បាល់ទាត់

King Kazu ចារឈ្មោះក្នុងកំណត់ត្រាពិភពលោកជាកីឡាករប្រកបអាជីព ៥ ទសវត្សរ៍

កីឡាករអាជីពវ័យចាស់ជាងគេបំផុតក្នុងពិភពលោក Kazuyoshi Miura ឬប្រិយមិត្តមួយចំនួនស្គាល់រហស្សនាមថា King Kazu បានកត់ឈ្មោះខ្លួនឯងក្នុងកំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់អាជីពក្នុងពិភពលោក ដោយបានបង្ហាញខ្លួនសរុប ៥ ទសវត្សរិ៍ បន្ទាប់ពីបានបង្ហាញខ្លួនលេងលើទីលានពីម្សិលមិញ។

កីឡាករមានវ័យ ៥៣ ឆ្នាំខាងលើកំពុងប្រកបអាជីពជាមួយក្លិប Yokohama FC សមាជិកក្របខណ្ឌលីគកំពូលជប៉ុនរដូវកាល ២០២០ ខណៈពីម្សិលមិញនេះ បានបង្ហាញខ្លួនលើទីលានលើកដំបូងប្រចាំរដូវកាល ដែលជាការប្រកួតក្នុងជំនួបតទល់នឹងម្ចាស់ផ្ទះ Sagan Tosu ក្នុងពានរង្វាន់ League Cup ពូល C ដោយលទ្ធផលឈ្នះ ១ ទល់ ០ ។

តាមរយៈការបង្ហាញវត្តមាននេះបាននាំឲ្យ Kazuyoshi Miura កាន់កំណត់ត្រាថ្មីក្លាយខ្លួនជាកីឡាករដំបូងគេក្នុងពិភពបាល់ទាត់អាជីព ដែលអាចលេងបានរហូតដល់ ៥ ទសវត្សរិ៍ ពោលចាប់តាំងពីផ្តើមអាជីពក្នុងឈុតតូចទសវត្សរ៍ឆ្នាំ ១៩៨០ រហូតដល់ពេលនេះឆ្នាំ ២០២០ ។

រំលឹកផងថា King Kazu ធ្លាប់បានកាន់កំណត់ត្រា ២ សំខាន់ៗ មកហើយក្នុងប្រវត្តិសាស្ត្របាល់ទាត់អាជីពសាកលដោយរួមមាន ជាកីឡាករអាជីពមានវ័យចាស់ជាងគេបំផុតក្នុងលោក និងជាកីឡាករអាជីពវ័យចាស់ជាងគេបំផុតអាចរកគ្រាប់បាល់បានផងដែរ។

រំលឹកទៅអតីតកាល កីឡាករកើតនៅឆ្នាំ ១៩៦៧ ខាងលើខាងលើបានចាប់ផ្តើមអាជីពដំបូងឈុតធំតាំងពីឆ្នាំ១៩៩០ រហូតមកទល់ពេលនេះ ដោយធ្លាប់លេងនៅលីគកំពូលជប៉ុន លីគកំពូលអ៊ីតាលី លីគកំពូលក្រូអាត និងលីគកំពូលអូស្រ្តាលី។ ក្នុងជម្រើសជាតិជប៉ុនផ្ទាល់ ក៏ធ្លាប់បង្ហាញខ្លួនពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ សរុប ៨៩ លើក និងរកបាន ៥៥គ្រាប់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628