បាល់ទាត់

ផ្លូវការ៖ Alexis Sanchez ផ្ទេរ​ទៅ​លេង​នៅ Inter Milan ជា​អចិន្រ្តៃយ៍ហើយ

ខ្សែ​ប្រយុទ្ធ Manchester United កីឡាករ​ Alexis Sanchez បាន​ផ្ទេរ​ទៅ​លេង​នៅ​ Inter Milan ហើយ​លើ​កុងត្រា​អចិន្រ្តៃយ៍តែ​ម្ដង​ បន្ទាប់​ពី​ផ្ទេរ​ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​អស់​មួយរដូវ​កាល។

តាម​រយៈ​ប្រភពមួយចំនួន​ថា​ Inter ចុះកុងត្រាយក​ Sanchez ក្នុង​លក្ខខ័ណ្ឌ​គ្មាន​តម្លៃ​ខ្លួន​ហើយ​កីឡាករ​យល់​ព្រម​ស៊ីញេកុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយក្លិប​យក្ស​អ៊ីតាលី។ United នឹង​មិន​ទទួល​បានប្រាក់តម្លៃ​ខ្លួន​កីឡាករម្នាក់​នេះ​ ហើយ​ក្លិប​ក៏​នឹងលែង​ចំណាយ​លុយលើ​ប្រាក់​ឈ្នួលសម្រាប់​កីឡាកររូបនេះ​ដែរ។

Alexis បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ឈីលី​លើក​ដំបូង​ដែល​លេង​ឲ្យ United បន្ទាប់​ចាក​ចេញ​ពី​ក្រុមកាំភ្លើងធំ Arsenal កាល​ពី​ខែ​មករាឆ្នាំ​២០១៨​ដែល​កាល​នោះ​ជា​ថ្នូ​ជាមួយ Henrikh Mkhitaryan។ កីឡាករ​វ័យ៣១ឆ្នាំ​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់ក្នុងការ​បង្ហាញខ្លួន៤៥​ប្រកួត​ឲ្យ​បិសាចក្រហម។ កាល​ពី​ព្រឹក​មិញ​ ក្រោយ​ការ​ប្រកួត​ដែល Manchester United ឡើង​ទៅ​វគ្គ​៨​ក្រុមចុង​ក្រោយពាន UEFA Europa League លោក Ole បាន​និយាយ​ថា៖

“​ខ្ញុំ​ជឿ​ថាជាក់​ដូច្នេះ​ដែរ ហើយ​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​គាត់​នឹង​ចាក​ចេញ​ហើយ។ Alexis មាន​ពេល​វេលា​ដ៏​ល្អ​ជាមួយ Inter ពេល​ដែល​គាត់​លេង​ខ្ចី​ជើង​នៅ​ទី​នោះ​។ គាត់​ជាកីឡាករ​ល្អ​ហើយ​យើង​ជូន​ពរ​គាត់​ឲ្យ​មាន​សំណាង​ល្អ​នៅ​ទី​នោះ​ផង​ដែរ”៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628