បាល់ទាត់

ផ្លូវការ៖ AS Roma រកបានម្ចាស់ថ្មី ដែលទិញយកក្លិបក្នុងតម្លៃជាង ៧០០ លានដុល្លារ

ជាផ្លូវការសម្រាប់ក្លិបក្របខណ្ឌលីគកំពូលអ៊ីតាលី (Serie A) ពោលគឺ AS Roma បានប្រកាសនៃការផ្ទេរសិទ្ធិគ្រប់គ្រងក្លិបដល់ម្ចាស់ភាគហ៊ុនថ្មី ដែលជាក្រុមហ៊ុនផ្នែកពាណិជ្ជកម្មមកពីសហរដ្ឋអាមេរិក ក្នុងតម្លៃផ្ទេរជាង ៧០០ លានដុល្លារ។

រំលឹកទៅអតីតកាល សម្ព័ន្ធក្រុមហ៊ុនចាស់ AS Roma SPV LLC ដែលបានចូលមកកាន់កាន់ក្លិប AS Roma តាំងពីឆ្នាំ ២០១០ ដោយគ្រាដំបូងជាផ្នែកមួយនៃភាគហ៊ុនក្លិបសរុប។ បន្តរហូតដល់ឆ្នាំ ២០១២ បានទិញយកសិទ្ធិភាគហ៊ុន ៤០% និងរហូតដល់បច្ចុប្បន្នទិញយកសិទ្ធិគ្រប់គ្រងផ្តាច់មុខតែម្តង។

តែក្នុងកំឡុងសម័យកាល COVID-19 បានរុញច្រានឲ្យសម្ព័ន្ធក្រុមហ៊ុននេះបានខាតបង់ជាច្រើន ដោយពុំមានលទ្ធភាពក្នុងការទ្រទ្រង់ក្លិបបន្ត ក៏សម្រេចប្រកាសលក់ និងបានចរចារត្រូវរ៉ូវផ្ទេរសិទ្ធិជាផ្លូវការដល់ក្រុមហ៊ុនសហរដ្ឋអាមេរិក The Friedkin Group ក្នុងតម្លៃផ្តាច់ ៥៩១ លានអឺរ៉ូ ឬស្មើប្រមាណជាង ៧០០ លានដុល្លារ។ គួរឲ្យដឹងផងថាតាមរយៈការវាយតម្លៃពីអ្នកជំនាញ កាលពីឆ្នាំ ២០១៩ ក្លិប AS Roma ទាំងមូលអាចលក់ក្នុងតម្លៃជាង ៨៧០ លានអឺរ៉ូ ឬស្មើប្រមាណជាង ១ ០៣០ លានដុល្លារ ឯណោះ។

ក្រឡេកមកមើលក្រុមហ៊ុនម្ចាស់ក្លិបថ្មី The Friedkin Group គឺជាក្រុមហ៊ុនពាណិជ្ជកម្មផ្តោតពិសេសលើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ ដែលមានទ្រព្យសម្បត្តិសរុបជាង ៤ ពាន់លានដុល្លារ ដោយមានលោក Thomas Daniel Friedkin (រូបខាងលើ) ជាប្រធាន ហើយរូបគាត់នឹងឡើងកាន់តំណែងជាប្រធានក្លិប AS Roma ថ្មីផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628