិបគូប្រជែង FC Barcelona និងក្លិបជប៉ុន FC Tokyo ខាងលើបានចុះកិច្ចសន្យាជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ ប៉ុន្តែក្នុងរដូវកាលដំបូងនេះបានដាក់ឲ្យខ្ចីជើងពេញជាមួយក្លិប RCD Mallorca ។

ក្រោយបង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់ក្នុងទីលានប្រកួត កីឡាករលេងក្នុងតំណែងខ្សែបម្រើស្លាបរូបនេះត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ ជាពិសេសលើលក្ខខណ្ឌខ្ចីជើង ដែលក្លិបដើម Real Madrid កំពុងផ្តល់ឲ្យនេះ ខណៈតាមរបាយការណ៍សរុបក្លិបចំនួន ៣ នៅក្នុងលីគកំពូលអេស្ប៉ាញផ្ទាល់កំពុងប្រទាញគ្នាដណ្តើមយក Takefusa Kubo រួមមាន Villareal CF, Sevilla និង Real Sociedad ។ យ៉ាងណាក្តី! តាមដំណឹងចុងក្រោយបំផុត FC Bayern Munich ក៏បានបញ្ជ្រៀតខ្លួនចូលរួមប្រជែងខ្ចីជើង ព្រមទាំងហ៊ានផ្តល់ប្រាក់ឈ្នួល និងប្រាក់ថ្លៃខ្ចីជើងខ្ពស់ជាងគេផងដែរ ព្រមទាំងមានគោលបំណងខ្ជីជើងកីឡាករខាងលើដល់ទៅ ២ រដូវកាលបន្ទាប់ទៀតផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628